ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កត្តា​សំខាន់​ៗ​ចំនួន​៣ កំពុង​ទាក់ទាញ​វិនិយោគិន​បរទេស​មក​វិនិយោគ នៅ​កម្ពុជា

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ នៅ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​គេ​សង្កេត​ឃើញ​ថា វិនិយោគិន​បរទេស ជា​ពិសេស​គឺ​មក​ពី​ប្រទេស​ចិន និង​ហុងកុង សម្រុក​បោះទុន​នៅ​ប្រទេស​កម្ពុជា​មាន​ចំនួន​កើន​ឡើងជា​បន្តបន្ទាប់ រាប់​ចាប់ពី​វិស័យ​កាត់ដេរ រហូត​អចលនទ្រព្យ​និង​សំណង់​លំនៅ​ឋាន ។…

រាជធានី​ភ្នំពេញ ៖ នៅ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​គេ​សង្កេត​ឃើញ​ថា វិនិយោគិន​បរទេស ជា​ពិសេស​គឺ​មក​ពី​ប្រទេស​ចិន និង​ហុងកុង សម្រុក​បោះទុន​នៅ​ប្រទេស​កម្ពុជា​មាន​ចំនួន​កើន​ឡើងជា​បន្តបន្ទាប់ រាប់​ចាប់ពី​វិស័យ​កាត់ដេរ រហូត​អចលនទ្រព្យ​និង​សំណង់​លំនៅ​ឋាន ។ តើ​ការ​កើនឡើង​នូវ​ចំនួន​វិនិយោគិន​បរទេស​មក​រកស៊ី​នៅ​កម្ពុជា​មាន​កត្តា​ជំរុញ​សំខាន់​ៗ​អ្វីខ្លះ ?

បើ​តាម​អ្នក​វិនិយោគិន​មក​ពី​ហុងកុង ក៏​ដូច​ជា​អ្នកជំនាញ​ក្នុង​វិស័យ​អចលនទ្រព្យ​កម្ពុជា ឲ្យ​ដឹង​ថា​ប្រទេស​កម្ពុជា​មាន​កត្តា​សំខាន់​ៗ​ចំនួន​៣ ដែល​ជំរុញ​ឱ្យ​អ្នក​វិនិយោគិន​បរទេស សម្រេចចិត្ត​បោះទុន​វិនិយោគ​លើ​ការ​សាងសង់​បុរី​លំនៅ​ឋាន ក៏​ដូច​ជា​ការ​វិនិយោគ​លើ​វិស័យ​អចល​ទ្រព្យ​នៅ​កម្ពុជា​។ លោក Nixon Lee នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន PENTA GLOBAL ដែល​កំពុង​តែ​វិនិយោគ​លើ​គម្រោង​បុរី មួយ​កន្លែង​នៅ​ប្រទេស​កម្ពុជា​មាន​ប្រសាសន៍​ឲ្យ​ដឹង​ថា «​ហេតុផល​ដែល​យើង​ចូល​មក​វិនិយោគ​នៅ​កម្ពុជា​មាន​កត្តា​សំខាន់​ចំនួន​៣៖ ១- យើង​មើលឃើញ​ថា មិន​មាន​ហានិភ័យ​ទៅ​លើ​អត្រា​ប្តូរ​ប្រាក់​ដុល្លារ​ហុងកុង វា​ផ្សារ​ភ្ជាប់​ជាមួយ​ប្រាក់​ដុល្លារ​អា​មេ​រិ​ក ដោយសារ​នៅ​កម្ពុជា​មានការ​ប្រើប្រាស់​ដុល្លារ​អា​មេ​រិ​ក​ទូលំទូលាយ​។ ដូចនេះ​យើង​មិន​មាន​ហានិភ័យ​ទៅ​លើ​អត្រា​ប្តូរ​ប្រាក់​ទេ​។ ២- នៅ​២​ទសវត្សរ៍​ចុង​ក្រោយ​នេះ​កម្ពុជា​មាន​ស្ថិរភាព​នយោបាយ​និង​សេដ្ឋកិច្ច​ល្អ​ប្រសើរ ហើយ​យើង​មានការ​រំពឹង​និង​មានការ​ប៉ាន់​ប្រមាណ​ទុក​ថា សេដ្ឋកិច្ច​កម្ពុជា​បន្ត​មាន​កំណើន​តទៅ​មុខ​ទៀត​។ ដូចនេះ​សម្រាប់​យើង​ក្នុង​នាម​ជា​អ្នក​វិនិយោគ​មាន​អារម្មណ៍​ស្ងប់ចិត្ត​នៅ​ពេល​ឃើញ​សេដ្ឋកិច្ច​កម្ពុជា​បន្ត​មាន​ស្ថិរភាព និង​៣- យើង​មើលឃើញ​យុវវ័យ នៅ​ក្នុង​ប្រទេស​កម្ពុជា​មាន​ចំនួន​ច្រើន​។ មាន​ន័យ​ថា​នៅ​ពេល​ខាង​មុខ យុវវ័យ​នៅ​កម្ពុជា​នឹង​មាន​តម្រូវការ​ផ្ទះ​បែប​ទាន់សម័យ​មាន​ច្រើន ហើយ​វា​ឆ្លើយ​តប​ទៅ​គោលដៅ​របស់​ក្រុមហ៊ុន​ដែល​បាន​កំណត់​ទុក​»​។

បើ​តាម​លោក Nixon Lee ក្រុមហ៊ុន​ជ្រើសរើស​យក​ការ​វិនិយោគ​លើ​ផ្នែក​បុរី (​ផ្ទះ ល្វែង​) នៅ​កម្ពុជា ព្រោះ​គិត​ថា​តម្រូវការ​ក្នុង ស្រុក​មាន​ច្រើន ហើយ​ម្យ៉ាងទៀត​ការ​វិនិយោគ​លើ​ផ្នែក​នេះ​វា​មិនសូវ​មាន​ហានិភ័យ​។ ក្នុង​នោះ​ផង​ដែរ អ្នកជំនាញ​ក្នុង​វិស័យ​អចលនទ្រព្យ​កម្ពុជា យល់​ស្រប​ថា ជា​ទូទៅ​កត្តា​ទាំង​៣​ខាងលើ​នេះ​គឺជា​កត្តា​ចម្បង​សំខាន់​សម្រាប់​អ្នក​វិនិយោគ ក្នុង​ការ​ធ្វើ​សេចក្តី​សម្រេចចិត្ត​ក្នុង​ការ​វិនិយោគ​។
លោក វ៉ា វី​រៈ នាយក​ក្រុមហ៊ុន Century 21 Fortuna Investment មាន​ប្រសាសន៍​ថា​៖ « ចំណុច​ទាំង​៣​ខាងលើ​នេះ វា​គឺជា​កត្តា​សំខាន់​ដែល​អ្នក​វិនិយោគ​តែងតែ​សិក្សា​មុន​នឹង​ធ្វើការ​បោះទុន​វិនិយោគ ។ គេ (​វិនិយោគិន​) ចូល​មក​វិនិយោគ​នៅ​កម្ពុជា​ដោយសារ​គេ​មើលឃើញ​តម្រូវការ​ផ្ទះ ពី​ប្រជាពលរដ្ឋ​ពី​មួយ​ឆ្នាំ​ៗ​មាន​ចំនួន​ច្រើន ស្រប​ទៅ​និង​ចំនួន​យុវជន​បន្ត​មានការ​កើនឡើង​» ។

បើ​តាម​អ្នកជំនាញ​រូប​នេះ​លើក​ឡើង​ថា នៅ​ប៉ុន្មាន​ខែ​ដើមឆ្នាំ​២០១៩ នេះ​ក្នុង​វិស័យ​អចលនទ្រព្យ​កម្ពុជា​មានការ​ប្រែប្រួល​បង្ហាញ​ពី​សញ្ញា​ងើបឡើង​វិញ​បន្តិច បើ​ប្រៀបធៀប​ទៅ​និង​ចុងឆ្នាំ​២០១៨​មាន​ភាព​ស្ងប់ស្ងាត់​។ ជាក់ស្តែង​កម្ពុជា​មាន​កំណើន​ប្រជាសាស្ត្រ ១,៥% មាន​ធនធានមនុស្ស​កាន់តែ​ប្រសើរ មាន​ស្ថិរភាព​ម៉ាក្រូសេដ្ឋកិច្ច មាន​អតិផរណា​ទាប និង​អា​ត្រា​ប្តូរ​ប្រាក់​មាន​ស្ថិរភាព អនុវត្ត​ប្រព័ន្ធ​សេដ្ឋកិច្ច​ទីផ្សារ មានការ​លើកទឹកចិត្ត​ដល់​ការ​វិនិយោគ ដោយ​ច្បាប់ សេវា​រដ្ឋបាល ដែល​បម្រើ​ដល់​ធុរកិច្ច​មាន​ភាព​ងាយស្រួល ជា​ពិសេស​ការ​អនុវត្ត​ប្រព័ន្ធ​ច្រក​ចេញចូល​តែ​មួយ របប​កម្មសិទ្ធិ​ដីធ្លី​មាន​ប្រព័ន្ធ​សុរិយោដី​ចុះបញ្ជី​ច្បាស់លាស់ តាម​គោលការណ៍​នីតិរដ្ឋ ។

នេះ​បើ​យោង​តាម​ប្រសាសន៍ លោក ជា សុ​ផា​រ៉ា ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ថ្លែង​ក្នុង​វេទិកាសាធារណៈ ឯកជន​ស្តី​ពី «​ការ​អភិវឌ្ឍ​នគរូបនីយកម្ម​កម្ពុជា​-​ជប៉ុន​» នៅ​សណ្ឋាគារ​កាំ​បូ​ឌី​យ៉ា​ណា កាល​ថ្ងៃ​ទី ២៧ ខែកុម្ភៈ ថ្មី​ៗ​កន្លង​ទៅ​នេះ ។
លោក​រដ្ឋមន្ត្រី មាន​ប្រសាសន៍​សង្កត់ធ្ងន់​ថា ៖ «​រាជរដ្ឋាភិបាល​កម្ពុជា បាន​ដាក់​ចេញ​នូវ​គោលនយោបាយ​ដ៏​ត្រឹមត្រូវ ក្នុង​ការ​អភិវឌ្ឍ​វិស័យ​ឯកជន​និង​ទាក់ទាញ​ការ​វិនិយោគ និង​បាន​ផ្តល់​ការ​អនុគ្រោះ​យ៉ាងច្រើន​ដល់​វិនិយោគិន​បរទេស ចំពោះ​សិទ្ធិ​លើ​អចលនទ្រព្យ​តាម​ច្បាប់​កម្ពុជា​»៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ