តាមប្រភពពីMetroបានឱ្យដឹងថា បុរសម្នាក់បានទៅពេទ្យធ្វើការវះកាត់យកធ្មេញមួយគ្រាប់ចេញពីក្នុងរន្ធច្រមុះ ក្រោយពីពិបាកដកដង្ហើមអស់រយៈពេល២ឆ្នាំ។ វាគឺជាករណីដ៏កម្រមួយ ដែលសូម្បីតែគ្រូពេទ្យក៏ពិបាកនឹងបរិយាយដែរ។ វេជ្ជបណ្ឌិតនៅប្រទេសដាណឺម៉ាក មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយបានប្រទះករណីរបស់បុរសអាយុ៥៩ឆ្នាំម្នាក់ ដែលមានបញ្ហាស្ទះរន្ធច្រមុះ និងមានខ្ទុះហូរចេញជាប្រចាំជាមួយនឹងការបាត់បង់ញាណក្លិន។
បុរសម្នាក់នោះ ធ្លាប់មានប្រវត្តិប៉ះទង្គិចទៅលើមុខកាលពីនៅក្មេង ដែលបានបាក់ឆ្អឹងថ្គាម និងច្រមុះ។ តែក្រុមគ្រូពេទ្យថា វាគ្មានភ័ស្តុតាងអ្វីមកបញ្ជាក់ថា វាមកពីការប៉ះទង្គិចនោះទេ ។ លោកវេជ្ជបណ្ឌិត Milos Fuglsang បានសរសេរនៅក្នុងរបាយការណ៍នៃការវះកាត់ករណីខាងលើថា៖ «អ្នកជំងឺរបស់យើងប្រហែលជាមានធ្មេញដុះនៅក្នុងរន្ធច្រមុះតាំងពីនៅក្មេងមកម្ល៉េះ។ តែគាត់ទើបតែចាប់ផ្តើមធ្វើទុក្ខ» ។
តាមការធ្វើស៊ីធីស្កេន គ្រូពេទ្យបានសម្រេចចិត្តឆ្លុះអង់ដូស្កុប ដើម្បីធ្វើការវះកាត់នៅក្នុងរន្ធច្រមុះ។ ការវះកាត់បានប្រព្រឹត្តទៅយ៉ាងរលូន និង បានសម្រេចដោយជោគជ័យ ។ គួរបញ្ជាក់ផងដែរថា ករណីបែបនេះ គឺជាករណីកម្របំផុត ដែលគេនៅមិនទាន់ដឹងពីមូលហេតុច្បាស់នៅឡើយ។ តាមការសិក្សាបានឱ្យដឹងថា តាំងពីឆ្នាំ ១៩៥៩ ដល់ ឆ្នាំ ២០០៨ មានត្រឹមតែមនុស្ស២៣នាក់ប៉ុណ្ណោះ ដែលកើតមានករណីនេះ ។
ចែករំលែកព័តមាននេះ