ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មន្ត្រី​ជំរឿន​ចុះ​ប្រមូល​ទិន្នន័យ​របស់​ពលរដ្ឋ​ក្នុង​ខេត្តមណ្ឌលគិរី

5 ឆ្នាំ មុន
  • មណ្ឌលគិរី

ខេត្តមណ្ឌលគិរី ៖ មន្ត្រី​ជំរឿន​ជា​ច្រើន​ក្រុម​នៅ​ខេត្តមណ្ឌលគិរី​បាន​ចុះ​ស្រង់​យក​ព័ត៌មាន​អំពី​ប្រជាពលរដ្ឋ​តាំងពី​វេលា​រំលងអធ្រា​ត្រ​​ឈាន​ចូល​ថ្ងៃ​ទី​៣ មីនា ២០១៩​នេះ ដោយ​ក្រុម​មន្ត្រី​បាន​ចុះ​ប្រមូល​ទិន្នន័យ​របស់​ពលរដ្ឋ​តាម​មន្ទីរពេទ្យ ផ្ទះសំណាក់ សណ្ឋាគារ និង​តាម​ទី​សាធារណៈ​ផ្សេង មន្ត្រី​ជំរឿន​បាន​បន្ត​ចុះ​ដល់​ផ្ទះ​ប្រជាពលរដ្ឋ…

ខេត្តមណ្ឌលគិរី ៖ មន្ត្រី​ជំរឿន​ជា​ច្រើន​ក្រុម​នៅ​ខេត្តមណ្ឌលគិរី​បាន​ចុះ​ស្រង់​យក​ព័ត៌មាន​អំពី​ប្រជាពលរដ្ឋ​តាំងពី​វេលា​រំលងអធ្រា​ត្រ​​ឈាន​ចូល​ថ្ងៃ​ទី​៣ មីនា ២០១៩​នេះ ដោយ​ក្រុម​មន្ត្រី​បាន​ចុះ​ប្រមូល​ទិន្នន័យ​របស់​ពលរដ្ឋ​តាម​មន្ទីរពេទ្យ ផ្ទះសំណាក់ សណ្ឋាគារ និង​តាម​ទី​សាធារណៈ​ផ្សេង មន្ត្រី​ជំរឿន​បាន​បន្ត​ចុះ​ដល់​ផ្ទះ​ប្រជាពលរដ្ឋ ដើម្បី​សួរ​ចំនួន​សមាជិកគ្រួសារ និង​លម្អិត​អំពី​ជីវភាព​រស់នៅ​របស់​ពួក​គាត់ ។

​ប្រធាន​មន្ទីរ​ផែនការ និង​ជា​មន្ត្រី​ជំរឿន​ខេត្តមណ្ឌលគិរី លោក ហ៊ុន វណ្ណ​រ៉ា បាន​ឲ្យ​ដឹង​ថា ការ​ធ្វើ​ជំរឿន​នេះ ប្រជាពលរដ្ឋ​ពុំ​ចាំបាច់​មាន​ឯកសារ​អ្វី​ភ្ជាប់​ឲ្យ​មន្ត្រី​ជំរឿន​នោះ​ទេ ដោយ​គ្រាន់តែ​សហការ​ផ្ដល់​សម្ភាសន៍​ផ្ទាល់មាត់​ជាមួយ​មន្ត្រី​គឺ​គ្រប់គ្រាន់​ហើយ ។ លោក​បន្ថែម​ថា ការ​ធ្វើ​ជំរឿន​បាន​ផ្ដល់​អត្ថប្រយោជន៍​ល្អ​ខ្លាំង​ណាស់​សម្រាប់​ប្រជាជន និង​សង្គម​ជាតិ ព្រោះ​ទិន្នន័យ​និង​ព័ត៌មាន​ដែល​ទទួល​បាន​ពី​ប្រជាជន​តាម​មូលដ្ឋាន​ជាក់ស្ដែង រាជរដ្ឋាភិបាល​នឹង​យក​ទៅ​ធ្វើ​គោលនយោបាយ​រៀបចំ​ផែនការ​យុទ្ធសាស្ត្រ​ឲ្យ​ស្រប​ទៅ​តាម​កំណើន​របស់​ប្រជាជន ព្រមទាំង​តម្រូវ​តាម​អ្វី​ដែល​ប្រជាជន​ត្រូវការ​ចាំបាច់​នោះ ។

លោក ហ៊ុន វណ្ណ​រ៉ា បន្ត​ថា ផ្អែក​តាម​តួលេខ​ជំរឿន​លើក​ទី​២ នៅ​ឆ្នាំ​២០០៨ សម្រាប់​ខេត្តមណ្ឌលគិរី មាន​ប្រជាជន​ជាង​១​ម៉ឺន​គ្រួសារ​រស់នៅ ស្មើនឹង​ជាង​៦​ម៉ឺន​នាក់ ហើយ​ផ្អែក​តាម​ស្ថានភាព​ជាក់ស្ដែង​បច្ចុប្បន្ន​ប្រជាជន​នៅ​ខេត្តមណ្ឌលគិរី ប្រហែល​អាច​មាន​កំណើន​ច្រើន និង​ស្ថិត​ក្នុង​រង្វង់​ជិត​១០​ម៉ឺន​នាក់ ។ លោក​ក៏​សូម​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ក្នុង​ខេត្តមណ្ឌលគិរី សូម​ផ្ដល់​ការ​សហការ​ជាមួយ​មន្ត្រី​ជំរឿន ដើម្បី​ឲ្យ​ការ​ធ្វើ​ជំរឿន​ទទួល​បាន​លទ្ធផល​ល្អ​ប្រសើរ ។

​សូម​បញ្ជាក់​ថា គ្រប់​បណ្ដា​ក្រុង​-​ស្រុក​ទាំង​៥​របស់​ខេត្តមណ្ឌលគិរី មន្ត្រី​ជំរឿន​បាន​ចុះ​ស្រង់​ព័ត៌មាន​បឋម និង​បិទ​សម្គាល់​លេខ​រៀង​ផ្ទះ​ប្រជាពលរដ្ឋ​រួច​ហើយ ប៉ុន្តែ​ការ​ធ្វើ​ជំរឿន​លក្ខណៈ​ផ្លូវការ​លើក​ទី​៣​នេះ គឺ​ធ្វើ​ចាប់ពី​ថ្ងៃ​ទី​៣ មីនា រហូត​ដល់​ថ្ងៃ​ទី​១៣ មីនា ២០១៩ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ