ការ​ពុះ​ដី​ឡូត៍​លក់​តាម​បណ្ដា​ខេត្ត​សក្ដានុពល​កំពុង​តែ​ផុសផុល


រាជធានី​ភ្នំពេញ ៖ សកម្មភាព​ពុះ​ដី​ឡូត៍ និង​ទីផ្សារ​មួយ​នេះ​កំពុង​តែ​ផុសផុល​យ៉ាង​ខ្លាំង និង​កំពុង​រីក​រាលដាល​ដល់​ខេត្ត​សក្ដានុពល​សេដ្ឋកិច្ច​មួយ​ចំនួន ពិសេស ខេត្តកណ្ដាល ត្បូងឃ្មុំ ព្រះ​សីហ​នុ បន្ទាយ​មាន​ជ័យ សៀមរាប ស្វាយ​រៀង និង​ខេត្តកំពង់ធំ​ជាដើម ។ បើ​តាម​ភ្នាក់ងារ​លក់​ដី​ឡូត៍​បាន​និយាយ​ថា សកម្មភាព​ពុះ​ដី​ឡូត៍​បាន​ចាប់ផ្ដើម​រីក​រាលដាល​ចេញពី​ជាយ​ទីក្រុង​ភ្នំពេញ រហូត​ដល់​បណ្ដា​ខេត្ត​មួយ​ចំនួន ខណៈ​ដែល​វិស័យ​នេះ​កំពុង​រីក​ចម្រើន ដោយសារ​តែ​ការ​កើនឡើង​នៃ​ប្រជាសាស្ត្រ ប្រាក់​ចំណូល​ប្រជាពលរដ្ឋ និង​សេដ្ឋកិច្ចជាតិ​រក្សា​បាន​កំណើន​រឹង​មាំ ។

លោក បែន ច​ន្ថើ​ន ភ្នា​ក់​លក់​ដី​ឡូត៍​ឲ្យ​ក្រុមហ៊ុន​មួយ​នៅ​ខេត្តកំពត បានឱ្យ​ដឹង​ថា បច្ចុប្បន្ន​នេះ ការ​ស្វែងរក​ដី​សម្រាប់​ពុះ​ជា​ឡូត៍​លក់​នៅ​ជាយ​រាជធានី​ភ្នំពេញ​ស្ទើរតែ​លែង​មាន​ទៅ​ហើយ ព្រោះ​ដី​ឡើងថ្លៃ ហើយ​មាន​អ្នក​វិនិយោគ​បរទេស​មក​ទិញ​សម្រាប់​សាងសង់​រោងចក្រ​ឧស្សាហកម្ម​ច្រើន ។ ដូច្នេះ​ហើយ ការ​ទិញ​ដី​មក​ពុះ​ជា​ឡូត៍​លក់​នៅ​ជាយ​ទីក្រុង​ភ្នំពេញ​ថមថយ​វិញ តែ​វិស័យ​នេះ​កំពុង​មាន​សន្ទុះ​នៅ​តាម​បណ្ដា​ផ្លូវជាតិ​សំខាន់​ៗ និង​បណ្ដា​ខេត្ត​ដែល​មាន​ចរន្ដ​សេដ្ឋកិច្ច ដូច​ជា នៅ​ខេត្ត​ព្រះ​សីហ​នុ ខេត្តកំពត ក្រុង​បា​វិត​ខេត្តស្វាយរៀង និង​ក្រុង​ប៉ោយ​ប៉ែ​ត​ខេត្ត​បណ្ដា​យ​មាន​ជ័យ​ជាដើម ។ លោក​ថា ៖« ការ​កើនឡើង​នៃ​ការ​ពុះ​ដី​ឡូត៍​នៅ​តាម​បណ្តា​ខេត្ត​នេះ ដោយសារ​អ្នក​វិនិយោគ​ខាងក្នុង​និង​ខាងក្រៅ​មើលឃើញ​ឱកាស ខណៈ​ទីផ្សារ​មួយ​នេះ​កំពុង​ដំណើរការ​ល្អ »​។

លោក​បញ្ជាក់​ថា ៖« មក​ដល់​ដើមឆ្នាំ​២០១៩​នេះ បើ​នៅ​ខេត្តកំពត ការ​ពុះ​ដី​ឡូត៍​លក់​មានការ​កើនឡើង ពី​មុន​មាន​តែ​ពីរ​ឬ​បី​ក្រុមហ៊ុន​ទេ តែ​សព្វ​ថ្ងៃនេះ​មាន​ជាង​១០​ក្រុមហ៊ុន​ឈរ​ពុះ​ដី​ឡូត៍​លក់​ទ្វេ​ដង »​។ ស្រ​ដៀង​គ្នា​នេះ​ដែរ លោក ណៃ គា អ្នក​ផ្តល់​សេវា​លក់​ដី​ឡូត៍ បានឱ្យ​ដឹង​ដែរ​ថា សកម្មភាព​ពុះ​ដី​ឡូត៍​លក់​នេះ គឺ​មាន​សន្ទុះ​ខ្លាំង​ចាប់ពី​ចុងឆ្នាំ​២០១៨​មក ហើយ​ឃើញ​ថា បច្ចុប្បន្ន​នៅ​ច្រើន​ដដែល ប៉ុន្តែ​នៅ​ក្រុងភ្នំពេញ​មួយ​រយៈ​ចុង​ក្រោយ​នេះ​ថមថយ​បន្ដិច ដោយសារ​តែ​តម្លៃ​ដី​ឡើង​ខ្លាំង​ពេក ។ លោក​បន្ត​ថា ៖« សកម្មភាព​ពុះ​ដី​ឡូត៍​បើ​នៅ​តាម​បណ្តា​ខេត្ត ឃើញ​មាន​ដូច​ជា​នៅ​ខេត្តកំពត​, សៀមរាប ត្បូងឃ្មុំ ស្វាយ​រៀង កំពុង​មានការ​កើនឡើង​ច្រើន ដោយសារ​កត្តា​កំណើន​ប្រជាសាស្ត្រ កត្តា​សេដ្ឋកិច្ចជាតិ និង​ប្រាក់​ចំណូល​របស់​ប្រជាពលរដ្ឋ​កើនឡើង »៕

Facebook Google Twitter Email

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ