ទំហំ​នៃ​ការ​វិនិយោគ ផ្ទាល់​ពី​ប្រទេស​ចិន ឈរ​នៅ​លំដាប់​ធំ ជាងគេ​នៅ​កម្ពុជា


រាជធានី​ភ្នំពេញ ៖ ទីប្រឹក្សា​សេដ្ឋកិច្ច​និង​ពាណិជ្ជកម្ម នៃ​ស្ថានទូត​ចិន​ប្រចាំ​នៅ​កម្ពុជា​បាន​អះអាង​ថា ការ​វិនិយោគ​ផ្ទាល់​ពី​ប្រទេស​ចិន បាន​ចូលរួម​យ៉ាង​សំខាន់​ចំពោះ​កំណើនសេដ្ឋកិច្ច​កម្ពុជា បើ​គិត​ចាប់ពី​ឆ្នាំ​១៩៩៤ មក​ទល់​នឹង​បច្ចុប្បន្ន​ទំហំ​នៃ​ការ​វិនិយោគ​ផ្ទាល់​របស់​ប្រទេស​ចិន​គឺ​ឈរ​នៅ​លំដាប់​លើ​គេ ក្នុង​ចំណោម​ការ​វិនិយោគ​ផ្ទាល់​ពី​បរទេស​។

ទីប្រឹក្សា​សេដ្ឋកិច្ច​និង​ពាណិជ្ជកម្ម របស់​ស្ថានទូត​សាធារណៈរដ្ឋ​ប្រជាមានិត​ចិន​ប្រចាំ​នៅ​កម្ពុជា លោក​លី អាន បាន​មាន​ប្រសាសន៍​ឲ្យ​ដឹង​ក្នុង​វេទិកា​ពន្ធដារ​កម្ពុជា​-​ចិន ២០១៩ កាលពី​ថ្ងៃ​ទី​២៧ ខែកុម្ភៈ ឆ្នាំ​២០១៩​កន្លង​មក​ថា វេទិកា​នេះ​មាន​សារៈសំខាន់​យ៉ាង​ខ្លាំង ស្រប​ពេល​ដែល​ការ​វិនិយោគ​ផ្ទាល់​ពី​ប្រទេស​ចិន បាន​ចូលរួម​យ៉ាង​សំខាន់ ចំពោះ​កំណើនសេដ្ឋកិច្ច​កម្ពុជា ព្រោះ​បើ​គិត​ចាប់ពី​ឆ្នាំ​១៩៩៤ មក​ទល់​នឹង​បច្ចុប្បន្ន​ទំហំ​នៃ​ការ​វិនិយោគ​ផ្ទាល់​របស់​ប្រទេស​ចិន​គឺ​ឈរ​នៅ​លំដាប់​លើ​គេ ក្នុង​ចំណោម​ការ​វិនិយោគ​ផ្ទាល់​ពី​បរទេស​។
យោង​តាម​របាយការណ៍​របស់​រដ្ឋាភិបាល​បាន​ឲ្យ​ដឹង​ថា ទុន​វិនិយោគ​ចិន​នៅ​កម្ពុជា​មាន​ទំហំ​ទឹកប្រាក់​៦៨០០​លាន​ដុល្លារ​អា​មេ​រិ​ក កាលពី​ឆ្នាំ​២០១៨ ហើយ​ចិន​បាន​វិនិយោគ​លើ​វិស័យ​សំខាន់​ៗ​ជា​ច្រើន​នៅ​កម្ពុជា ដូច​ជា វិស័យ​សំណង់ និង​អចលនទ្រព្យ វិស័យ​ថាមពល វិស័យ​គមនាគមន៍ វិស័យ​ទេសចរណ៍ និង​វិស័យ​ពាណិជ្ជកម្ម​ជាដើម​។

ប្រតិភូ​រាជរដ្ឋាភិបាល ទទួល​បន្ទុក​ជា​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ពន្ធដារ​លោក គង់ វិបុល​បាន​បញ្ជាក់​ឲ្យ​ដឹងផង​ដែរ​ថា រាជ រដ្ឋាភិបាល​បាន​ដាក់​ចេញ​នូវ​វិធានការ​ដ៏​មុត​ស្រួច​មួយ​ចំនួន​ក្នុង​នីតិកាល​ទី ៦ នៃ​រដ្ឋសភា ដើម្បី​ជួយ​លើកកម្ពស់​ភាព​ប្រកួតប្រជែង និង​ការ​កែ​លម្អ​បរិយាកាស​ធុរកិច្ច មាន​ជា​អាទិ៍​មាន​ដូច​ជា កាត់​បន្ថយថ្លៃ​អគ្គិសនី​ចាប់ពី​ឆ្នាំ​២០១៩​សម្រាប់​អ្នក​ប្រើប្រាស់ ការ​បញ្ចប់​តួនាទី​អចិន្ត្រៃយ៍​របស់​អគ្គនាយកដ្ឋាន​កាំកុងត្រូល និង​កំពង់​ផែ លុប​ចោល​អង្គភាព​កម្ពុជា​ភ្នាក់ងារ​នាវាចរ (​កាំសាប​) ការ​កែសម្រួល​ការ​ផ្តល់​សេវា​សាធារណៈ​របស់​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា និង​ការ​រៀបចំ​ការ​ធ្វើ​វិសោធនកម្ម​ច្បាប់​ស្តី​ពី​ការ​វិនិយោគ​និង​ច្បាប់​ស្តី​ពី តំបន់​សេដ្ឋកិច្ច​ពិសេស ព្រមទាំង​វិធានការ​នានា​ជា​ច្រើន​ទៀត​។

លោក​បន្ត​ថា “​អគ្គនាយកដ្ឋាន​ពន្ធដារ ចង់​ឃើញ​សហគ្រាស​ចិន​ទាំងឡាយ ដែល​បាន​មក​វិនិយោគ​នៅ​កម្ពុជា​រីក​ចម្រើន លូតលាស់ ធំធាត់ មាន​ប្រាក់​ចំណេញ និង​ប្រកា​សមាន​ប្រាក់​ចំណេញ​បង់​ជូន​រដ្ឋ និង​ពិតជា​មិន​ចង់​ឃើញ​សហគ្រាស​ប្រកាស​ខាត បង់ពន្ធ​ខ្វះ មាន​បញ្ជី​គណនេយ្យ​២​ឬ​៣​នោះ​ទេ​”​។​លោក​បន្ត​ថា “​យើង​រំពឹង​ថា​នឹង​មិន​មានការ​កិបកេង​បន្លំ​ពន្ធ ហើយ​រង​ការ​កំណត់​ពន្ធ​ឡើង​វិញ ទទួល​រង​ពិន័យ ទោសទណ្ឌ ព្រមទាំង​ការ​ប្រាក់​នោះ​ទេ​។ បន្ថែម​ពីលើ​នេះ​ចាប់ពី​ខែមករា ឆ្នាំ​២០១៩​តទៅ ក្រុមហ៊ុន​សហគ្រាស​ចិន នឹង​ទទួល​បាន​នូវ​អត្ថប្រយោជន៍ ផ្នែក​ពន្ធដារ​បន្ថែម​ទៀត តាម​រយៈ​ការ​អនុវត្ត​កិច្ចព្រមព្រៀង នៃ​ការ​ចៀសវាង​ការ​យកពន្ធ​ត្រួត​គ្នា (DTA) កម្ពុជា​- ចិន​”៕

Facebook Google Twitter Email

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ