ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

១០​ឆ្នាំ​ចុង​ក្រោយ កម្ពុជា​ទទួល​បាន​ទុន​វិនិយោគ​វិស័យ​សំណង់​ជាង​៤៣​ប៊ី​លាន​ដុល្លារ​អា​មេ​រិ​ក

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រោយ​វិបត្តិ​សេដ្ឋកិច្ច និង​អចលនទ្រព្យ​នៅ​អំឡុង​ឆ្នាំ ២០០៨ កន្លង​ទៅ វិស័យ​ដីធ្លី​អចលនទ្រព្យ និង​សំណង់​ក្នុង​ប្រទេស​កម្ពុជា បាន​ងើបឡើង​វិញ ដែល​ធ្វើ​អោយ​វិស័យ​នេះ​ដើរតួ​នាទី​សំខាន់​ក្នុង​ការ​ជំរុញ​កំណើន​សេដ្ឋកិច្ចជាតិ…

រាជធានី​ភ្នំពេញ ៖ ក្រោយ​វិបត្តិ​សេដ្ឋកិច្ច និង​អចលនទ្រព្យ​នៅ​អំឡុង​ឆ្នាំ ២០០៨ កន្លង​ទៅ វិស័យ​ដីធ្លី​អចលនទ្រព្យ និង​សំណង់​ក្នុង​ប្រទេស​កម្ពុជា បាន​ងើបឡើង​វិញ ដែល​ធ្វើ​អោយ​វិស័យ​នេះ​ដើរតួ​នាទី​សំខាន់​ក្នុង​ការ​ជំរុញ​កំណើន​សេដ្ឋកិច្ចជាតិ ជាក់ស្ដែង​ក្នុង​រយៈពេល​១០​ឆ្នាំ​ចុង​ក្រោយ​នេះ កម្ពុជា​ទទួល​បាន​ទុន​វិនិយោគ​ពី​វិស័យ​សំណង់​ប្រមាណ​ជាង ៤៣​ប៊ី​លាន​ដុល្លារ​សហរដ្ឋអាមេរិក ។

យោង​តាម​ប្រសាសន៍​លោក ជា សុ​ផា​រ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ នៅ​ឯ​វេទិកាសាធារណៈ​ឯកជន​លើក​ទី ១ ស្តី​ពី​ការ​អភិវឌ្ឍ​នគរូបនីយកម្ម​កម្ពុជា​-​ជប៉ុន​នៅ​ភ្នំពេញកាលពី​ពេល​ថ្មី​ៗ​នេះ បាន​ឲ្យ​ដឹង​ថា ការ​អភិវឌ្ឍ​វិស័យ​នគរូបនីយកម្ម កំពុង​មាន​កំណើន​ក្នុង​សន្ទុះ​ដ៏​លឿន ដែល​អាច​មើលឃើញ​ពី​តម្រូវការ​វិនិយោគ​ជា​ច្រើន មាន​ដូច​ជា ការ​អភិវឌ្ឍ​សំណង់​លំនៅ​ឋាន សំណង់​ពាណិជ្ជកម្ម សំណង់​សេវាកម្ម សំណង់​ឧស្សាហកម្ម សំណង់​ហេដ្ឋារចនាសម្ព័ន្ធ​រូប​វ័​ន្ត និង​បរិស្ថាន សេដ្ឋកិច្ច សង្គម ពិសេស​ការ​អភិវឌ្ឍ​លំនៅ​ឋាន​តម្លៃ​សមរម្យ បណ្ដាញ​ផ្លូវ ការ​ផ្គត់ផ្គង់​ទឹក​ស្អាត អគ្គិសនី ប្រព័ន្ធ​លូ និង​ប្រព័ន្ធ​ការពារ​ទឹកជំនន់ ស្ថានីយ​ប្រព្រឹត្ត​កម្ម​ទឹក​កខ្វក់ ការ​គ្រប់គ្រង​សំណង់​រឹង​និង​រាវ​លំហ​សាធារណៈ និង​ផ្ទៃ​បៃតង បរិក្ខារ​ទីក្រុង​ដែល​សុទ្ធសឹងតែ​ជា​ដំណោះស្រាយ​ដ៏​មាន​ប្រសិទ្ធភាព​សម្រាប់​គោលដៅ អភិវឌ្ឍន៍ ប្រកបដោយ​ចីរភាព មាន​បរិ​យា​ប័ន្ន មាន​ភាព​ធន់​និង​មាន​ភាព​ប្រកួតប្រជែង ឆ្ពោះទៅ​សម្រេច​ចក្ខុវិស័យ​កម្ពុជា​ឆ្នាំ ២០៣០ ក្លាយជា​ប្រទេស​មាន​ប្រាក់​ចំណូល​មធ្យម​កម្រិត​ខ្ពស់ និង​ប្រទេស ​មាន​ប្រាក់​ចំណូល​ខ្ពស់​នៅ​ឆ្នាំ ២០៥០ ។

លោក ថ្លែង​បន្ត​ថា ជា​ផ្លែផ្កា​នៃ​វិស័យ​រូប​នី​យ​កម្មនេះ​ដែរ ការ​អភិវឌ្ឍ​អចលនទ្រព្យ និង​សំណង់ បាន​ក្លាយជា​សរសរ​ស្ដម្ភ​ស្នូល ដែល​ជំរុញ​កំណើនសេដ្ឋកិច្ច​កម្ពុជា ។ លោក​រដ្ឋមន្ត្រី ជា សុ​ផា​រ៉ា បញ្ជាក់​ថា ៖ « ជាក់ស្ដែង​ទុន​វិនិយោគ​ក្នុង​វិស័យ​សំណង់​ក្នុង​រយៈពេល​១០​ឆ្នាំ ចាប់ពី​ឆ្នាំ ២០១០​ដល់​ឆ្នាំ ២០១៩​នេះ មាន​ប្រមាណ ៤៣.៨៩៦​លាន​ដុល្លារ​អា​មេ​រិ​ក ហើយ​នៅ​ក្នុង​ខែមករា ឆ្នាំ ២០១៩ ទុន​វិនិយោគ​ក្នុង​វិស័យ​នេះ​ដែរ ក៏​មាន​ប្រមាណ​៨២៩​លាន​ដុល្លារ​អា​មេ​រិ​ក​ដែរ ពោល​បាន​កើនឡើង​១៧៨​ភាគរយ ធៀប​នឹង​រយៈពេល​ដូច​គ្នា​នៅ​ឆ្នាំ ២០១៨ » ។ លោក​បន្ថែម​ថា ដោយឡែក​ក្រុមហ៊ុន​សាងសង់​និង​ក្រុមហ៊ុន​សិក្សា​គម្រោង​ប្លង់​ដែល​មាន​អាជ្ញា​បណ្ណ​មាន​ចំនួន ២.៣០៧​ក្រុមហ៊ុន មាន​ស្ថាបត្យករ ប្រមាណ​ជាង​២.៥០០​នាក់ និង​មាន​វិស្វករ​ប្រមាណ​ជាង​៣​ម៉ឺន​នាក់​។ ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម​និង​សំណង់ កម្ពុជា បាន​និង​កំពុង​សហការ​ជាមួយ​ក្រសួង​ដីធ្លី ហេ​ដ្ឋា រចនាសម្ព័ន្ធ​ដឹក​ជញ្ជូន និង​ទេសចរណ៍​ជប៉ុន ក្នុង​ការ​រៀបចំ​ច្បាប់​ស្ដី​ពី​សំណង់ និង​បទដ្ឋាន​គតិយុត្តិ​ផ្សេង​ទៀត ធ្វើ​អោយ​វិស័យ​សំណង់​នៅ​កម្ពុជា​កាន់តែ​ប្រសើរ ។

បើ​តាម​លោក ឡៅ ទិព្វ​សីហា រដ្ឋ​លេខា ធិ​ការ​ក្រសួង​ដដែល​នេះ​បាន​លើក​ឡើង​ផង​ដែរ​ថា ក្នុង​រយៈពេល​ចុង​ក្រោយ​នេះ វិស័យ​សំណង់​បាន​បែកខ្ញែក​ទៅ​កាន់​តំបន់​ផ្សេង​ៗ​ទៀត​ក្រៅពី​រាជធានី​ភ្នំពេញ ដូច​ជា​ខេត្ត​ព្រះ​សីហ​នុ និង​ខេត្តសៀមរាប តែ​យ៉ាងណា​ក៏​ដោយ រាជធានី​ភ្នំពេញ​នៅ​តែ​មាន​សក្ដានុពល​ខ្ពស់ ក្នុង​ការ​វិនិយោគ​វិស័យ​សំណង់​សម្រាប់​វិនិយោគិន​បរទេស និង​ក្នុងស្រុក ។ លោក ឡៅ ទិព្វ​សីហា មាន​ប្រសាសន៍​ថា​៖ « គេ​មើលឃើញ​ថា សំណង់​អគារ​ខ្ពស់​ៗ បាន​ងាក​ទៅ​កាន់​ប៉ូ​ល​នៃ​ខេត្ត​ព្រះ​សីហ​នុ ក្នុង​នោះ​អគារ​ខុន​ដូ សណ្ឋាគារ ក៏​បាន​និង​កំពុង​រីក​លូតលាស់​ជា​បន្តបន្ទាប់​ផង​ដែរ នៅ​តំបន់​នោះ ដើម្បី​បម្រើ​អោយ​សេចក្តី​ត្រូវការ ខណៈ​ខេត្ត​ព្រះ​សីហ​នុ ជា​ខេត្ត​គោលដៅ​ទេសចរណ៍​មួយ​ដ៏​សំខាន់​សម្រាប់​ទាក់ទាញ​ភ្ញៀវ​បរទេស និង​ក្នុងស្រុក » ។

គួរ​បញ្ជាក់​ផង​ដែរ​ថា កម្ពុជា​ត្រូវ​បាន​គេ​ប្រៀបធៀប​បីដូច កូនក្រមុំ​មួយ​ដ៏​ស្រស់​ស្អាត​នៅ​ក្នុង​តំបន់ និង​កំពុង​មានការ​ទាញ​ទា​ញក​ម្លោះ​វិនិយោគិន​នានា​ពី​គ្រប់​តំបន់ ក្នុង​នោះ​ដែរ កម្ពុជា​មាន​អំណោយផល​ធម្មជាតិ​ល្អ មាន​សណ្ឋាន​ដី​រឹង​មាំ​សម្រាប់​សាងសង់​អគារ​ខ្ពស់​ៗ ជា​ពិសេស​នោះ កម្ពុជា​ស្ថិត​នៅ​ចំនុចកណ្ដាល​នៃ​តំបន់​អាស៊ាន និង​ងាយស្រួល​ធ្វើ​ចេញចូល​ទៅ​កាន់​ប្រទេស​ដទៃ​ទៀត ក្នុង​តំបន់​អាស៊ាន ដែល​មាន​ទាំង​ផ្លូវគោក ផ្លូវដែក ផ្លូវទឹក និង​ផ្លូវអាកាស ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ