រាជធានីភ្នំពេញ ៖ បុរសម្នាក់ស្រវឹងស្រាជោគជាំ បើករថយន្តមួយគ្រឿងយ៉ាងលឿនអត់បានប្រយ័ត្នជិះបញ្ច្រាសទិសដៅចរាចរណ៍ទៅបុកម៉ូតូកង់បីចំពីមុខពេញទំហឹង បណ្តាលអោយស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុម្នាក់របួសធ្ងន់២នាក់ ត្រូវរថយន្តសង្គ្រោះដឹកយកទៅព្យាបាលស្លាប់ទាំង២នាក់ ហេតុការណ៍នេះបានកើតឡើង កាលពីវេលាម៉ោង៣និង១០នាទីទាបភ្លឺ ថ្ងៃទី២ ខែមីនា ឆ្នាំ២០១៩ តាមបណ្តោយផ្លូវ១៨៤កែងផ្លូវព្រះស៊ីសុវត្ថិ នៅចំណុចក្បែរនឹងព្រះអង្គដង្ការ ស្ថិតនៅក្នុងសង្កាត់ជ័យជំនះ ខណ្ឌដូនពេញ ។
អ្នកបើកម៉ូតូកង់បីដែលស្លាប់មានឈ្មោះ ហ៊ែល វណ្ណៈ ភេទប្រុស អាយុ៣០ឆ្នាំ ស្នាក់នៅ សង្កាត់សុខដុម ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគីរី មានស្រុកកំណើតនៅឃុំមេសរជ្រៃ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ។
សាក្សីដែលឃើញហេតុការណ៍បានអោយដឹងថា មុនពេលកើតហេតុគេបានឃើញបុរសម្នាក់ជាអ្នករត់ម៉ូតូកង់បី នៅផ្លូវ១៣៦ ខណៈពេលដែលកើតហេតុ ម្ចាស់ម៉ូតូកង់បីដឹកភ្ញៀវបរទេស២នាក់ធ្វើដំណើរមកតាមបណ្តោយផ្លវ១៨៤ ក្នុងទិសដៅពីលិចទៅកើត គោលបំណងបត់ឆ្វេងទៅផ្លូវព្រះស៊ីសុវត្ថិ ក៏ស្រាប់តែមានរថយន្តបង្កមួយគ្រឿងម៉ាកឡិចស៊ីស RX330 ពណ៌ខ្មៅ ពាក់ស្លាកលេខ 2AX- 5853 បើកបរតាមបណ្តោយផ្លូវព្រះស៊ីសុវត្ថិ ក្នុងទិសដៅពីត្បូងទៅជើងស្រវឹងស្រាជោគជាំ បើកក្នុងល្បឿនយ៉ាងលឿនបត់បញ្ច្រាសទិសដៅទៅបុកម៉ូតូកង់បីចំពីមុខពេញទំហឹងអូសជាង១០០ម៉ែត្រ បណ្តាលអោយរថយន្តខ្ទេចអស់មួយកំណាត់ខាងមុខ និងផ្ទុះពោងទាំងសងខាង និងបុកម៉ូតូគុបជ្រុងមួយគ្រឿងចតតាមចិញ្ចើមផ្លូវ រីឯម៉ូតូកង់បីខូចខាតស្ទើរទាំងស្រុងនឹងស្លាប់ជនជាតិបរទេសម្នាក់ ចំនែកឯ២នាក់ទៀតត្រូវបានរថយន្តសង្គ្រោះរបស់គ្លីនិកឯកជនហុងហាក់ដឹកយកទៅព្យាបាលនៅមន្ទីរពេទ្យកាលម៉ែត្រ ដោយសារតែជនរងគ្រោះធ្ងន់ធ្ងរពេក ខណៈពេលដល់មន្ទីរពេទ្យជនជាតិបរទេសម្នាក់បានស្លាប់ និងម្ចាស់ម៉ូតូកង់បីក៏បានស្លាប់បន្តបន្ទាប់គ្នា ។
ដោយឡែកម្ចាស់រថយន្តបង្កត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួនយកទៅប៉ុស្តិ៍ជ័យជំនះរង់ចាំខាងជំនាញចរាចរណ៍ផ្លូវគោកមកយកទៅឃុំខ្លួនជាបណ្តោះអាសន្ន ។ ក្រោយពេលកើតហេតុរថយន្តបង្ករួមនឹងម៉ូតូរងគ្រោះត្រូវបានសមត្ថកិច្ចធ្វើការវាស់វែងស្ទូចយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវរង់ចាំដោះស្រាយនៅពេលក្រោយទៀត ចំនែកឯសពវិញជនរងគ្រោះជនជាតិបរទេសវិញត្រូវបានសមត្ថកិច្ចយកទៅរក្សាទុកនៅមន្ទីរពេទ្យកាល់ម៉ែត្រជាបណ្តោះអាសន្ន ៕
ចែករំលែកព័តមាននេះ