ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កីឡាករ​ប្រភេទ​ទម្ងន់​៥៤​គីឡូក្រាម ត្រូវ​ប្រកាស​ឱ្យ​ដណ្ដើម​ជើងឯក​រដូវ​កាល​ថ្មី

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រោយ​បញ្ចប់​ការ​ប្រកួត ព្រឹត្តិការណ៍ TV5 BOXING KNOCK OUT By K-CEMENT…

រាជធានី​ភ្នំពេញ ៖ ក្រោយ​បញ្ចប់​ការ​ប្រកួត ព្រឹត្តិការណ៍ TV5 BOXING KNOCK OUT By K-CEMENT បាន​ប្រកាស​ឱ្យ​ដឹង​រដូវ​កាល​ថ្មី​ហើយ ដោយ​កំណត់​ឱ្យ​កីឡាករ​ក្នុង​ប្រភេទ​ម្ង​ន់​ស្រាល ៥៤​គីឡូក្រាម​ចំនួន​៣២​រូប ប្រកួត​គ្នា​ជ្រើសរើស​ជើងឯក​។ យ៉ាងណាមិញ​នៅ​ក្នុង​ថ្ងៃ​នោះ ប៉ុស្តិ៍​លេខ​៥​បង្ហាញ​សមាសភាព​កីឡាករ​តែ​៤​រូប​ប៉ុណ្ណោះ ដើម្បី​ឱ្យ​ប្រកួត​គ្នា​ក្រោយ​ពេល​បង្ហាញខ្លួន​តែ​ម្ដង​។

លោក សេង ក​ដិ​កា អ្នក​រៀបចំ​ការ​ប្រកួត បាន​ថ្លែង​បញ្ជាក់​ក្នុង​ពិធី​សន្និសីទកាសែត​កាលពី​ថ្ងៃ​ទី​២ មីនា​ថា ការ​ប្រកួត​រដូវ​កាល​នេះ លោក​សម្រេចចិត្ត​ជម្រើស​យក​សមាសភាព​ស្ថិត​ក្នុង​ប្រភេទ​ស្រាល​៥៤​គីឡូក្រាម​វិញ​ម្ដង ដោយ​លោក​យល់​ថា ការ​ប្រកួត​ជម្រើស​ជើងឯក​ចេញពី​កីឡាករ​ទម្ងន់​ស្រាល គឺ​ងាយ​រកបាន​កីឡាករ​ថ្មី​ៗ​ល្អ​ៗ ហើយ​អាច​បណ្ដុះ​ឱ្យ​ក្លាយជា​កីឡាករ​ស្នូល​សម្រាប់​វិស័យ​ប្រដាល់​។

លោក​ថា ការ​ប្រកួត​ចាប់​ទម្ងន់​៦០​គីឡូ​ឡើង ច្រើន​តែ​ត្រូវ​សម្រាប់​កីឡាករ​ដែល​មានឈ្មោះ​កេរ្តិ៍ឈ្មោះ​បោះ​សំឡេង​រួច​ហើយ ហើយ​ដំណើរ​ស្វែងរក​អ្នក​ស្ថិត​ក្នុង​ប្រភេទ​ទម្ងន់​ធ្ងន់​បែប​ហ្នឹង​ក៏​ពិបាក​រក​ផង​ដែរ សម្រាប់​៣២​រូប ដោយសារ​តែ​ស្ថិត​ក្នុង​ប្រភេទ​ទម្ងន់​នេះ​គឺ​ស្ទើរ​មាន និង​ស្ទើរ​មិន​មាន ដែល​ពិបាក​ឱ្យ​គណៈកម្មការ​ធ្វើការ​ជ្រើសរើស​។ ជាក់ស្ដែង​វត្តមាន​កីឡាករ​កាលពី​រដូវ​កាល​មុន​ៗ ដែល​ស្ថិត​ក្នុង​ប្រភេទ​ទម្ងន់​៦៥ និង​៦៣,៥​គីឡូក្រាម លោក​ថា ប៉ុស្ដិ៍​លេខ​៥​ស្វែង​រកបាន​៣២​រូប​យ៉ាង​លំបាក​បំផុត ដោយ​មាន​កីឡាករ​ខ្លះ​ត្រូវ​បង្ខំ​ឱ្យ​សម្រក​ទម្ងន់ និង​ខ្លះ​ឱ្យ​តំឡើង​ទម្ងន់ ដើម្បី​ឱ្យ​គ្រប់​៣២​រូប​នោះ​។

លោក​អះអាង​ថា ខ្លួន​មិន​ចង់បាន​សមាសភាព​ដែល​ខ្វះ​តុល្យភាព​បែប​ហ្នឹង​នោះ​ទេ ទើប​សម្រេចចិត្ត​បើក​ការ​ប្រកួត​ក្នុង​ប្រភេទ​ទម្ងន់​៥៧​គីឡូក្រាម​កាលពី​រដូវ​កាល​ទី​៤ និង​សម្រាំង​យក​ក្នុង​ប្រភេទ​ទម្ងន់​៥៤​គីឡូក្រាម ដែល​ជា​ប្រភេទ​ស្រាល​ទៀត នៅ​ក្នុង​រដូវ​កាល​នេះ​។ លោក​ថា កីឡាករ​ដែល​មានឈ្មោះ​ប្រកួត គឺ​មាន​ទាំង​កីឡាករ​ដែល​មានកេរ្តិ៍ឈ្មោះ​បោះ​សំឡេង​មួយ​ចំនួន​ក្នុង​វិស័យ​ប្រដាល់​ស្រាប់ និង​កីឡាករ​ជើង​ថ្មី ដោយ​សមាសភាព​ទាំងអស់ នឹង​តម្រូវ​ឱ្យ​ប្រកួត​គ្នា​មួ​យស​ប្ដា​ហ៍​៤​នាក់​ៗ ដោយ​រូបមន្ត​ចាញ់​ធ្លាក់​ៗ​។

លោក​ថា ការ​ប្រកួត​គឺ​ធ្វើ​ដូច​មុន ដោយ​ប្រកួត​ចាញ់​ធ្លាក់​ៗ ដោយ​យក​អ្នក​ឈ្នះ​ប្រកួត​យក​អ្នក​ឈ្នះ រហូត​ទាល់តែ​នៅ​សល់​អ្នក​ឈ្នះ​តែ​ម្នាក់​តាម​លំនាំ​រូបមន្ត​ចាស់ ដើម្បី​កំណត់​ថា ជា​ម្ចាស់​ជើងឯក​។ នៅ​ក្នុង​ថ្ងៃ​បើក​សន្និសីទកាសែត​នោះ កីឡាករ​២​គូ​ក៏​ត្រូវ​គេ​ឃើញ​ឱ្យ​ប្រកួត​គ្នា​ចាញ់​ធ្លាក់​ៗ ដោយ​កីឡាករ​ទាំង​៤ បាន​បើក​ការ​ប្រកួត​យ៉ាង​ជក់ចិត្ត​នៅ​លើ​សង្វៀន តាំងពី​ដើម​រហូត​រក​ឃើញ​ពិន្ទុ ធ្វើ​ឱ្យ​អ្នក​ទស្សនា​សរសើរ​មិន​ដាច់​ពី​មាត់​ផង​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ