សហរដ្ឋអាមេរិក-កូរ៉េខាងជើង ៖ ក្រោយបញ្ចប់ការពិភាក្សាគ្នា សេតវិមានថ្លែង កាលពីថ្ងៃទី២៨ កុម្ភៈថា ពុំមានកិច្ចព្រមព្រៀងណាមួយ ត្រូវបានចុះហត្ថលេខាឡើយ នាដំណាក់កាលនេះរវាងលោកដូណាល់ត្រាំនិងលោកគីមជុងអ៊ុន ក្នុងការជួបគ្នាកំពូលនៅក្រុងហាណូយ តែក្រុមការងាររបស់ប្រទេសទាំង២ មានបំណងជួបគ្នានាពេលខាងមុខទៀត។ ទោះបីយ៉ាងណាការជួបគ្នាទាំងនោះ អាចឲ្យមានការពិភាក្សាគ្នា យ៉ាងល្អបំផុត និងស្ថាបនា ។
អ្នកនាំពាក្យសេតវិមានលោកស្រីSARAH SANDERSថ្លែងថា មេដឹកនាំទាំង២បានលើកពីមធ្យោបាយផ្សេងៗ ដើម្បីធ្វើឲ្យមានការរីកចម្រើនទៅមុខ នៃការរំសាយនុយក្លេអ៊ែរ ព្រមទាំងទស្សនវិស័យនានា ផ្ដោតលើសេដ្ឋកិច្ច។ លោកស្រីបន្តថាពុំមានកិច្ចព្រមព្រៀងណាមួយឡើយក្នុងដំណាក់កាលនេះ ប៉ុន្តែក្រុមរបស់មេដឹកនាំទាំង២ មានការអត់ធ្មត់ហើយនឹងជួបគ្នាជាថ្មីនាពេលខាងមុខ។ លោកត្រាំត្រូវធ្វើសន្និសីទសារ ព័ត៌ មានមួយនាវេលាម៉ោង៧ម៉ោងសកល ជាមួយ ជិត២ម៉ោងមុនការគ្រោងទុកពីដំបូង ។
ក្នុងការជួបគ្នាកំពូលលើកទី២នេះ លោកគីមជុងអ៊ុនថ្លែងនាថ្ងៃទី២៨កុម្ភៈថា លោកត្រៀមបោះបង់ចោលអាវុធនុយក្លេអ៊ែរ បើេមិនដូច្នោះទេលោកពុំមកកាន់ក្រុងហាណូយ ដើម្បីជួបជាមួយលោកត្រាំនោះទេ។ លោកថាលោកត្រាំនិងរូបលោកទើបពិភាក្សាគ្នាពីបណ្ដាវិធានការជាក់ស្ដែងនានា។មានប្រតិកម្មតបចំពេាះពាក្យពេចន៍របស់លោកគីម ដែលលោកអង្គុយទល់មុខគ្នានៅតុសន្និសីទ លោកត្រាំគូសបញ្ជាក់ថា ពិតណាស់នោះជាចម្លើយដ៏ប្រសើរដែលលោកអ្នកពុំធ្លាប់បានស្ដាប់សោះ។
នាថ្ងៃទី២នៃការពិភាក្សាគ្នានៅក្រុងហាណូយ លោកគីមនិងលោកត្រាំ នាថ្ងៃទី២៨កុម្ភៈផ្ដោតលើឆន្ទះដ៏ល្អសំដៅកែលម្អទំនាក់ទំនងរវាងក្រុងព្យុងយ៉ាងនិងក្រុងវ៉ាសិុនតោន និងពីការបោះជំហានទៅមុខ លើការរំសាយនុយក្លេអ៊ែរនៅឧបទ្វីបកូរ៉េ។ ពេលពិភាក្សាគ្នានាថ្ងៃទី២ លោកត្រាំផ្ដោតលើភាពចាំបាច់មិនប្រញាប់ញាល់និយាយពីការរំសាយនុយក្លេអ៊ែរឡើយ។ លោកថាខ្ញុំធ្លាប់និយាយតាំងពីដើមទីមកថា ភាពឆាប់រហ័សមិនសំខាន់សម្រាប់ខ្ញុំឡើយ ហើយលោកបញ្ជាក់ថា លោកចង់ឲ្យសម្រេចបានកិច្ចព្រមព្រៀងដ៏ល្អមួយ។ លោកបន្តថាលោកអបអរចំពោះការឈប់សាកល្បងនុយក្លេអ៊ែរនិងបាលីស្ទិករបស់ក្រុងព្យុងយ៉ាង ដោយពុំមានការបាញ់មីសីុលចាប់តាំងពីដំណាច់ឆ្នាំ២០១៧មក។
ពេលសួរពីទំំនុកចិត្តរបស់លោក ចំពោះការចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយ លោកគីមអះអាងថា វាប្រញាប់ប្រញាល់ពេកដើម្បីនិយាយពីរឿងនោះ។ ប៉ុន្តែខ្ញុំអាចនិយាយថាខ្ញុំមានសុទិដ្ឋិនិយម។ ខ្ញុំមានអារម្មណ៍ថាយើងនឹងសម្រេចបានលទ្ធផលដ៏ល្អនានា។ ក្នុងសន្និសីទសារព័ត៌មានមួយ លោកត្រាំអះអាងថាការទាមទាររបស់លោកគីមជុងអ៊ុន ឲ្យលុបចោលទាំងស្រុងទណ្ឌកម្មប្រឆាំងប្រទេសលោក រារាំងដល់ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយពេលជួបគ្នាកំពូលនោះ។ លោកត្រាំថា លោកគីមចង់ឲ្យលុបចោលទាំងស្រុងទណ្ឌកម្ម តែយើងពុំទទួលយក ។
លោកដូណាល់ត្រាំនិងលោកគីមជុងអ៊ុនចាប់ផ្ដើមការជួបគ្នាកំពូលលើកទី២ តាមរយៈការចាប់ដៃគ្នា យ៉ាងជិតស្និទ្ធរាក់ទាក់កាលពីយប់ថ្ងៃទី២៧កុម្ភៈនៅក្រុងហាណូយ ហើយមេដឹកនាំទាំង២សម្ដែងសុទិដ្ឋិនិយម លើលទ្ធភាពសម្រេចបានលទ្ធផលល្អប្រសើរថែមទៀត ជាងការជួបគ្នានៅសិង្ហបុរី។ ក្រោយការជួបគ្នានាថ្ងៃទីមួយនោះ សេតវិមានរាយការណ៍ថា លោកត្រាំលើកពីការចរចាដ៏ល្អបំផុត ជាមួយជនលេខមួយកូរ៉េខាងជើងលោកគីមជុងអ៊ុន។
សេតវិមានបញ្ជាក់ថា មេដឹកនាំទាំង២នឹងចូលរួម ក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងរួមមួយនាថ្ងៃទី២៨កុម្ភៈ បន្ទាប់ពីការជួបគ្នាកំពូលរបស់ពួកគេនៅរដ្ឋធានីវៀតណាម។ តាមTWITTERលោកត្រាំបានសរសេរ ក្រោយបញ្ចប់ការជួបគ្នាថ្ងៃទីមួយថា នោះជាការជួបគ្នានិងការរួមតុអាហារពេលល្ងាចជាមួយគ្នា ដ៏ល្អប្រសើរបំផុតជាមួយលោកគីមនៅក្រុងហាណូយ។ យោងតាមសេតវិមានថា លោកត្រាំនិងលោកគីមនាថ្ងៃទី២៨កុម្ភៈត្រូវជួបទល់មុខគ្នារយៈពេល៤៥នាទី បន្ទាប់មកមានកិច្ចប្រជុំបើកទូលាយរបស់បណ្ដាទីប្រឹក្សារបស់មេដឹកនាំទាំង២។
លោកត្រាំញញឹមពព្រាយពេលចាប់ដៃជាមួយលោកគីម នៅសណ្ឋាគារMETROPOLE ក្រុងហាណួយ ដោយនិយាយថាលោកពេញចិត្ត ចំពោះការវិវត្តន៍នៃសភាពការណ៍ ចាប់តាំងពីការជួបគ្នាលើកមុនមក។ ចំណែកលោកគីមវិញបានសន្យាធ្វើ្វើអ្វីគ្រប់យ៉ាងតាមដែលលោកអាចធ្វើទៅបាន ដើម្បីឲ្យការចរចាគ្នាសម្រេចបានជោគជ័យតែលោកមិនបញ្ជាក់ពីទិសដៅច្បាស់លាស់មួយឡើយ ៕
ចែករំលែកព័តមាននេះ