រាជធានីភ្នំពេញ ៖ រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានបញ្ជាក់ថា ពេញមួយឆ្នាំ២០១៨កន្លងទៅ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិប្រមាណ៦,២លាននាក់ កើនឡើងជិត១១% និងនាំប្រាក់ចំណូលប្រមាណ៤.៣៥៦លានដុល្លារអាមេរិក ចាក់បញ្ចូលទៅក្នុងសេដ្ឋកិច្ចជាតិ ។ លោករដ្ឋមន្ត្រី ថោង ខុន បានថ្លែងបែបនេះនៅក្នុងពិធីអបអរសាទរទិវាជាតិទីក្រុងស្អាតលើកទី៧ ឆ្នាំ២០១៩ ក្រោមប្រធានបទ «ទីក្រុងស្អាត៖ ទីក្រុងផ្តល់ភាពកក់ក្តៅ» អមជាមួយពិធីប្រគល់ជ័យលាភីរង្វាន់ «សម្តេចតេជោនាយករដ្ឋមន្ត្រី សម្រាប់ធុរកិច្ចបៃតងក្នុងវិស័យទេសចរណ៍» លើកទី៣ នៅសណ្ឋាគាររ៉េស៊ីដង់សុខាភ្នំពេញថ្ងៃទី២៥ កុម្ភៈកន្លងមក ។
លោករដ្ឋមន្ត្រីថ្លែងយ៉ាងដូច្នេះថា ៖« នៅឆ្នាំ២០១៨កន្លងទៅ យើងសម្រេចបានកំណើនក្នុងអត្រា១០,៧% ជាមួយនឹងការមកដល់នៃទេសចរអន្តរជាតិជាង៦,២លាននាក់ និងនាំប្រាក់ចំណូលប្រមាណ៤.៣៥៦លានដុល្លារអាមេរិក ចាក់បញ្ចូលក្នុងសេដ្ឋកិច្ចជាតិ »។ លោករដ្ឋមន្ត្រី ថោង ខុន បានបន្តថា នៅឆ្នាំ២០១៩ កម្ពុជារំពឹងថានឹងទទួលភ្ញៀវទេសចរអន្តរជាតិប្រមាណ៦,៧លាននាក់ នៅឆ្នាំ២០២០ នឹងទទួលបានប្រមាណជាង៧លាននាក់ និងនាំមកនូវចំណូលប្រមាណ៥ពាន់លានដុល្លារ បង្កើតនូវឱកាសការងារបានប្រមាណជិត១លាននាក់ និងនៅឆ្នាំ២០៣០ អាចនឹងទទួលបានទេសចរអន្តរជាតិប្រមាណ១៥លាននាក់ នាំមកនូវចំណូលប្រមាណ១០ពាន់លានដុល្លារ បង្កើតឱកាសការងារប្រមាណជិត២លាននាក់ ។
លោកបណ្ឌិតបានបន្ថែមថា ជាយុទ្ធសាស្ត្រដើម្បីត្រៀមទទួលស្វាគមន៍ភ្ញៀវទេសចរអន្តរជាតិ គឺត្រូវធ្វើឱ្យកម្ពុជាក្លាយជាគោលដៅទេសចរណ៍ប្រកបដោយភាពទាក់ទាញ និងផ្តល់ភាពកក់ក្តៅដល់ភ្ញៀវទេសចរ តាមរយៈការបង្កើតឱ្យមានផលិតផលទេសចរណ៍ថ្មីៗ និងប្រកបដោយភាពវ័យឆ្លាត ស្អាត និងបៃតង (Smart, Clean & Green) ។
វិស័យទេសចរណ៍ត្រូវបានរាជរដ្ឋាភិបាលចាត់ទុកជា មាសបៃតង គឺជាវិស័យអាទិភាពមួយដែលចូលរួមទ្រទ្រង់កំណើនសេដ្ឋកិច្ច-សង្គម បង្កើតការងារ និងកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ ព្រមទាំងដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមថែរក្សាអភិរក្សបរិស្ថាន ឆ្លើយតបនឹងបម្រែបម្រួលអាកាសធាតុប្រកបដោយប្រសិទ្ធភាព ។ ដើម្បីជំរុញកំណើនភ្ញៀវទេសចរអន្តរជាតិមកទស្សនានៅកម្ពុជាបន្ដបន្ថែមទៀត ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានជំរុញឲ្យប្រតិបត្តិករទេសចរណ៍ទាំងអស់ ត្រូវបង្កើនការយកចិត្តទុកដាក់ចំពោះសេវាកម្ម ការផ្តល់សេវាបដិសណ្ឋារកិច្ច ផ្នែកអនាម័យ និងត្រូវអនុវត្តឲ្យបានល្អបំផុតដល់ភ្ញៀវ ធ្វើយ៉ាងណាទាក់ទាញភ្ញៀវមកស្នាក់នៅ ហើយលើកក្រោយមកទៀតជាមួយមិត្តភក្ដិ ក្រុមគ្រួសារ និងអ្នកទេសចរជាច្រើនទៀត ។ សម្ដេចតេជោ ថ្លែងថា ៖« បើធ្វើជាអ្នកជំនួញ ឬអ្នកលក់ដូរ ការរកអតិថិជនម្នាក់មកទិញរបស់យើងគឺជារឿងលំបាកហើយ តែរឿងដែលពិបាកជាងហ្នឹងទៀតនោះ គឺអ្នកលក់ត្រូវធានាយ៉ាងណាដល់អថិតិជនដែលជាអ្នកទិញនូវទំនិញរបស់យើងនោះ ថ្ងៃក្រោយគេមកទិញទៀត » ។ សម្តេចតេជោបន្ថែមថា ៖« មិនត្រឹមតែមកទិញខ្លួនឯងទេ គេហៅថែមមិត្តភក្តិរបស់គេឲ្យមកជួយទិញថែមទៀត ទើបជាបញ្ហាជោគជ័យនៃមុខជំនួញ » ។
សម្តេចតេជោសង្កត់ធ្ងន់ថា ៖« កុំឲ្យគេមកទិញម្តងហើយ រាងចាល មុខគេមិនមើល សម្តីគំរោះគំរើយ តម្លៃកាត់ខ្ពស់ អីចឹងថ្ងៃក្រោយរកស៊ីខាត កុំថាមកពីរាជរដ្ឋាភិបាល បន្ទោសមកពីយើង មុខអាក្រក់ សម្តីអាក្រក់ យើងពិនិត្យមើលឡើងវិញ »៕
ចែករំលែកព័តមាននេះ