ខេត្តសៀមរាប ៖ ការជម្រុញទីក្រុងសៀមរាប ជាទីក្រុងគ្មានផ្សែងបារី ដែលធ្វើឡើងកាលពីថ្ងៃទី២៧ កុម្ភៈ លោកស្រី Domilyn Villarraeiz អគ្គលេខាធិកាសម្ព័ន្ធត្រួតពិនិត្យថ្នាំជក់អាស៊ីអាគ្នេយ៍ បានមានប្រសាសន៍ថា អាជ្ញាធរជាតិអប្សរាទទួលពានបេតិកភណ្ឌអង្គរ គ្មានផ្សែងបារីនៅពេលនេះ ដោយសារអាជ្ញាធរជាតិអប្សរាបានការអនុវត្តបរិស្ថានគ្មានផ្សែងបារីក្នុងរមណីយដ្ឋានអង្គរប្រកបដោយជោគេជ័យ ដែលនេះ ជាការរួមចំណែកលើកស្ទួយមុខមាត់ព្រះរាជាណាចក្រកម្ពុជាក្នុងឆាកអន្តរជាតិ។ នៅបណ្តាប្រទេសអាស៊ានមួយចំនួន ក៏មានរមនីយដ្ឋានទេសចរណ៍គ្មានផ្សែងបារីដែរ ដូចជាកម្ពុជា ថៃ ឡាវ ម៉ាឡេស៊ី ហ្វីលីពីនជាដើម ។
លោក ហង្ស ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរាបានមានប្រសាសន៍ឱ្យដឹងដែរថា កន្លងមកនេះ អាជ្ញាធរជាតិអប្សរាបានធ្វើការយ៉ាងសកម្ម ដើម្បីធ្វើឱ្យតំបន់អង្គរជាតំបន់គ្មានផ្សែងបារី ព្រោះថា នៅអង្គរមានទេសចរណ៍រាប់ពាន់នាក់បានចូលទស្សនា បើសិនជាមានការជក់បារីនៅទីនោះនិងធ្វើឱ្យប៉ះពាល់ដល់សុខភាពអ្នកទេសចរ និងប៉ះពាល់ដល់គុណភាពថ្មប្រាសាទផងដែរ ។ លោកបានបញ្ជាក់ថា ក្រៅពីតំបន់អង្គរគ្មានផ្សែងបារី អាជ្ញាធរជាតិអប្សរាក៏បានខិតខំធ្វើឱ្យកន្លែងធ្វើនៅអាជ្ញាធរជាតិអប្សរាគ្មានផ្សែងបារីផង
ដែរ។
លោក ពៅ ពិសិដ្ឋ អភិបាលរងខេត្តសៀមរាបថា ដើម្បីជម្រុញឱ្យក្រុងសៀមរាប ក្លាយជាទីក្រុងគ្មានផ្សែងបារីនៅចុងឆ្នាំ២០១៩នេះ កន្លងមករដ្ឋបាលក្រុងសៀមរាប បានបង្កើតគណៈកម្មការទីក្រុងគ្មានផ្សែងបារី ហើយបានរៀបចំសិក្ខាសាលា និងវគ្គបណ្តុះបណ្តាលជាច្រើនស្តីពីការអនុវត្តច្បាប់ស្តីពីការត្រួតពិនិត្យផលិតផលថ្នាំជក់ដល់សង្កាត់ទាំង១២ មន្ទីរពាក់ព័ន្ធ នគរបាល រួមទាំងម្ចាស់ ឬអ្នកគ្រប់គ្រងនៃកន្លែងធ្វើការ និងកន្លែងសាធារណៈ មានដូចជាសណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន អាហារដ្ឋាន វត្តអារាម សាលារៀននិងភាគីពាក់ព័ន្ធផ្សេងទៀត។ ជាក់ស្តែង សង្កាត់ទាំង១២របស់ក្រុងសៀមរាបភាគច្រើនបានដាក់បញ្ចូលគម្រោងទីក្រុងគ្មានផ្សែងបារីក្នុងផែនការសង្កាត់តាំងពីឆ្នាំ២០១៧មក ។
ចែករំលែកព័តមាននេះ