ខេត្តព្រះវិហារ ៖ ទឹកធ្លាក់ព្រះនិម្មិត ដែលមានទីតាំងជាប់ព្រំដែនកម្ពុជា-ឡាវ ជារមណីយដ្ឋានទឹកធ្លាក់ដែលធំជាងគេនៅក្នុងតំបន់ទន្លេមេគង្គ បច្ចុប្បន្នកំពុងទទួលបានការចាប់អារម្មណ៍ច្រើនពីភ្ញៀវទេសចរជាតិ និងអន្តរជាតិ។ ជាមួយគ្នានេះ ដើម្បីទាក់ទាញចំណាប់អារម្មណ៍ថែមទៀត ក្រុមហ៊ុនអភិវឌ្ឍន៍រមណីយដ្ឋានមួយនេះ នឹងបង្កើតផលិតផលទេសចរណ៍ថ្មីៗបន្ថែមទៀត ។
យោងតាមការបញ្ជាក់ពីលោក មឿន ក្រេន ជាអ្នកគ្រប់គ្រងផ្នែកសណ្ឋាគារនៅក្រុមហ៊ុន សុវណ្ណ អុីនធើធេនមេន រីស៊ត បានលើកឡើងថា បន្ទាប់ពីមានការរៀបចំបង្កើតឲ្យមានកន្លែងផ្តល់សេវាកម្មដល់ភ្ញៀវទេសចរ ដែលមកលេងកម្សាន្តក្នុងរមណីយដ្ឋានទឹកធ្លាក់ព្រះនិម្មិត ដូចជា កន្លែងស្នាក់នៅ អាហារដ្ឋាន ភោជនីយដ្ឋាន ក្លិបកម្សាន្ត អាងហែលទឹករួចមក ក្រុមហ៊ុននឹងមានបំណងបង្កើតនូវកន្លែងកម្សាន្តផ្សេងៗជាច្រើនទៀតនៅក្នុងតំបន់រមណីយដ្ឋានមួយនេះដើម្បីឲ្យកាន់តែទាក់ទាញភ្ញៀវមកទស្សនាកម្សាន្ដថែមទៀត ។
លោកមានប្រសាសន៍ថា ៖« មកដល់ពេលនេះ ក្រុមហ៊ុនបានសិក្សាគម្រោងដើម្បីបង្កើតឲ្យមានកន្លែងវាយកូនហ្គោលជាលក្ខណៈគ្រួសារ កន្លែងជិះខ្សែរ៉តមើលទេសភាព ដើម្បីផ្តល់ជូនសេវាកម្ម រួមទាំងតម្លៃសមរម្យ ដល់ភ្ញៀវទេសចរដែលបានមកលេងកម្សាន្តឲ្យកាន់តែច្រើនថែមទៀត »។ លោកថា ៖« ការរៀបចំបង្កើតកន្លែងកម្សាន្តផ្សេងៗនៅក្នុងរមណីយដ្ឋានមួយនេះ ដើម្បីបង្ហាញឲ្យភ្ញៀវទេសចរជាតិ និងអន្តរជាតិ បានដឹង បានស្គាល់កាន់តែច្បាស់ពីរមណីយដ្ឋានធម្មជាតិទឹកធ្លាក់ព្រះនិម្មិត ព្រំដែនកម្ពុជា-ឡាវ ដែលគេចាត់ទុកថា ជារមណីយដ្ឋានទឹកធ្លាក់ធំជាងគេនៅក្នុងតំបន់ទន្លេមេគង្គ »។
ប្រធានមន្ទីរទេសចរណ៍ខេត្តព្រះវិហារ បានសម្ដែងការគាំទ្រពេញទំហឹងពីគម្រោងមួយនេះ ដែលនឹងផ្ដល់ប្រយោជន៍យ៉ាងច្រើនដល់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានទាំងប្រាក់ចំណូល និងការងារ ក៏ដូចជាចូលរួមលើកកម្ពស់វិស័យទេសចរណ៍នៅកម្ពុជា ។ លោក គង់ វិបុល ប្រធានមន្ទីរទេសចរណ៍រូបនេះ បានមានប្រសាសន៍ថា ៖« មន្ទីរជំនាញគាំទ្រពេញទំហឹងដល់ការអភិវឌ្ឍរបស់ក្រុមហ៊ុន ដែលមានបំណងចង់បង្កើតកន្លែងកម្សាន្តផ្សេងៗបន្ថែមទៀតនៅក្នុងតំបន់រមណីយដ្ឋានទឹកជ្រោះព្រះនិម្មិតនេះ ក្នុងគោលដៅលើកកម្ពស់វិស័យទេសចរណ៍ឲ្យកាន់តែរីកចម្រើន តែក្រុមហ៊ុនត្រូវបំពេញតាមលក្ខខណ្ឌច្បាប់ឲ្យបានត្រឹមត្រូវជាមុនសិន »។ ទន្ទឹមនឹងនេះដែរ លោកក៏បានណែនាំដល់សេវាករបម្រើសេវាកម្មទេសចរណ៍ទាំងក្រុមហ៊ុន និងសហគមន៍ ត្រូវរួមគ្នាថែរក្សាអនាម័យបរិស្ថាន និងផ្តល់សេវាដល់ភ្ញៀវទេសចរឲ្យបានល្អ ប្រកបដោយគុណភាព ៕
ចែករំលែកព័តមាននេះ