អ្នកណាក៏មាន «កាបូបប្រាក់» ដាក់តាមខ្លួនដែរ ហើយក្នុងកាបូបនោះ ក្រៅពីដាក់ប្រាក់កាសនោះ លោកអ្នកតែងដាក់របស់របរជាច្រើនតូចជាអត្ដសញ្ញាណប័ណ្ណ, កាតគ្រីឬប័ណ្ណសម្គាល់យានយន្ដ, កាតអេធីអឹម និងសៀវភៅធនាគារជាដើម ។ យោងតាមការស្រាវជ្រាវបង្ហាញថា មានរបស់របរមួយចំនួនលោកអ្នកមិនគួរដាក់ក្នុងកាបូបនោះទេ ព្រោះថានៅពេលវាបាត់បង់ វានឹងធ្វើឲ្យជីវិតរបស់លោកអ្នករញ៉េរញ៉ៃ។ ដូច្នេះ យើងមកមើលថា តើមានអ្វីខ្លះមិនគួរដាក់ក្នុងកាបូបប្រាក់ ?
១-វិក្កយបត្រ ៖ មនុស្សភាគច្រើនចូលចិត្តទុកវិក្កយបត្រក្នុងកាបូបប្រាក់ ព្រោះត្រូវការដឹងព័ត៌មានថា ពួកគេចាយវាយទៅលើអ្វីខ្លះ និងប៉ុន្មាន ។ ម្យ៉ាងវិញទៀត គឺដើម្បីថា ទំនិញដែលទិញមកមិនពេញចិត្ត ពួកគេនឹងបានយកទៅប្រគល់ឲ្យវិញ ប៉ុន្តែបើយើងធ្វើឲ្យកាបូបប្រាក់បាត់ វិក្កយបត្រដែលទុកនៅក្នុងកាបូបនោះ គឺប្រាប់ព័ត៌មានផ្ទាល់ខ្លួនផ្សេងៗរបស់យើងបាន មានទាំងតួលេខ Credit Cards និងឈ្មោះ ។
ហេតុនេះ បើយើងត្រូវការទុកវិក្កយបត្រ គួរតែទុកនៅកន្លែងផ្សេង មិនមែននៅក្នុងកាបូបប្រាក់ទេ ដើម្បីការពារហេតុការណ៍ខាងលើនេះ ។
២-ប័ណ្ណឥណទានឬប័ណ្ណឥណពន្ធ (Credit Cards or Debit Cards) ៖ មនុស្សខ្លះមាន Credit Cards ឬ Debit Cards ជាច្រើន និងយកវាដាក់ក្នុងកាបូបប្រាក់ ហើយនៅពេលវាបាត់នោះ ក៏ទូរស័ព្ទផ្អាកប័ណ្ណទាំងនោះជាបន្តបន្ទាប់ ។ វាជាការខាតពេលវេលា ធ្វេសប្រហែស ហើយមានអ្នកលួចយកទៅប្រើប្រាស់មិនដឹងប៉ុន្មានដងហើយទេ ។
ហេតុនេះ គួរតែទុករបស់ទាំងនោះនៅផ្ទះ បើត្រូវការយកជាប់ជាមួយ គឺយកត្រឹមតែ២ប័ណ្ណ គឺប័ណ្ណដកប្រាក់សុទ្ធ និងប័ណ្ណមួយទៀតប៉ុណ្ណោះ ចំណែកប័ណ្ណនៅសល់ គឺទុកនៅផ្ទះ។ ក្រៅពីនេះ ការធ្វើដូចនេះជួយឲ្យយើងមិនចាយវាយប្រាក់លើសភាពចាំបាច់ផងដែរ ។
៣-ទូរស័ព្ទដៃ ៖ បច្ចុប្បន្ន យើងតែងទុកទូរស័ព្ទដៃចេញថ្មីជាមួយឯកសារសំខាន់ ប្រាក់ និងប័ណ្ណផ្ទាល់ខ្លួនផ្សេងៗទៀតផងដែរ ។ យើងគួរតែញែកចេញពីគ្នារវាងទូរស័ព្ទដៃ និងកាបូបប្រាក់ ព្រោះវានឹងជារឿងរវល់ខ្លាំង នៅពេលយើងធ្វើឲ្យកាបូបប្រាក់បាត់ គឺគ្មានទូរស័ព្ទសម្រាប់ទាក់ទង ឬប្តឹងពីហេតុការណ៍ផ្សេងៗដែលកើតឡើងឡើយ។ ហេតុនេះ គួរតែបែងចែករវាងទូរស័ព្ទដៃ និងកាបូបប្រាក់ មិនឲ្យនៅកន្លែងតែមួយ។
៤-សៀវភៅបញ្ជីធនាគារ ៖ មានមនុស្សជាច្រើនបានទុកសៀវភៅបញ្ជីធនាគារផ្សេងៗនៅក្នុងកាបូបប្រាក់ពួកគេ ដែលយើងមិនគួរធ្វើបែបនេះឡើយ ព្រោះនៅពេលបាត់កាបូបប្រាក់ សៀវភៅបញ្ជីធនាគារទាំងនោះនឹងក្លាយជាផ្លូវឲ្យពួកចោរទាំងឡាយបន្លំឯកសារ និងចាយវាយប្រាក់ក្នុងធនាគាររបស់យើងបានដោយងាយ ។ ដូច្នេះ គួរតែដាក់សៀវភៅបញ្ជីធនាគារផ្សេងៗនៅផ្ទះ វានឹងមានសុវត្ថិភាពជាង ។
៥-មូលប្បទានប័ត្រ/សែក ៖ សែក ដែលទុកចោលអាចជាផ្នែកមួយធ្វើឲ្យពួកចោរលួចប្រើប្រាស់បានដោយងាយ ទោះបីជាក្នុងពេលបន្តបន្ទាប់មកមានការផ្អាកសុពលភាពក្តី ប៉ុន្តែលេខសម្ងាត់ធនាគារ និងចំណុចលម្អិតផ្សេងៗរបស់លោកអ្នក គឺនៅជាមួយអ្នកលួចទៅនោះ ដែលពួកគេអាចស៊ើបរកបានមិនលំបាក ។
ក្រៅពីនេះ នៅមានសម្ភារមួយចំនួនទៀតដែលយើងមិនគួរទុកក្នុងកាបូបប្រាក់ ដូចជា កូនសោ គ្រឿងអលង្ការ និងរបស់មានតម្លៃផ្សេងៗ។ យើងគួរតែថែរក្សា និងការពារទ្រព្យសម្បត្តិទាំងនេះឲ្យបានហ្មត់ចត់ផងដែរ ៕
ចែករំលែកព័តមាននេះ