ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​ប្រធានាធិបតី​ត្រាំ​ពន្យារពេល​បង្កើន​ពន្ធ​លើ​ផលិតផល​ចិន

5 ឆ្នាំ មុន

ទីក្រុង​វ៉ា​ស៊ី​ន​តោន ៖ លោក​ប្រធានាធិបតី​ដូ​ណា​ល់ ត្រាំ (Donald Trump) បាន​និយាយ​ថា លោក​នឹង​ពន្យារពេល​ការ​បង្កើន​ពន្ធ​លើ​ផលិតផល​ចិន ព្រោះតែ​ការ​ចរចា​ពាណិជ្ជកម្ម​កំពុង​តែ​ដំណើរការ​យ៉ាង​រលូន ហើយ​លោក​និង​លោក​ប្រធានាធិបតី​ស៊ី…

ទីក្រុង​វ៉ា​ស៊ី​ន​តោន ៖ លោក​ប្រធានាធិបតី​ដូ​ណា​ល់ ត្រាំ (Donald Trump) បាន​និយាយ​ថា លោក​នឹង​ពន្យារពេល​ការ​បង្កើន​ពន្ធ​លើ​ផលិតផល​ចិន ព្រោះតែ​ការ​ចរចា​ពាណិជ្ជកម្ម​កំពុង​តែ​ដំណើរការ​យ៉ាង​រលូន ហើយ​លោក​និង​លោក​ប្រធានាធិបតី​ស៊ី ជិន​ពីង (Xi Jinping) របស់​ប្រទេស​ចិន នឹង​ជួប​គ្នា​ដើម្បី​សម្រេច​​កិច្ចព្រមព្រៀង​ជា​ផ្លូវការ​ផង​ដែរ ប្រសិនបើ​ដំណើរការ​ចរចា​នៅ​តែ​ទៅ​មុខ​ដោយ​រលូន​ល្អ ។ នេះ​បើ​តាម​ការ​ចេញផ្សាយ​ពី​ទីភ្នាក់ងារសារព័ត៌មាន Reuters កាលពី​ថ្ងៃ​ទី​២៤ កុម្ភៈ កន្លង​មក ។

សេចក្តី​ប្រកាស​នេះ គឺ​សញ្ញា​ដ៏​ច្បាស់​បង្ហាញ​ថា ប្រទេស​ចិន​និង​សហរដ្ឋអាមេរិក​កាន់តែ​ខិត​ជិត​ក្នុង​ការ​សម្រេច​បាន​កិច្ចព្រមព្រៀង​មួយ​ហើយ​ដើម្បី​បញ្ចប់សង្គ្រាម​ពាណិជ្ជកម្ម​ដែល​បាន​ប៉ះពាល់​ដល់​ការ​លូតលាស់​សេដ្ឋកិច្ច និង​ទីផ្សារ​ជុំវិញ​ពិភពលោក​។

លោក​ប្រធានាធិបតី​ត្រាំ​មាន​គម្រោង​បង្កើន​ពន្ធ​ពី​១០​ទៅ​២៥%​លើ​ផលិតផល​ចិន​ប្រមាណ ២០០​ប៊ី​លាន​ដុល្លារ ប្រសិនបើ​ប្រទេស​ទាំង​ពីរ​មិន​អាច​សម្រេច​កិច្ចព្រមព្រៀង​បាន​នៅ​ថ្ងៃ​សុក្រ​ទេ ។

លោក​ប្រធានាធិបតី​ខាងលើ​បាន​និយាយ​លើ Twitter ថា ការ​ចរចា​លើ​បញ្ហា​សំខាន់​ៗ​ដូច​ជា​ការ​ការពារ​កម្មសិទ្ធិបញ្ញា ការ​ផ្ទេរ​បច្ចេកវិទ្យា កសិកម្ម សេវាកម្ម និង​រូបិយ​វត្ថុ​បាន​ដំណើរការ​ទៅ​យ៉ាង​រលូន ។

យ៉ាងណា​ក្តី លោក Scott Kennedy ដែល​ជា​អ្នកជំនាញ​ផ្នែក​ប្រទេស​ចិន​នៅ​មជ្ឈមណ្ឌល​យុទ្ធសាស្ត្រ​និង​សិក្សា​អន្តរជាតិ​នៅ​រដ្ឋធានី​វ៉ា​ស៊ី​ន​តោន​បាន​និយាយ​ថា ៖« ពួក​យើង​មិន​ទាន់​ច្បាស់​នៅឡើយ​ទេ​ថា​វា​គឺជា​ការ​បរាជ័យ​ឬ​ជោគជ័យ​ព្រោះ​ពួក​យើង​មិន​ទាន់​ដឹង​ពី​ព័ត៌មាន​លម្អិត​ដែល​កំពុង​ត្រូវ​បាន​ចរចា​ឡើយ​។ ប៉ុន្តែ​… ការ​ពន្យារពេល​ចរចា​ប៉ុន្មាន​ស​ប្តា​ហ៍​ទៀត​គឺជា​អ្វី​ដែល​ប្រទេស​ចិន​ចង់បាន​។ មក​ដល់​ពេល​នេះ សហរដ្ឋអាមេរិក​ប្រហែលជា​ទទួល​បាន​អ្វី​ដែល​ពួក​គេ​អាច​ទាមទារ​ពី​ប្រទេស​ចិន​ហើយ »​។

លោក Tai Hui អ្នក​យុទ្ធសាស្ត្រ​ទីផ្សារ​នៅ J.P. Morgan Asset Management បាន​និយាយ​ថា ការ​សម្រេចចិត្ត​នេះ​បង្ហាញ​ថា​ភាគី​ទាំង​សងខាង​ចង់​ដោះស្រាយ​ជម្លោះ និង​បាន​បន្ថែម​ថា ការ​បង្កើន​ពន្ធ​នឹង​ជំរុញ​ដល់​ការ​ព្រួយបារម្ភ​ពី​ការ​លូតលាស់​ក្នុង​សហរដ្ឋអាមេរិក​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ