ខេត្តស្ទឹងត្រែង ៖ រថយន្តមួយគ្រឿងបើកបរក្នុងល្បឿនលឿនធ្វើឱ្យក្រឡាប់ធ្លាក់ចូលប្រឡាយ បណ្តាលឱ្យអ្នកបើកបរម្នាក់រងរបួសធ្ងន់សន្លប់បាត់ស្មារតី ចំណែកអ្នករួមដំណើរចំនួន៤នាក់ទៀតបានរងរបួសស្រាល ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍បង្កឡើងដោយខ្លួនឯងនេះបានកើតឡើងកាលពីវេលាម៉ោង១១យប់ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៩ នៅចំណុចវាលរំពេ ផ្លូវជាតិលេខ៧៨ ស្រុកសេសាន ខេត្តស្ទឹងត្រែង ។
រថយន្តមួយគ្រឿងខាងលើជិះគ្នា៥នាក់ ម៉ាកមីតស៊ុយប៊ីស៊ី ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ ២AB-៨៤៣៩ បើកបរដោយបុរសជាជនជាតិចិនម្នាក់មិនស្គាល់អត្តសញ្ញាណ បានរងរបួសធ្ងន់ សន្លប់បាត់ស្មារតី ចំណែកអ្នករួមដំណើរជាជនជាតិចិនចំនួន៤នាក់ទៀតមិនស្គាល់អត្តសញ្ញាណ បានរងរបួសស្រាល ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុ គេឃើញបុរសជនជាតិចិនទាំងអស់មានគ្នា៥នាក់ជិះក្នុងរថយន្តមួយគ្រឿងខាងលើ ធ្វើដំណើរពីកើតមកលិច ក្នុងល្បឿនយ៉ាងលឿន តាមផ្លូវជាតិលេខ៧៨ លុះដល់ចំនុចកើតហេតុ ស្រាប់តែរថយន្តជាន់ហ្វ្រាំង បណ្តាលឱ្យក្រឡាប់២ត្រឡប់ធ្លាក់ចូលប្រឡាយ បណ្តាលឱ្យអ្នកបើកបររថយន្តរង របួសបែកក្បាល សន្លប់ ដោយឡែកអ្នករួមដំណើរចំនួន៤នាក់ទៀតបានរងរបួសស្រាល។
បន្ទាប់ពីជួបគ្រោះថ្នាក់កើតឡើង អ្នកភូមិបាននាំគ្នាជួយគាស់ទ្វាររថយន្តដើម្បីទាញមនុស្សចេញពីរថយន្ត ហើយទូរស័ព្ទហៅរថយន្តសង្គ្រោះដែរ តែគ្មានរថយន្តសង្គ្រោះណាមកឡើយ លុះវេលាមោងប្រមាណជិត១២យប់ថ្ងៃដដែល ទើបឃើញមានរថយន្ត របស់ក្រុមជនជាតិចិនដូចគ្នា មកជួយដឹកយកទៅមន្ទីរពេទ្យ បង្អែកខេត្តស្ទឹងត្រែង។
ប្រភពដដែលបានបន្តទៀតថា ជនជាតិចិនម្នាក់ដែលចេះខ្មែរតិចៗបាននិយាយថា ពួកគាត់ធ្វើការនៅក្រុមហ៊ុនទំនប់វារីអគ្គសនី សេសានក្រោម២ ទើបចេញពីកន្លែងផឹកស៊ី ស្រវឹង ហើយជិះរថយន្តមកស្ទឹងត្រែង បំរុងមកច្រៀងខារ៉ាអូខេ តែជាអកុសជួបគ្រោះថ្នាក់ចរាចរបែបនេះតែម្តង៕
ចែករំលែកព័តមាននេះ