សហរដ្ឋអាមេរិក ៖ យោងទៅតាមសេចក្តីរាយការណ៍របស់ភ្នាក់ងារសារព័ត៌មាន Japantimes បានឲ្យដឹងមកថា កម្មវិធីទូរស័ព្ទជាច្រើនកំពុងតែផ្ញើទិន្នន័យសំខាន់ៗរបស់អ្នកប្រើប្រាស់ដែលមានដូចជាព័ត៌មានសុខភាពទៅកាន់ហ្វេសប៊ុកដោយមិនមានការអនុញ្ញាតពីអ្នកប្រើប្រាស់ ។
App Events អនុញ្ញាតឲ្យក្រុមហ៊ុនបង្កើតកម្មវិធីទូរស័ព្ទប្រមូល និងកត់ត្រាសកម្មភាពរបស់អ្នកប្រើប្រាស់រួចផ្ញើទៅកាន់ហ្វេសប៊ុកបើទោះជាអ្នកប្រើប្រាស់មិនប្រើហ្វេសប៊ុកក៏ពិតមែនក្តី ។
បើទោះជាហ្វេសប៊ុកបានប្រាប់ដល់ក្រុមហ៊ុនទាំងនេះមិនឲ្យផ្ញើព័ត៌មានសំខាន់ៗដូចខាងលើទៅពួកញេពិតមែនក្តី ក្រុមហ៊ុននេះនៅតែទទួលយកទិន្នន័យដោយមិនបញ្ឈប់ក្រុមហ៊ុនកម្មវិធីទាំងនោះ ។ ក្រុមហ៊ុនបង្កើតកម្មវិធីទូរស័ព្ទអាចប្រើទិន្នន័យដែលប្រមូលបានដើម្បីដាក់គោលដៅលើអ្នកប្រើប្រាស់ ។
ហ្វេសប៊ុកបាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយថា ពួកគេតម្រូវឲ្យកម្មវិធីទូរស័ព្ទប្រាប់ដល់អ្នកប្រើប្រាស់ពីព័ត៌មានដែលចែករំលែកជាមួយនឹងហ្វេសប៊ុក ហើយពួកគេហាមក្រុមហ៊ុនកម្មវិធីមិនឲ្យផ្ញើព័ត៌មានសំខាន់ៗទៅកាន់ពួកគេទេ។ ក្រុមហ៊ុននេះបានបន្ថែមថាពួកគេកំពុងតែធ្វើការលុបព័ត៌មានទាំងនោះចេញហើយ ។
សេចក្តីរាយការណ៍ខាងលើបានចេញផ្សាយឡើងខណៈដែលហ្វេសប៊ុកកំពុងតែជួបនឹងការរិះគន់កាន់តែខ្លាំងឡើងទាក់ទិននឹងការប្រើប្រាស់ទិន្នន័យរបស់អ្នកប្រើប្រាស់ ។ កាលពីសប្តាហ៍មុន តំណាងរាស្ត្រក្នុងប្រទេសអង់គ្លេសបានស្នើឲ្យមានការរឹតបន្តឹងច្បាប់ស្តីពីសិទ្ធិឯកជនសម្រាប់ហ្វេសប៊ុក និងក្រុមហ៊ុនបច្ចេកវិទ្យាដទៃ។
ការរិះគន់បានកើនឡើងកាន់តែខ្លាំងបន្ទាប់ពីក្រុមហ៊ុន Cambridge Analytica ប្រើទិន្នន័យអ្នកប្រើប្រាស់ហ្វេសប៊ុកប្រមាណ ៨៧លាននាក់ដោយមិនមានការអនុញ្ញាតប្រមាណជិត១ឆ្នាំមុន ។
ការចែករំលែកទិន្នន័យនេះជាប់ទាក់ទិននឹងឧបករណ៍វិភាគទិន្នន័យដែលហ្វេសប៊ុកមានសម្រាប់ក្រុមហ៊ុនបង្កើតកម្មវិធី។ ឧបករណ៍នេះអនុញ្ញាតឲ្យក្រុមហ៊ុនបង្កើតកម្មវិធីមើលឃើញពីស្ថិតិទាក់ទិននឹងអ្នកប្រើប្រាស់របស់ពួកគេ និងអាចដាកគោលដៅលើអ្នកប្រើប្រាស់ពេលដែលធ្វើការផ្សាយពាណិជ្ជកម្មជាដើម ៕
ប្រភព ៖ Japantimes
ចែករំលែកព័តមាននេះ