ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្វី​ដែល​អ្នកមាន​ស្ដុកស្ដម្ភ​ខ្វល់ខ្វាយ​ជាងគេ​បំផុត ?

5 ឆ្នាំ មុន

តើនរ​ណាខ្លះ​មិន​ចង់​ក្លាយជា​អ្នកមាន ? នេះ​គឺជា​សុបិន​របស់​មនុស្ស​ភាគច្រើន ដោយសារ​តែ​វា​នឹង​អាច​ជួយ​សម្រួល​ដល់​តម្រូវការ​របស់​អ្នក​ប្រចាំ​ថ្ងៃ និង​អាច​ជួយ​ឱ្យ​ជីវិត​របស់​អ្នក​កាន់តែ​ប្រសើរ ។ បើ​ទោះបីជា​ទ្រព្យសម្បតិ្ត​អាច​ជួយ​សម្រួល​ដល់​ជីវិត​របស់​អ្នក​មែន តែ​អ្នកមាន​ស្ដុកស្ដម្ភ​ជា​ច្រើន​នៅ​តែ​មានទុក្ខ​កង្វល់​ខ្វល់ខ្វាយ​ឥត​ល្ហែ​ដូច​ជន​មាន​ជីវភាព​សាមញ្ញ​ដែរ ។ តើ​មាន​អ្វីខ្លះ​ដែល​អ្នកមាន​ទ្រព្យសម្បត្តិ​ខ្វល់ខ្វាយ​ជាងគេ?…

តើនរ​ណាខ្លះ​មិន​ចង់​ក្លាយជា​អ្នកមាន ? នេះ​គឺជា​សុបិន​របស់​មនុស្ស​ភាគច្រើន ដោយសារ​តែ​វា​នឹង​អាច​ជួយ​សម្រួល​ដល់​តម្រូវការ​របស់​អ្នក​ប្រចាំ​ថ្ងៃ និង​អាច​ជួយ​ឱ្យ​ជីវិត​របស់​អ្នក​កាន់តែ​ប្រសើរ ។ បើ​ទោះបីជា​ទ្រព្យសម្បតិ្ត​អាច​ជួយ​សម្រួល​ដល់​ជីវិត​របស់​អ្នក​មែន តែ​អ្នកមាន​ស្ដុកស្ដម្ភ​ជា​ច្រើន​នៅ​តែ​មានទុក្ខ​កង្វល់​ខ្វល់ខ្វាយ​ឥត​ល្ហែ​ដូច​ជន​មាន​ជីវភាព​សាមញ្ញ​ដែរ ។ តើ​មាន​អ្វីខ្លះ​ដែល​អ្នកមាន​ទ្រព្យសម្បត្តិ​ខ្វល់ខ្វាយ​ជាងគេ?

១. តើ​គូស្នេហ៍​របស់ខ្ញុំ ពិតជា​ស្រឡាញ់​ខ្ញុំ​មែន ឬ​អត់ ? ៖ ប្រសិនបើ​អ្នក​ស្រឡាញ់​គ្នា​ទាំង​មិន​ទាន់​មែន​ទ្រព្យ​ជាប់​នឹង​ខ្លួន នោះ​វា​មិន​អី​ទេ​។ តែ​ប្រសិនបើ​ការ​ស្រឡាញ់​ចាប់ផ្តើម​ពី​ពេល​អ្នកមាន​ទ្រព្យសម្បត្តិ​កប់​ពពក​ហើយ​នោះ អ្នកមាន​សំណួរ​សួរ​ខ្លួនឯង​ដូច​ខាងលើ​នេះ​។ មនុស្ស​មិន​ថា​ប្រុស​ឬ​ស្រី គឺ​មិន​ដូច​គ្នា​ទេ ។ អ្នកខ្លះ​អាច​ស្រឡាញ់​ដោយ​ស្មោះ រីឯ​អ្នកខ្លះ​ទៀត​ស្រឡាញ់​ដោយ​មើលឃើញ​តែ​ទ្រព្យសម្បតិ្ត​ប៉ុណ្ណោះ ។

២. តើ​កូន​ខ្ញុំ​នឹង​ដើរ​ផ្លូវខុស ដោយសារ​តែ​ទ្រព្យសម្បត្តិ​របស់ខ្ញុំ​ដែរ​ឬទេ? ៖ កាលពី​អ្នក​នៅ​ក្រ អ្នកដឹង​ថា​វា​លំបាក​យ៉ាងណា​ក្នុង​ការ​រក​ប្រាក់​។ តែ​កូន​របស់​អ្នក​អាច​នឹង​មិន​ដូច​អ្នក​ទេ ព្រោះ​គេ​កើតមក​ធ្វើ​ជា​កូន​អ្នកមាន​ស្រាប់​។ ទឹកប្រាក់​របស់​អ្នក​អាច​ធ្វើ​ឱ្យ​ពួក​គេ​ឈ្លក់​វង្វេង ហើយ​អាច​ដើរ​ផ្លូវខុស​ទៀត​ផង ។

៣. តើ​មិត្តភក្តិ​របស់ខ្ញុំ គឺ​ពិតជា​មិត្តភក្ដិ​ពិតប្រាកដ​ឬទេ ? ៖ នៅ​ពេល​អ្នក​ក្លាយជា​អ្នកមាន អ្នក​នឹង​ជួប​មនុស្ស​ជា​ច្រើន​។ បើ​ទោះបីជា​អ្នក​ដើរ​លេង ឬ ទៅ​ណា​មក​ណា​ជាមួយ​ពួក​គេ​ក៏​ដោយ ក៏​អ្នក​នៅ​តែ​មិន​អាច​ប្រាកដ​១០០%​ថា ពួក​គេ​រាប់អាន​អ្នក​ដោយ​ស្មោះ​នោះ​ដែរ​។ មិត្តភាព​ស្មោះត្រង់ គឺ​ទាមទារ​ពេល​យល់​ពី​គ្នា​ច្រើន​។ ការ​រាប់អាន​ខ្លះ គឺ​គ្រាន់តែ​ដើម្បី​សម្រេច​កិច្ចការ​អ្វីមួយ​ប៉ុណ្ណោះ​។ វា​មិនមែន​ជា​មិត្តភាព​យូរអង្វែង​ឡើយ ។

៤. តើ​ខ្ញុំ​អាច​ត្រូវ​គេ​ប្តឹង​ដែរ​ឬទេ ? ៖ ពេល​អ្នក​គឺជា​អភិជន គ្រប់​គ្នា​គឺ​តែងតែ​សម្លឹង​មើល​អ្នកជា​និច្ច​។ រាល់​នូវ​ទ​ង្វើ​របស់​អ្នក នឹង​ត្រូវ​បាន​គេ​តាម​អង្កេត​។ មាន​មនុស្ស​មួយ​ចំនួន គឺ​ចង់បាន​ប្រយោជន៍​ពី​អ្នក ដោយ​ការ​បង្ខូច​កេរ្តិ៍ឈ្មោះ​របស់​អ្នក ឬ គំរាមកំហែង​ប្តឹង​អ្នក​ពី​រឿង​អ្វីមួយ​។ រឿង​នេះ​ក៏​អាច​កើត​ចេញពី​អ្នក​ដែល​ចង់​រកស៊ី​ប្រជែង​អ្នកផង​ដែរ ។

៥. តើ​សុខភាព​របស់ខ្ញុំ​ល្អ​គ្រប់គ្រាន់​ដែរ​ឬទេ ? ៖ តើ​វា​មាន​ន័យ​ដែរ​ឬទេ បើ​អ្នកមាន​ទ្រព្យសម្បតិ្ត​ចាយ​មិន​អស់ តែ​ត្រូវ​ដេក​នៅ​លើ​គ្រែពេទ្យ​ងើប​មិន​រួច​នោះ ? អ្នកមាន​ទាំងអស់ គឺ​ឱ្យ​តម្លៃ​ទៅ​លើ​សុខភាព​ជាងគេ​។ ពួក​គេ​បាន​ចំណាយ​ថវិកា​ជា​ច្រើន ធ្វើ​យ៉ាងណា​ដើម្បី​ឱ្យ​សុខភាព​ល្អ​អាច​នៅ​ចាយ​ទ្រព្យ​បាន​យូរ និង ជួយ​ដល់​សង្គម ។ នៅ​ពេល​មិន​ទាន់​មាន អ្នក​បាន​យកសុខ​ភាព​ទៅ​ដូរ​នឹង​លុយ តែ​ពេល​មាន​អ្វី​ៗ​អស់ហើយ អ្នក​នឹង​យក​លុយ​ទៅ​ដូរ​នឹង​សុខភាព​វិញ ។

ត្រឹមតែ​៥​ចំណុច​ខាងលើ​គឺ​មិន​ទាន់​អស់​នៅឡើយ​ទេ ។ កង្វល់​គឺ​តែងតែមាន​ជា​និច្ច​សម្រាប់​មនុស្ស​គ្រប់​រូប មិន​ថា​អ្នកមាន​ឬ​អ្នកក្រ​ឡើយ គ្រាន់តែ​វា​ជា​ប្រភេទ​កង្វល់​ខុស​គ្នា​តែ​ប៉ុណ្ណោះ​។ ដូចនេះ អ្នក​គួរតែ​រៀន​យល់​ពី​វា និង​ធ្វើ​យ៉ាងណា​ឱ្យ​ជីវិត​របស់​អ្នក​រស់នៅ​បាន​សប្បាយចិត្ត ទើប​គេ​ហៅ​ថា​ជីវិតរ​ស់មាន​ន័យ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ