លោក សួន សេរីរ​ដ្ឋា​ថា អ្នក​និយាយ​ពី EBA កំពុង​មិន​ឲ្យ​លោក​សម រ​ង្ស៊ី បាន​ចូល​ស្រុក និង ឈ្មួញ​បញ្ចុះតម្លៃ​ស្រូវ​អង្ករ​ឡើយ


រាជធានី​ភ្នំពេញ ៖ អតីត​ប្រធាន​គណបក្ស​អំណាច​ខ្មែរ​លោក សួន សេរីរ​ដ្ឋា​បាន​អះអាង​ថា អ្នក​ដែល​និយាយ​ពី​ការ​ដក​អនុគ្រោះ​ពន្ធ​របស់​សហភាព​អ៊ឺ​រ៉ុ​ប (EBA) លើ​កម្ពុជា គឺ​កំពុង​មិន​ឲ្យ​លោក សម រ​ង្ស៊ី បាន​ចូល​ស្រុក និង​ជួយ​ក្រុម​ឈ្មួញ​ដែល​បញ្ចុះតម្លៃ​ស្រូវ​អង្ករ​របស់​កសិករ ។

អតីត​មេ​បក្ស​អំណាច​ខ្មែរ​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​២៤ កុម្ភៈ​យ៉ា​ដូច្នេះ​ថា អ្នក​ដែល​ខំ​លើកយក EBA មក​ធ្វើ​ជា​ប្រធានបទ​និយាយ​ដដែល​នា​ពេល​នេះ តើ​ពួក​គេ​ភ័យ​បារម្ភ​ពី​សេដ្ឋកិច្ច​ពី​ការងារ​របស់​កម្មករ កសិករ​ខ្មែរ ឬ​ក៏​កំពុង​ភ័យ​ខ្លាច សម រ​ង្ស៊ី មិន​បាន​ចូល​ស្រុក ហើយ​បញ្ចប់ជីវិត​នយោបាយ​ជា​រៀង​រហូត ? ។ លោក​បញ្ជាក់​ថា​«​តាម​ខ្ញុំ​អង្កេត​តាមដាន​ឃើញ​ថា ក្រុម​អ្នក​ដែល​ខំ​លើកយក EBA មក​សរសេរ​មក​និយាយ​មក​វិភាគ​នា​ពេល​នេះ ហើយ​បញ្ចេញមតិ​បំភ័យ​កម្មករ កសិករ និង​ពលរដ្ឋ​ខ្មែរ​នា​ពេល​នេះ គឺ​ពួក​នេះ​មិនមែន​ភ័យ​បារម្ភ​ពី​ជីវិត​ការងារ​របស់​កម្មករ​ពី​ទីផ្សារ​ស្រូវ​អង្ករ​របស់​ខ្មែរ ឬ​ពី​សេដ្ឋកិច្ច​ខ្មែរ​ទេ​… តែ​ពួក​នេះ​ភ័យ​ខ្លាច សម រ​ង្ស៊ី ដែល​កំពុង​ធ្វើ​សំផឹង​នយោបាយ​នៅ​ក្រៅ​ស្រុក បំបែក​ឆ្នាំងបាយ​កម្មករ និង​បំផ្លាញ​តម្លៃ​ស្រូវ​អង្ករ​របស់​កសិករ​នោះ វា​មិន​បាន​ទទួល​ការ​លើកលែងទោស ឲ្យ​ចូល​ស្រុក​មក​ធ្វើ​នយោបាយ​បង្គ្រប់កិច្ច​តទៅ​ទៀត ។

នេះ​ហើយ​ជា​ការ​ពិត​ជាក់ស្តែង​ដែល​ពួក​គេ​ខំប្រឹង​ប្រើ​មាត់​វែង មាត់​ខ្លី និង​មាត់​ស្អុយ​របស់​ពួក​គេ ឡើង​មក​និយាយ​បំភ័យ​កសិករ និង​កម្មករ​ខ្មែរ​ពី​បញ្ហា​ដែល​សហគមន៍​អឺរ៉ុប​ព្យួ EBA ពី​ខ្មែរ​នោះ​» ។ លោក​បន្ត​ថា សំណួរ​សួរ​ថា បើ​ពួក​គេ​គិតគូរ​ពី​សេដ្ឋកិច្ច​ខ្មែរ ឈឺឆ្អាល​ពី​ការងារ​កម្មករ​ខ្មែរ និង​ចង់​ជួយ​កសិករ​ខ្មែរ​ពិតប្រាកដ ហេតុ​អី​ពួក​នេះ​មិន​ដែល​ហើបមាត់​រិះគន់​សំផឹង​នយោបាយ សម រ​ង្ស៊ី និង​ពួក​កាង​បន​សំផឹង​នយោបាយ​អស់នេះ​ដែល​ជា​មេ​នាំ​ភ្លើង​ឆ្កឹះឆ្កៀល​អុចអាល​ឲ្យ​អឺរ៉ុប​ផ្តាច់ EBA ? ខ្មែរ​មាន​សុភាសិត​ពោល​ថា «​បើ​ខ្មោច​ស្រុក​មិន​ឲ្យ​ដៃ​ខ្មោច​ព្រៃ​វា​មិន​ហ៊ាន​» ! បញ្ហា EBA ដែល​សភា​អឺរ៉ុប​លើកយក​ទៅ​និយាយ​ដោយសារ​នយោបាយ​បរទេស​ឆ្កួត​លេលា​របស់ សម រ​ង្ស៊ី ដែល​ខ្ញុំ​ហៅ​ថា សំផឹង​នយោបាយ​នោះ​ឯង ដែល​យក​ការងារ​របស់​កម្មករ និង​យក​ស្រូវ​អង្ករ​របស់​កសិករ​ធ្វើ​ជា​ចំណាប់ខ្មាំង​នយោបាយ​របស់​ខ្លួន ក្រោយ​ពេល​ទំនាស់​នយោបាយ​របស់​ខ្លួន​ជាមួយ​សម្តេច ហ៊ុន សែន រហូត​ឈាន​ទៅ​ដល់​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ ។

លោក​ក៏​បាន​លើក​ឡើង​លោក សម រ​ង្ស៊ី ធ្លាប់​អួត​ខ្លួនឯង​កាលពី​ខែវិច្ឆិកា ២០១៧ ថា រដ្ឋាភិបាល ហ៊ុន សែន និង​តុលាការ​ភ្នំពេញ​មិន​ហ៊ាន​រំលាយ​បក្ស​សង្គ្រោះ​ជាតិ​របស់​ខ្លួន​ទេ​មែន​ទេ ? ចាំ​សំដី​អួត​ភូតភរ​របស់​ខ្លួន​ទេ ? ក្រោយមក​ទៀត​មេ​សំផឹង​នយោបាយ​នេះ​បាន​អួត​ភូតភរ​អ្វី​បន្ត​ទៀត ? ក្រែង​ទើប​និយាយ​ក្តែ​ង​ៗ​ថា ខ្លួន​ចូល​ស្រុក​ខ្មែរ​ចូល​មក​ចាប់ ហ៊ុន សែន មែន​ទេ ? ចុះ​អ្នក​ដើរ​តាម​អ្នក​ហែរ​ហម​អស់នោះ ពេ​លេ​របស់​ខ្លួន​និយាយ​ដែល​បើក​ត្រចៀក​ស្តាប់ ដែល​កត់ត្រា​ទុក​រួច​ដែល​យក​មក​ផ្ទៀងផ្ទាត់​សំដី និង​ការ​អនុវត្តន៍​ទេ ? លោក​បន្ថែម​ថា ពេល​នេះ​ខំ​យក​បញ្ហា EBA មក​បំភ័យ​បំ​ភ្លើ​សទាំង​អ្នកមួយ​ចំនួន​ហ្នឹង​ខ្លួនឯង​គ្មាន​ជំនាញ​សេដ្ឋកិច្ច​ផង​ក៏​ខំ​ឡើង​មក​និយាយ ព្រោះ​ខ្លាច សម រ​ង្ស៊ី ស្លាប់​ជីវិត​នយោបាយ​មិន​បាន​ទទួល​ការ​លើកលែងទោស​ឲ្យ​ចូល​ស្រុក​វិញ ។

លោក​បញ្ជាក់​ថា​«​ខ្ញុំ​ជា​អ្នកនយោបាយ និង​ជា​អ្នក​រកស៊ី​ស្រូវ​អង្ករ ត​ពូជ​មក​៣​ជំនាន់​ហើយ​… ។ បើ​ខ្ញុំ មាន​ទុន​ក្នុង​ដៃ​១០​លាន​ដុល្លារ ខ្ញុំ​ហ៊ាន​ទិញ​ស្រូវ​កសិករ​ខ្មែរ​១​តោន​ថ្លៃ​១​លាន​រៀល រួច​កិន​អង្ករ​យក​ទៅ​លក់​នៅ​អឺរ៉ុប បង់ពន្ធ​ឲ្យ​អឺរ៉ុប តាម​តម្លៃ​អត្រាពន្ធ​ពេញលេញ ! ហើយ​លក់​ក្នុង​ទីផ្សារ​អឺរ៉ុប ដែល​ខ្ញុំ​មាន​ជំនឿ​យ៉ាង​ច្បាស់​ថា អង្ករ​ខ្មែរ​នៅ​តែ​លក់ដាច់ និង​ខ្ញុំ​នៅ​អាច​រក​ចំណេញ​បាន​គ្មាន​ខាត​អី​ទេ ព្រោះ​កន្លង​មក​សៀម យួន ចូល​មក​ទិញ​ស្រូវ​ពី​ខ្មែរ​យក​កិន​អង្ករ​ទៅ​លក់​នៅ​អឺរ៉ុប​ក៏​គ្មាន EBA ដែរ​» ។ លោក​បន្ត​ថា ដូច្នោះ​អ្នក​ដែល​យក​បញ្ហា EBA មក​និយាយ​បំភ័យ​កសិករ​ខ្មែរ​នា​ពេល​នេះ​ក្រៅពី​ភ័យ​ខ្លាច​មេ​សំផឹង​នយោបាយ (​សម រ​ង្ស៊ី​) របស់​ខ្លួន​មិន​បាន​ទទួល​ការ​លើកលែងទោស​ឲ្យ​ចូល​ស្រុក​នោះ​ចេតនា​មួយទៀត គឺ​គេ​ជួយ​ឈ្មួញ​យួន និង​ឈ្មួញ​សៀម​ឲ្យ​វាយ​បញ្ចុះតម្លៃ​ស្រូវ​របស់​កសិករ​ខ្មែរ ដោយ​យក EBA នេះ​ធ្វើ​ជា​លេស ។​ពោល គឺ​ពួក​នេះ​មិន​បាន​ភ័យ​ព្រួយ​ពី​សេដ្ឋកិច្ច ការងារ និង​កសិផល របស់​ពលរដ្ឋ​ខ្មែរ​ទេ ៕

Facebook Google Twitter Email

Live

Sponsored News

០២:៣៩ | ក្នុងស្រុក

ក្រុមហ៊ុន ភីធីធី កម្ពុជា ផ្តល់អាហារូបករណ៍ ៣០០កន្លែងដល់សិស្សកម្ពុជា ដើម្បីបណ្តុះបណ្តាលអ្នកដឹកនាំវ័យក្មេងតាមរយៈវគ្គសិក្សាពីចម្ងាយ «ទម្លាប់ល្អទាំង ៧របស់យុវវ័យឆ្នើម»

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ