ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ថោ​ង សា​រ៉ាត់ ដេក​លើ​រទេះរុញ ដឹក​តាម​រថយន្ត​ពេទ្យ​នាំ​ចូល​សវនាការថ្ងៃនេះ​

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖​នា​ព្រឹក​ថ្ងៃ​ទី​២៥ កុម្ភៈ សំណុំរឿង​ក្តី​ឃាតកម្ម​លើ​ឧកញ៉ា អុឹង ម៉េ​ង​ជី សាលាដំបូង​រាជធានី​ភ្នំពេញ បាន​បន្ត​លើកយក​មក​បើក​សវនាការ​ជំនុំ​ជម្រះក្តី ដែល​មាន​ជនជាប់ចោទ​៦​នាក់ និង​៥​នាក់​បាន​តម្រូវ​ឲ្យ​នាំ​មក​ឈរ​មុខ​រង្វង់​ក្រចកសេះ…

រាជធានី​ភ្នំពេញ ៖​នា​ព្រឹក​ថ្ងៃ​ទី​២៥ កុម្ភៈ សំណុំរឿង​ក្តី​ឃាតកម្ម​លើ​ឧកញ៉ា អុឹង ម៉េ​ង​ជី សាលាដំបូង​រាជធានី​ភ្នំពេញ បាន​បន្ត​លើកយក​មក​បើក​សវនាការ​ជំនុំ​ជម្រះក្តី ដែល​មាន​ជនជាប់ចោទ​៦​នាក់ និង​៥​នាក់​បាន​តម្រូវ​ឲ្យ​នាំ​មក​ឈរ​មុខ​រង្វង់​ក្រចកសេះ ដើម្បី​ឲ្យ​អង្គ​សវនាការ​សាកសួរ​ដេញដោល និង​ម្នាក់​បាន​ស្លាប់​ក្នុង​ពេល​ឃុំខ្លួន​បណ្តោះអាសន្ន ។

ជនជាប់ចោទ ១-​ឧកញ៉ា ថោ​ង សា​រ៉ាត់ ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ ថៅកែ​ក្រុមហ៊ុន ៩៩៩ ជាប់ចោទ​ពី​បទ​ផ្តើមគំនិត​ក្នុង​អំពើ​ឃាតកម្ម​គិត​ទុកជា​មុន ២-​ឈ្មោះ សៀង វាសនា ភេទ​ប្រុស អាយុ​៤៤​ឆ្នាំ ជា​ជន​ដៃដល់ ៣-​ឈ្មោះ លី សៅ ហៅ​វី ភេទ​ប្រុស អាយុ​៤២​ឆ្នាំ ជន​ដៃដល់​បាន​ស្លាប់​ក្នុង​ពន្ធនាគារ ជាប់ចោទ​ពី​បទ ឃាតកម្ម​គិត​ទុកជា​មុន ៤-​ឈ្មោះ កូយ ចាន់​ថុ​ល ភេទ​ប្រុស អាយុ​២៩​ឆ្នាំ ៥-​ឈ្មោះ មាស សម្បត្តិ ភេទ​ប្រុស អាយុ ២៧​ឆ្នាំ និង​៦-​ឈ្មោះ ឈុ​ន ចិ​ត្រា ភេទ​ប្រុស ជាប់ចោទ​ពី​បទ សមគំនិត​ក្នុង​អំពើ​ឃាតកម្ម​គិត​ទុកជា​មុន ។

ពាក់ព័ន្ធ​សវនាការ​លើ​សំណុំរឿង​ឃាតកម្ម​មួយ​នេះ​បាន​ពិនិត្យ​ថា កន្លង​មក​គេ​កម្រ​ឃើញ​វត្តមាន​ឧកញ៉ា​ថោ​ង សា​រ៉ាត់ ចូលរួម​ក្នុង​សវនាការ​ណាស់ ជា​រៀង​រាល់​លើក ជនជាប់ចោទ ថោ​ង សា​រ៉ាត់ តែងតែ​ដាក់​ពាក្យ​ឆ្លើយ​តប​ចូល​មក​ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ ដោយ​ផ្តោត​លើ​សុខភាព ដែល​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ ។

លើក​នេះ​ទំនង​តុលាការ​មិន​អនុញ្ញាត​ឲ្យ​អវត្តមាន ទើប​អនុរក្ស​ពន្ធនាគារ​ព្រៃ​សបាន​ទៅ​នាំ​ខ្លួន​ឧកញ៉ា ថោ​ង សា​រ៉ាត់ ឲ្យ​ចូល​មក​ឆ្លើយ​នៅ​ចំពោះ​មុខ​អង្គ​សវនាការ ហើយ​ឧកញ៉ា ថោ​ង សា​រ៉ាត់ បាន​ត្រូវ​ក្រុម​គ្រូពេទ្យ​ព្រះ​កុស​មៈ​លើកដាក់​លើ​រទេះដឹក​តាម​រថយន្ត​សង្គ្រោះ​ឡើង​ទៅ​កាន់​បន្ទប់​សវនាការ ។ ខណៈ​អង្គ​សវនាការ​បាន​ដំណើរការ ជនជាប់ចោទ ថោ​ង សា​រ៉ាត់ បាន​ស្រែក​ទ្រហោយំ ដោយ​អះអាង​ថា​សុខភាព​មិន​ស្រួល ពេល​នោះ​ប្រធាន​ក្រុមប្រឹក្សា​បាន​អនុញ្ញាត​ឲ្យ​ក្រុម​គ្រួ​ពេទ្យ​ចូល​ពិនិត្យ​អាកា​រៈលោក​ថោ​ង សា​រ៉ាត់ ហើយ​បាន​បញ្ជាក់​ថា លោក​ថោ​ង សា​រ៉ាត់ ឡើង​សម្ពាធ​ឈាម​ខ្ពស់ ទើប​តម្រូវ​ឲ្យ​ដឹក​ថោ​ង សា​រ៉ាត់ ទៅ​កាន់​មន្ទីរពេទ្យ​ព្រះ​កុស​មៈ​វិញ ។

បាន​សង្កេត​ឃើញ​ទៀត​ថា ឧកញ៉ា ថោ​ង សា​រ៉ាត់ យំ​សស្រាក់​ហើយ​ត្រូវ​បាន​គេ​លើកដាក់​លើ​រទេះរុញ ចុះ​តាម​ជណ្តើរ​នាំ​ចូល​រថយន្ត​សង្គ្រោះ ក្នុង​សម្លៀក​បំពាក់​ធម្មតា​មិនមែន​ស្លៀក​ឈុត​អ្នកទោស​ដូច​កូនចៅ​៤-៥​នាក់​នោះ​ទេ ។

ទោះបី​ជនជាប់ចោទ ថោ​ង សា​រ៉ាត់ តម្រូវ​ឲ្យ​ទៅ​សម្រាក​នៅ​មន្ទីរពេទ្យ​យ៉ាងណា​ក្តី ក៏​ក្រុមប្រឹក្សា​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​តែ​ដំណើរការ បើក​សវនាការ​ជំនុំ​ជម្រះក្តី​លើ​សំណុំ​នេះ​ជា​ធម្មតា ក្រោម​ការ​សាកសួរ​ដេញដោល​លើ​ជនជាប់ចោទ​អង្គរក្ស​៤​នាក់​នោះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ