ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកជំនាញ​ថា ​សកម្មភាព​ពុះ​ដី​ឡូត៍​កំពុង​ជំរុញ​កំណើន​តម្លៃ​ដីធ្លី

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ នៅ​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​កន្លង​មកនេះ សកម្មភាព​ពុះ​ដី​ឡូត៍​នៅ​ក្នុង​ប្រទេស​កម្ពុជា ហាក់​មាន​សន្ទុះ​យ៉ាង​ខ្លាំង ទាំង​នៅ​តំបន់​ជាយ​រាជធានី និង​បណ្ដា​ខេត្ត​សក្ដានុពល​សេដ្ឋកិច្ច​នានា​ដូច​ជា ខេត្ត​ព្រះ​សីហ​នុ​, កំពត​, ស្វាយ​រៀង​,…

រាជធានី​ភ្នំពេញ ៖ នៅ​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​កន្លង​មកនេះ សកម្មភាព​ពុះ​ដី​ឡូត៍​នៅ​ក្នុង​ប្រទេស​កម្ពុជា ហាក់​មាន​សន្ទុះ​យ៉ាង​ខ្លាំង ទាំង​នៅ​តំបន់​ជាយ​រាជធានី និង​បណ្ដា​ខេត្ត​សក្ដានុពល​សេដ្ឋកិច្ច​នានា​ដូច​ជា ខេត្ត​ព្រះ​សីហ​នុ​, កំពត​, ស្វាយ​រៀង​, កំពង់ចាម​, ត្បូងឃ្មុំ​, មណ្ឌលគិរី​, សៀមរាប និង​បន្ទាយ​មាន​ជ័យ​ជាដើម ។

បើ​តាម​អ្នកជំនាញ​វិស័យ​អចលនទ្រព្យ កម្ពុជា បាន​អះអាង​ថា​ការ​ពុះ​ដី​ឡូត៍​នេះ នឹង​ជួយ​ជំរុញ​កំណើន​ជីវភាព​របស់​ប្រជាពលរដ្ឋ​ដែល​មាន​ដី​សម្រាប់​លក់​ឲ្យ​ក្រុម​ឈ្មួញ​ធ្វើការ​ពុះ​លក់​ជា​ឡូត៍​ៗ ហើយ​វា​ក៏​បាន​សម្រួល​ដល់​ជីវភាព​របស់​អ្នកទិញ ដែល​មិន​មាន​លទ្ធភាព​បង់​ផ្ដាច់​ផង​ដែរ ដោយសារ​តែ​ដី​ឡូត៍​ភាគច្រើន ត្រូវ​បាន​លក់​ទៅ​អតិថិជន​ដោយ​បង់​រំលស់​ជា​ប្រចាំខែ ហើយ​សកម្មភាព​ពុះ​ដី​ឡូត៍​នេះ ក៏​បាន​ធ្វើ​ឲ្យ​តម្លៃ​ដីធ្លី​កើន​ឡើងជា​បន្តបន្ទាប់​ផង​ដែរ ។

លោក ម៉ា​ន់ ច​ណ្ឌី អនុប្រធាន​សមាគម​អ្នក​វាយតម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា បាន​មាន​ប្រសាសន៍​ថា បច្ចុប្បន្ន​នេះ សកម្មភាព​ពុះ​ដី​ឡូត៍​នៅ​ក្នុង​ប្រទេស​កម្ពុជា បាន​រីកសាយ​ភាយ​ស្ទើរតែ​គ្រប់​ខេត្ត​ទៅ​ហើយ ហើយ​សកម្មភាព​នេះ ក៏​មិនមែន​ទើបតែ​កើតឡើង​នៅ​ពេល​ថ្មី​ៗ​នេះ​ដែរ វា​បាន​កើតឡើង​យូរ​មក​ហើយ ប៉ុន្ដែ​ទើបតែ​រយៈពេល​២​ឆ្នាំ​ចុង​ក្រោយ​នេះ​មាន​សន្ទុះ​ខ្លាំង ។

លោក​បន្ត​ថា សកម្មភាព​ពុះ​ដី​ឡូត៍​ក៏​បាន​ជំរុញ​ឱ្យ​តម្លៃ​ដីធ្លី​នៅ​កម្ពុជា​កើនឡើង​មួយ​កម្រិត​ដែរ ក្នុង​នោះ​ដូច​គេ​បានឃើញ​ស្រាប់​ហើយ នៅ​តំបន់​ជាយក្រុង​មួយ​ចំនួន​ដែល​មាន​សកម្មភាព​ពុះ​ដី​ឡូត៍​ខ្លាំង​នោះ​បាន​ធ្វើ​ឲ្យ​តម្លៃ​ដីស្រែ​របស់​ពលរដ្ឋ​កើនឡើង​គុណ​នឹង​ពីរ គុណ​នឹង​បី ។ លោក​ថា ៖« បើសិនជា​ការ​ពុះ​ដី​ឡូត៍​បាន​ទៅ​ដល់​តំបន់​ណាមួយ វា​នឹង​ប្រែ​តម្លៃ​ដីធ្លី​ភ្លាម​ៗ ហើយ​រដ្ឋ​ក៏​នឹង​ទទួល​ចំណូល​បាន​កាន់តែ​ច្រើន​ផង​ដែរ ពី​វិស័យ​ដី​ឡូត៍​នេះ តាម​រយៈ​ការ​បង់ពន្ធ​ជូន​រដ្ឋ​នៅ​ពេល​មានការ​ផ្ទេរ​កម្ម​សិទ្ធ​ពី​មួយ​ទៅ​មួយ » ។

លោក​បន្ថែម​ថា ទន្ទឹម​នឹង​ផ្ដល់​អត្ថប្រយោជន៍​ដល់​សេដ្ឋកិច្ច និង​សង្គម​នោះ វិស័យ​ពុះ​ដី​ឡូត៍​នេះ ក៏​មាន​គុណ​វិបត្តិ​មួយ​ចំនួន​ផង​ដែរ ។ ជាក់ស្ដែង​មាន​ជន​មួយ​ក្ដាប់​តូច​ដែល​រកស៊ី​មិន​ស្មោះត្រង់ លក់​ដី​ឡូត៍ ហើយ​​មិន​ព្រម​កាត់​ប្លង់​ឲ្យ​អតិថិជន ឬ​យក​លុយ​ពី​អតិថិជន​ហើយ មិនដឹង​ថា​ដី​ឡូត៍​នោះ​នៅ​ទីណា​នោះ​ទេ អីចឹង​ហើយ​លោក​ក៏​សូម​ស្នើ​ឲ្យ​ពលរដ្ឋ​មានការ​ប្រុង​ប្រយ័ត្ន​ឲ្យ​បាន​ខ្ពស់​ចំពោះ​សកម្មភាព​បែប​នេះ ។

បើ​តាម​លោក ជា កុយ ម្ចាស់​អាជីវកម្ម​ដី​ឡូត៍​មួយ​កន្លែង នៅ​ភាគ​ខាងលិច​រាជធានី​ភ្នំពេញ​បាន​ឲ្យ​ដឹង​ថា កាលពី​លោក​ចាប់ផ្ដើម​អាជីវកម្ម​ពុះ​ដី​ឡត៍​ដំបូង​ៗ ការ​ទិញ​ដី​ពី​ពលរដ្ឋ​មិនសូវ​ពិបាក​ទេ ហើយ​អាច​ទិញ​បាន​ក្នុង​តម្លៃ​មួយ​សមរម្យ​ទៀត​ផង តែ​បច្ចុប្បន្ន​នេះ ដោយសារ​តែ មាន​អ្នក​ចេញ​រកស៊ី​ក្នុង​វិស័យ​នេះ​កាន់តែ​ច្រើន ធ្វើ​ឲ្យ​តម្លៃ​ដីធ្លី​របស់​ពលរដ្ឋ​បាន​កើនឡើង​ខ្ពស់ ហើយ​ក៏​ពិបាក​រក​ទិញ​ដែរ ។

លោក​បន្ត​ថា កាលពីមុន​ការ​ពុះ​ដី​ឡូត៍​នៅ​តំបន់​ដែល​លោក​កំពុង​ធ្វើ​នោះ មិនសូវ​មាន​ទេ តែ​ទោះបីជា​ពេល​នេះ មាន​អ្នក​មក​ពុះ​ដី​ឡូត៍​ច្រើន​ក៏​ដោយ ក៏​ការ​លក់​ដី​ឡូត៍​នៅ​តែ​ដាច់​ជា​ធម្មតា និង​មាន​អ្នក​ស្វែង​ទិញ​ជា​ហូរ​ហ​ផង​ដែរ ជា​ពិសេស​អ្នកមាន​ចំណូល​មធ្យម​ដោយ​ទិញ​បង់​រំលស់​ប្រចាំខែ ។

គួរ​បញ្ជាក់​ថា​ផង​ដែរ នៅ​ក្នុង​ពេល​វិស័យ​ដី​ឡូត៍​កំពុង​កក្រើក​នេះ​ដែរ មាន​ទាំង​អ្នកសិល្បៈ អ្នកកាសែត និង​អ្នកមាន​ទ្រព្យធន​ជា​ច្រើន បាន​ចេញ​ទៅ​ពុះ​ដី​ឡូត៍​លក់​ព្រោងព្រាត ជា​ពិសេស​នៅ​តំបន់​ជាយ​រាជធានី និង​នៅ​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៣ លេខ​៤ ព្រមទាំង​នៅ​តំបន់​ដែល​មាន​គម្រោង​អភិវឌ្ឍ​របស់​រដ្ឋ ដូច​ជា​គម្រោង​អភិវឌ្ឍន៍​ផ្លូវ​ក្រវាត់ក្រុង និង​គម្រោង​អភិវឌ្ឍន៍​ធំ​ៗ​មួយ​ចំនួន ។ យ៉ាងណា​ក៏​ដោយ មន្ត្រីជាន់ខ្ពស់​នៃ​រដ្ឋាភិបាល ក៏​បាន​អំពាវនាវ​ឲ្យ​ពលរដ្ឋ​ពិនិត្យ​និង​ស្រាវជ្រាវ​ឲ្យ​បាន​ច្បាស់​ផង​ដែរ មុន​នឹង​សម្រេចចិត្ត​ទិញ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ