ផ្លូវ​ពី​បាត់ដំបង ឆ្លងកាត់​ពោធិ៍សាត់​ឆ្ពោះ​មក​កោះកុង នឹង​ស្ថាបនា​ឆ្នាំ​នេះ


រាជធានី​ភ្នំពេញ ៖ មន្ត្រី​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន បាន​ឲ្យ​ដឹង​ថា ការ​ស្ថាបនា​ផ្លូវ​ត​ភ្ជាប់​រវាង​ស្រុក​សំឡូត​ក្នុង​ខេត្តបាត់ដំបង ឆ្លងកាត់​ខេត្តពោធិ៍សាត់ ឆ្ពោះ​មក​ខេត្តកោះកុង​នឹង​ចាប់ផ្តើម​សាងសង់​នៅ​ឆ្នាំ​នេះ​ហើយ ។ លោក វ៉ា​ស៊ឹ​ម សូ​រិ​យា អ្នកនាំពាក្យ​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន បាន​មាន​ប្រសាសន៍​នា​ព្រឹក​ថ្ងៃ​ទី​២២ កុម្ភៈ ម្សិលមិញ​ថា គម្រោង​សាងសង់​ផ្លូវ​ត​ភ្ជាប់​រវាង​ស្រុក​សំឡូត ទៅ​កាន់​ខេត្តកោះកុង នឹង​បើក​ការដ្ឋាន​សាងសង់​នៅ​ឆ្នាំ​នេះ ប៉ុន្តែ​មិន​ទាន់​កំណត់​ពេលវេលា​ជាក់លាក់​នៅឡើយ​ទេ ។

លោក​មាន​ប្រសាសន៍​ថា ៖« រហូត​មក​ទល់​ពេល​នេះ យើង​មិន​ទាន់​ដឹង​ពី​គំរោង​ថវិកា និង​ក្រុមហ៊ុន​ណា​ដែល​នឹង​សាងសង់​ស្ពាន​នេះនោះ​ទេ »​។ យ៉ាងណា​ក៏​ដោយ លោក​ថា ៖« បើ​មិន​មានការ​ប្រែប្រួល​អ្វី​ទេ​នោះ គម្រោង​ផ្លូវ​នេះ​នឹង​ចាប់ផ្តើម​នៅ​ឆ្នាំ​នេះ​ហើយ »​។ ផ្លូវ​នេះ​ចេញពី​ស្រុក​សំឡូត ខេត្តបាត់ដំបង ឆ្លងកាត់​ខេត្តពោធិ៍សាត់​ទៅ​កាន់​ខេត្តកោះកុង ដែល​មាន​ប្រវែង​ជា​១៩០​គីឡូម៉ែត្រ ។

ទេស​រដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន លោក ស៊ុន ចាន់​ថុ​ល ធ្លាប់​បាន​មាន​ប្រសាសន៍​ថា ការ​សាងសង់​ផ្លូវ​នេះ មិន​ត្រឹមតែ​ជា​ការ​ធ្វើ​សមាហរណកម្ម​ផ្ទៃក្នុង​កម្ពុជា​នោះ​ទេ តែ​គោលដៅ​របស់​សម្តេច​តេ​ជោ គឺ​ពង្រឹង​ឯករាជ្យ​ភាព​សេដ្ឋកិច្ច​កម្ពុជា តាម​រយៈ​ការ​កាត់​បន្ថយ​ការ​ពឹងផ្អែក​ប្រទេស​ជិតខាង ដោយ​ផ្លូវ​នេះ​នឹង​សម្រួលការ​ដឹក​ជញ្ជូន​កសិផល​ដ៏​សម្បូរ​បែប​នៅ​ភូមិភាគ​ពាយ័ព្យ ទៅ​កាន់​កំពង់​ផែ​នៅ​ខេត្តកោះកុង ដើម្បី​ដឹក​ចេញ​ទៅ​កាន់​ប្រទេស​ទី​២ ដែល​ជា​ការ​កាត់​បន្ថយ​ការ​ពឹងផ្អែក​ប្រទេស​ជិតខាង ។

លោក​ទេស​រដ្ឋមន្ត្រី ស៊ុ​ន ចាន់​ថុ​ល ថ្លែង​ថា ៖« ការ​សាងសង់​ផ្លូវ​នេះ​ពិតជា​រួមចំណែក​លើក​ស្ទួយ​សេដ្ឋកិច្ច​សង្គម​កម្ពុជា និង​ពង្រីក​ទីផ្សារ​កម្ពុជា​ជាមួយ​ប្រទេស​ដទៃ​ទៀត »​។ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​កម្ពុជា​បាន​មាន​ប្រសាសន៍​ក្នុង​ពេល​អញ្ជើញ​ចូលរួម​ពិធីបុណ្យ​សមុទ្រ​នៅ​ខេត្តកោះកុង​កាលពី​ចុងឆ្នាំ​មុន​ថា ប្រជាជន​នៅ​តំបន់​នេះ សូម​រង់ចាំ​បន្តិច ព្រោះ​សម្តេច​នឹង​សាងសង់​ផ្លូវ​នេះ​នា​ពេល​ឆាប់​ៗ​ខាង​មុខ​នេះ ។

ផ្លូវជាតិ​ថ្មី​លេខ​៥៥.៤​នេះ​នឹង​ត្រូវ​បាន​ស្ថាបនា​ចេញពី​ចំណុច​អក្សរ​(T) ក្នុងភូមិ​ព្រៃធំ ឃុំ​កំពង់​ល្ពៅ ស្រុក​សំឡូត ភ្ជាប់​ទៅ​ផ្លូវជាតិ​លេខ​៥៥ ត្រង់​ចំណុច​ប្រ​ម៉ោ​យ ក្នុងស្រុក​វាល​វែង ខេត្តពោធិ៍សាត់ ហើយ​បន្ត​ឆ្ពោះទៅ​កាន់​ខេត្តកោះកុង ដែល​សមិទ្ធផល​នេះ នឹង​លេច​រូបរាង​ឆាប់​ៗ​ខាង​មុខ ៕

Facebook Google Twitter Email

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ