ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចិន​ចាប់ផ្ដើម​សិក្សា​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​បា​វិត​ជា​ថ្មី

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ មន្ត្រី​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន បាន​ឲ្យ​ដឹង​ថា បច្ចុប្បន្ន​ក្រុមហ៊ុន​ចិន​កំពុង​សិក្សា​សាងសង់​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​បា​វិត​ជា​ថ្មី បន្ទាប់​ពី​ថ្នាក់ដឹកនាំ​ក្រុមហ៊ុន​ស្ពាន​ថ្នល់​ចិន បាន​ប្រកាស​ទទួល​វិនិយោគ​លើ​គម្រោង​នេះ ។ អ្នកនាំពាក្យ​ក្រសួង​សាធារណការ…

រាជធានី​ភ្នំពេញ ៖ មន្ត្រី​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន បាន​ឲ្យ​ដឹង​ថា បច្ចុប្បន្ន​ក្រុមហ៊ុន​ចិន​កំពុង​សិក្សា​សាងសង់​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​បា​វិត​ជា​ថ្មី បន្ទាប់​ពី​ថ្នាក់ដឹកនាំ​ក្រុមហ៊ុន​ស្ពាន​ថ្នល់​ចិន បាន​ប្រកាស​ទទួល​វិនិយោគ​លើ​គម្រោង​នេះ ។ អ្នកនាំពាក្យ​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន លោក​វ៉ា​ស៊ឹ​ម សូ​រិ​យា បាន​ឲ្យ​ដឹង​តាម​ទូរស័ព្ទ​នា​ព្រឹក​ថ្ងៃ​ទី​២២ កុម្ភៈ ម្សិលមិញ​ថា គម្រោង​សាងសង់​ផ្លូវ​ល្បឿន​លឿន​នេះ​សិក្សា​ដោយ​អ្នកជំនាញ​អង្គការ​JICA​រួច​ហើយ ដោយ​គ្រោង​ចំណាយ​ថវិកា​សរុប​៣.៨០០​លាន​ដុល្លារ ដែល​ជា​ការ​ចំណាយ​ដ៏​ធំ ។

លោក​បន្ត​ថា កន្លង​មក​មាន​ក្រុមហ៊ុន​ចិន និង​បច្ចុប្បន្ន​ទំនងជា​មាន​ក្រុមហ៊ុន​ចិន​ជា​ច្រើន​ទៀត កំពុង​សិក្សា​ដើម្បី​ឈាន​ទៅ​សាងសង់​ផ្លូវ​ល្បឿន​លឿន​នេះ ។ លោក​បន្ថែម​ថា ៖« ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​បា​វិត ដែល​សិក្សា​ចំណាយ​អស់​ច្រើន​កន្លង​មក ដោយសារ​ផ្លូវ​នេះ​ត្រូវធ្វើ​ស្ពាន​ប្រវែង​ជា​១០​គីឡូម៉ែត្រ នៅ​តំបន់​ស្រុក​ល្វាឯម ដោយសារ​ផ្លូវ​នេះ​គ្រោង​ធ្វើ​នៅ​ផ្នែក​ខាងឆ្វេង​នៃ​ទន្លេមេគង្គ​»​។ លោក​បន្ត​ថា ៖« ផ្លូវ​ហ្នឹង​នឹង​ឆ្លង​កាត់​រាជធានី​ភ្នំពេញ ខេត្តកណ្តាល ខេត្តព្រៃវែង មុនត​ភ្ជាប់​ទៅ​កាន់​ក្រុង​បា​វិត ខេត្តស្វាយរៀង »​។ ទោះ​ជា​យ៉ាងណា​គំរោង​សាងសង់​ផ្លូវ​នេះ មិនដឹង​បញ្ចប់​ការ​សិក្សា និង​ចាប់ផ្តើម​នៅ​ពេល​ណា​នៅឡើយ​ទេ ។

ក្នុង​ពេល​អញ្ជើញ​ទស្សនកិច្ច​ប្រទេស​ចិន ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​សម្តេច​តេ​ជោ ហ៊ុន សែន បាន​អនុញ្ញាត​ឲ្យ​ថ្នាក់ដឹកនាំ​ក្រុមហ៊ុន​ស្ពាន​ថ្នល់​របស់​ចិន ចូល​ជួប​សម្តែង​ការ​គួរសម ហើយ​សម្តេច​បាន​ជំរុញ​ឲ្យ​ក្រុម​ហ៊ុន​នេះ​ព​ន្លឿ​ន​ការ​សាងសង់​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​ក្រុងព្រះសីហនុ ។ ជាមួយ​គ្នា​នោះ ថ្នាក់ដឹកនាំ​ក្រុមហ៊ុន​ស្ពាន​ថ្នល់​ចិន បាន​ជម្រាប​សម្តេច​តេ​ជោ​ពី​គម្រោង​ដែល​ក្រុមហ៊ុន​នេះ នឹង​ទទួល​សាងសង់​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​បា​វិត ខេត្តស្វាយរៀង​ផង​ដែរ ។

គួរ​កត់​សម្គាល់ថា នេះ​ជា​គម្រោង​ផ្លូវ​ល្បឿន​លឿនទី​២​ហើយ​របស់​កម្ពុជា ខណៈ​ដែល​គម្រោង​ផ្លូវ​ល្បឿន​លឿនទី​១ ពី​ភ្នំពេញ ឆ្ពោះទៅ​ខេត្ត​ព្រះ​សីហ​នុ គ្រោង​នឹង​បើក​ការដ្ឋាន​សាងសង់​ឆាប់​ៗ​នេះ ។

ប្រធាន​ក្រុមប្រឹក្សា​វិទ្យាស្ថាន​សិក្សាការ​អភិវឌ្ឍ លោក​បណ្ឌិត ម៉ី កល្យាណ បាន​ថ្លែង​ថា បញ្ហា​ហេដ្ឋា​រចនា​សម្ព័ន្ធ​ជា​រឿង​ប្រឈម​មួយ​ក្នុង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​កម្ពុជា ប៉ុន្តែ​រាជរដ្ឋាភិបាល​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​បាន​រៀបចំ​គោលនយោបាយ និង​វិនិយោគ​លើ​ហេដ្ឋារចនាសម្ព័ន្ធ​យ៉ាងច្រើន ដើម្បី​ជំរុញ​កំណើន​​សេដ្ឋកិច្ចជាតិ ហើយ​អ្វី​ដែល​រាជរដ្ឋាភិបាល​បាន​ធ្វើ គឺ​ស្ថិត​ក្នុង​ទិស​ដៅ​ត្រឹមត្រូវ​មួយ​ហើយ ។

លោក​ថ្លែង​ថា ៖« វា​ជា​រឿង​ចាំបាច់​ដែល​ត្រូវ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ ដើម្បី​រុញ​សេដ្ឋកិច្ច​កម្ពុជា​ទៅ​កាន់​ដំណាក់កាល​ថ្មី​មួយទៀត ព្រោះ​បើ​ចង់​ឲ្យ​សេដ្ឋកិច្ច​កម្ពុជា​កើនឡើង និង​ឈាន​ទៅ​កាន់​លំដាប់​ថ្មី កម្ពុជា​ត្រូវការ​វិនិយោគ​លើ​ហេដ្ឋារចនាសម្ព័ន្ធ​បន្ថែម​ទៀត »៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ