ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វិធី​ការពារ និង​ព្យាបាល​ជំងឺ​ឆ្កែឆ្កួត ដែល​បណ្តាល​មក​ពី​ឆ្កែ​-​ឆ្មា​ខាំ ឬ​ក្រញៅ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​កន្លង​មកនេះ ប្រជាពលរដ្ឋ​រាប់រយ​នាក់​មាន​ក្មេង មាន​ចាស់​បាន​សម្រុក​មក​កាន់​វិទ្យាស្ថាន​ប៉ាស្ទ័រ​ដើម្បី​ទទួល​សេវា​ចាក់​ថ្នាំ​បង្ការ​ជម្ងឺ​ឆ្កែឆ្កួត ហើយ​ស្រប​ពេល​ជាមួយ​គ្នា​នេះ​ដែរ មន្ទីរពេទ្យ​កាល់​ម៉ែ​ត​ក៏​បាន​ចេញ​អត្ថបទ​មួយ​តាម​បណ្តាញ​សង្គម​ស្តី​ពី វិធី​ការពារ និង​ព្យាបាល​ជំងឺ​ឆ្កែឆ្កួត ដែល​បណ្តាល​មក​ពី​ឆ្កែ​ខាំ…

រាជធានី​ភ្នំពេញ ៖ ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​កន្លង​មកនេះ ប្រជាពលរដ្ឋ​រាប់រយ​នាក់​មាន​ក្មេង មាន​ចាស់​បាន​សម្រុក​មក​កាន់​វិទ្យាស្ថាន​ប៉ាស្ទ័រ​ដើម្បី​ទទួល​សេវា​ចាក់​ថ្នាំ​បង្ការ​ជម្ងឺ​ឆ្កែឆ្កួត ហើយ​ស្រប​ពេល​ជាមួយ​គ្នា​នេះ​ដែរ មន្ទីរពេទ្យ​កាល់​ម៉ែ​ត​ក៏​បាន​ចេញ​អត្ថបទ​មួយ​តាម​បណ្តាញ​សង្គម​ស្តី​ពី វិធី​ការពារ និង​ព្យាបាល​ជំងឺ​ឆ្កែឆ្កួត ដែល​បណ្តាល​មក​ពី​ឆ្កែ​ខាំ (LA RAGE DECLAREE) ផង​ដែរ ។

វិធី​ការពារ​បាន​បង្ហាញ​ថា ជំងឺ​ឆ្កែឆ្កួត ដែល​បណ្តាល​មក​ពី​ឆ្កែ​ខាំ គឺជា​ជំងឺ​រលាក​ខួរក្បាល និង​ខួរឆ្អឹងខ្នង ដែល​បណ្តាល​មក​ពី​វីរុស​ឈ្មោះ Lyssavirus (​នៅ​ក្នុង​ក្រុម Rhabdoviridae) ក៏​ជា​ជំងឺ​មួយ​ធ្ងន់ធ្ងរ ហើយ​បណ្តាល​អោយ​អ្នកជំងឺ​ស្លាប់​១០០% នៅ​ពេល​ចេញ​រោគ​សញ្ញា​។

តាម​របាយការណ៍​របស់​អង្គការ​សុខភាព​ពិភពលោក​នៅ​ឆ្នាំ​២០១៧ នៅ​លើ​ពិភពលោក​ជំងឺ​ឆ្កែឆ្កួត ដែល​បណ្តាល​មក​ពី​ឆ្កែ​ខាំ ស្លាប់​ប្រហែល​៥៩០០០​នាក់​ក្នុង​មួយ​ឆ្នាំ ជា​ពិសេស​នៅ​ក្នុង​តំបន់​អាស៊ី​និង​អាហ្វ្រិក ។

ក​-​មូលហេតុ និង​ការ​ចម្លង ៖ ការ​ចម្លង​វីរុស​ជំងឺ​ឆ្កែឆ្កួត​ពី​សត្វ​មក​មនុស្ស ដោយសារ​ការ​ខាំ (morsure), ខ្វាច (griffure), លិឍ​លើ​ដំបៅ​ឬ​របួស (léchage) ដែល​៩៩%​តាម​រយៈ​សត្វ​ឆ្កែ​ដែល​មាន​ផ្ទុក​វីរុស​ឆ្កែឆ្កួត ការ​ចម្លង​វីរុស​ជំងឺ​ឆ្កែឆ្កួត​ពី​មនុស្ស​មក​មនុស្ស​គឺជា​ករណី​មួយ​កម្រ​មាន​។ តែ​អាច​ឆ្លង​ពី​ម្តា​យមក​កូន​នៅ ពេល​មាន​ផ្ទៃពោះ​។

ខ​-​រោគ​សញ្ញា​និង​ការ​បង្ក​រោគ ៖ ១-​ការ​បង្ក​រោគ (Période d’incubation) ៖ ចាប់ពី​ពេល​ឆ្កែ​ខាំ​រហូត​ដល់​ពេល​ចេញ​រោគ​សញ្ញា មានការ​ប្រែប្រួល​ពី​៧​ថ្ងៃ​រហូត​ដល់​លើស​ពី​១​ឆ្នាំ​។ តែ​ជា​មធ្យម​ប្រហែល​ពី​១៥​ថ្ងៃ​ដល់​៦០​ថ្ងៃ​។ ២-​រោគ​សញ្ញា (Symptômes) ៖ រោគ​សញ្ញា​ដំបូង (Période prodromique) មាន​រយៈពេល​ពី​២​ថ្ងៃ​ទៅ​១០​ថ្ងៃ ៖ មានការ​ឈឺ​ចុកចាប់​នៅ​កន្លែង​ខាំ​បែប​រមាស់ ក្តៅ ឬ​ស្ពឹក​, ជួន​មាន​ក្តៅខ្លួន ជួន​អត់​មាន​ក្តៅខ្លួន​, អត់ឃ្លាន​ចំណីអាហារ ចង្អោរ ក្អួត រាគ​, ឈឺក្បាល វិលមុខ តប់​ប្រ​ម៉​ល់​ក្នុង​ខ្លួន​ដេក​មិន​លក់ យល់សប្តិវង្វេង​ៗ ។

រោគ​សញ្ញា​ដំណាក់កាល​បន្ទាប់​មក​ទៀត (Période d’état) គឺជា​ដំណាក់​កាលដែល​រលាក​ខួរក្បាល​និង​ខួរឆ្អឹងខ្នង​ដែល​មាន​រោគ​សញ្ញា​ដូច​តទៅ​៖ អ្នកជំងឺ​គ្រប់គ្រង​ខ្លួនឯង​លែង​បាន​, អ្នកជំងឺ​នៅ​មិន​ស្ងៀម​មាន​ចលនា​រហូត (Hyperactivité) ។

រោគ​សញ្ញា​ពិសេស​របស់​ជំងឺ​ឆ្កែឆ្កួត​គឺ​៖ ខ្លាច​ទឹក (hydrophobie) និង​ខ្លាច​ខ្យល់ (aérophobie), ចេញ​ទឹកមាត់​ច្រើន (Hypersalivation) ចេញ​ញើស​ច្រើន ចេញ​នោម​អត់​ដឹងខ្លួន​, ពិបាក​លេប​ចំណីអាហារ (Dysphagie), មាន​ប្រកាច់ (convulsions) រហូត​ដល់​សន្លប់​(Coma), ការ​ស្លាប់​ជា​មធ្យម​៥ ថ្ងៃក្រោយ​ពី​ចេញ​រោគ​សញ្ញា​ណាមួយ​ខាងលើ​នេះ ។

គ​-​ការ​ព្យាបាល​ក្រោយ​ពី​ឆ្កែ​ខាំ ៖ ក្រោយ​ពី​ឆ្កែ​ខាំ​ភ្លាម​ត្រូវ​លាង​សំអាត​មុខរបួស​ដោយ​ទឹក​និង​សាប៊ូ​យ៉ាងតិច​បំផុត​ក៏​១៥​នាទី​ដែរ បន្ទាប់​មក​លាង​សំអាត​ជាមួយ​ទឹក​ថ្នាំ​សំលាប់​មេរោគ​ដូច​ជា អាល់កុល ឬ​អុី​យ៉ូត មិន​ត្រូវ​ដេរ​របួស​ដែល​ឆ្កែ​ខាំ​, ចាក់​វាក់​សាំង​ការពារ​តេតាណូស​, ព្យាបាល​ដោយ​ថ្នាំ​ផ្សះ (​បើ​ចាំបាច់​), ការ​ចាក់​វ៉ាក់សាំង​ប្រឆាំង​នឹង​ជំងឺ​ឆ្កែឆ្កួត (​យក​ល្អ​ត្រូវធ្វើ​ក្នុង​២៤​ម៉ោង​ក្រោយ​ពី ឆ្កែ​ខាំ​ឬ​ប៉ះពាល់​ជាមួយ​សត្វ​ដែល​យើង​សង្ស័យ​ថា​មាន​ផ្ទុកមេរោគ​ឆ្កែឆ្កួត​) ជួប​ប្រឹក្សា​យោបល់​ជាមួយ​វេ​ជ្ជេ​បណ្ឌិត​ដែល​នៅ​ជិត​អ្នក ។

ឃ​-​វិធានការ​ការពារ ៖ ការ​ការពារ​ជំងឺ​ឆ្កែឆ្កួត​គឺ​ផ្អែក​លើ​ការ​ចាក់​ថ្នាំ​បង្ការ​, ចាក់​វ៉ាក់សាំង​ការពារ​ប្រឆាំង​វីរុស​ឆ្កែ​ឆ្កូត ចំពោះ​សត្វ​ដែល​យើង​ចិញ្ចឹម​(​ឆ្កែ ឆ្មា ជាដើម​)​អោយ​បាន​ទៀងទាត់​, ចាក់​វ៉ាក់សាំង​ការពារ​មុន ។

ចំពោះ​អ្នក​ដែល​មាន​ហានិភ័យ​ខ្ពស់​ចំពោះ​ជំងឺ​ឆ្កែឆ្កួត​ដូច​ជា ៖ ពេទ្យសត្វ បុគ្គលិក មន្ទីរ​ពិសោធ​ន៏​ឯកទេស អ្នក​រស់​ជាមួយ​សត្វ​, ចៀសវាង​កុំអោយ ឆ្កែ ឬ ឆ្មា​ខាំ ឬ​លិឍ​លើ​របួស​ឬ​ដំបៅ​។ ចាក់​វ៉ាក់សាំង​ការពារ​ក្រោយ​ពី​ឆ្កែ​ខាំ​(Prophylaxie post-expositionnelle)​។

ប្រសិនបើ​លោក​អ្នកមាន​ឆ្កែ​ខាំ ឬ សត្វ​ដែល​ចិញ្ចឹម​កូន​ដោយ​ទឹកដោះ ហើយ​ស៊ីសាច់​ជា​អាហារ​ខាំ សូម​មក​ពិគ្រោះ​យោបល់​ជាមួយ​វេជ្ជបណ្ឌិត​ឯកទេស​នៅ​មន្ទីរពេទ្យ​កាល់​ម៉ែ​ត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ