ខេត្តកណ្តាល ៖ នៅព្រឹកថ្ងៃទី២២ កុម្ភៈ សាលាដំបូងខេត្ត បានបើកសវនាការជំនុំជម្រះសំណុំរឿងសម្លាប់សង្សាររបស់ខ្លួនយ៉ាងព្រៃផ្សៃ រួចញាត់សពចូលក្នុងធុងទឹកកកយកទៅទម្លាក់ចោលនៅគល់ស្ពានព្រែករូងទី២ ក្នុងស្រុកខ្សាច់កណ្តាល តែការប្រកាសសាលក្រមផ្តន្ទាទោសនឹងធ្វើនៅថ្ងៃទី១២ ខែមីនា ខាងមុខ ។ សវនាការនេះ មានលោក គឹម ម៉េង ជាប្រធានក្រុមប្រឹក្សាជំនុំជម្រះ លោក ទី សំណាង និងលោក ឆែ វីវឌ្ឍនៈ ជាចៅក្រម ដោយមានការចូលរួមពីលោក ឯក ស៊ុនរស្មី ជាតំណាងអយ្យការ ។ ក្រោយពីបញ្ចប់ការសួរដេញដោលរួចមក លោក គឹម ម៉េង ជាចៅក្រមជំនុំជម្រះសាលាដំបូងខេត្ត បានសម្រេចលើកពេលប្រកាសសាលក្រមទៅថ្ងៃទី១២ ខែមីនាខាងមុខ ។
ជនជាប់ចោទឈ្មោះ សឿ សុខផេង ភេទប្រុស អាយុ៣១ឆ្នាំ មានទីលំនៅក្នុងភូមិដីថ្មីសង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ ត្រូវបានលោក គឹម រ័ត្នណារិន ចៅក្រមសើុបសួរសាលាដំបូងខេត្ត កាលពីល្ងាចថ្ងៃទី២០ មីនា ឆ្នាំ២០១៨ សម្រេចចេញដីកាឃុំខ្លួនក្នុងពន្ធនាគារជាបណ្តោះអាសន្នពីបទ «ឃាត
កម្មគិតទុកជាមុន» តាមមាត្រា២០០នៃក្រមព្រហ្មទណ្ឌ ។ យោងតាមបទល្មើសនេះ កំណត់ផ្តន្ទាទោសជនជាប់ចោទប្រឈមមុខជាប់ពន្ធនាគារមួយជីវិត ដែលប្រព្រឹត្តនៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៨ នៅចំណុចគល់ស្ពានព្រែករូងទី២ផ្នែកខាងលិច តាមផ្លូវជាតិលេខ៨ ក្នុងភូមិអន្លង់ ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។
ជុំវិញការស្រាវជ្រាវចាប់ខ្លួនឃាតករ ត្រូវបានលោកឧត្តមសេនីយ៍ទោ អ៊ាវ ចំរើន ស្នងការនគរបាលខេត្តឲ្យដឹងថា ប្រតិបត្តិការនេះធ្វើឡើងដោយសហការគ្នារវាងកម្លាំងនគរបាលនៃស្នងការស្នងការដ្ឋានខេត្ត និងកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ ក្រោមបញ្ជាផ្ទាល់ពីលោកនាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ ។ នារីរងគ្រោះឈ្មោះ យឿន ធានី អាយុ២៨ឆ្នាំ មានស្រុកកំណើតនៅភូមិក្រូចសើច ឃុំហាន់ ជ័យ ស្រុកកំពង់សៀម ខេត្តកំពង់ចាម មានឪពុកឈ្មោះ យិន យឿន អាយុ៦៨ឆ្នាំ និងម្តាយឈ្មោះ ផល សៀន អាយុ៦៤ឆ្នាំ ។
សូមរំឭកថា កាលពីវេលាម៉ោង២និង២៤នាទីរសៀលថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៨កន្លងទៅ នៅគល់ស្ពានព្រែករូងទី២ផ្នែកខាងលិចតាមផ្លូវជាតិលេខ៨ ក្នុងភូមិអន្លង់ ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល មានអ្នកបើកម៉ូតូកង់បីប្រទះឃើញធុងទឹកកកពណ៌ក្រហមចំណុះ២០០លីត្រមួយ ចាក់សោប្លុងចោល ក្បែរផ្លូវ ក៏រាយការណ៍ប្រាប់នគរបាលចរាចរណ៍ដែលឈរជើងនៅគោលដៅក្បែរនោះ ។
ភ្លាមនោះ សមត្ថកិច្ចបានទៅពិនិត្យឃើញធុងទឹកកកខាងលើមានចាក់សោពណ៌ខ្មៅ និងបានកាត់ត្រចៀកធុងទឹកកកនោះបើកមើល ឃើញសពស្រី្តម្នាក់អាក្រាតកាយនៅក្នុងនោះដែលមានអាយុប្រហែលចន្លោះពី២៨ឆ្នាំទៅ៣៥ឆ្នាំ មានកម្ពស់១,៥០ម៉ែត្រ ។ ចំណែកនៅជាមួយសពមាន មួកសុវត្ថិភាព១ កាបូបដៃ១ ដែលក្នុងនោះមាន ស៊ីមទូរស័ព្ទ១ កាំបិតចិតបន្លែចុងស្រួចដងឈើបាក់ផ្លែ១ អាវពណ៌លឿង១ ខ្សែភ្លើងមានឌុយដាក់ក្នុងថង់ប្លាស្ទិក១ អាវទ្រនាប់ពណ៌ផ្កាឈូក១ ដបទឹកបរិសុទ្ធ១ រ៉ូបពណ៌ផ្កាឈូក១មានប្រឡាក់ឈាម កន្សែងពោះគោពណ៌សឆ្នូត១ ម៉ាស់ពណ៌ខៀវ១ ស្បែកជើងស្រី១គូ និងស្បៃដុសខ្លួន១ ។
នៅលើមុខសពនិងស្មាខាងស្តាំ មានស្នាមបាញ់ស្ប្រ៉ាយពណ៌ខ្មៅ មានស្នាមរបួសនៅគុម្ព ត្រចៀកខាងស្តាំមុតរយះដល់ថ្ពាល់ ដាច់រយះសៀតផ្កាខាងស្តាំ រលាត់ស្បែកដើមដៃទាំងសង ខាង មានស្នាមមុតនៅលើទ្រូងនិងលើពោះចំនួន២០កន្លែង ធ្លុះ៧កន្លែង ឈាមហូរចេញពីមាត់ បាក់ឆ្អឹងចង្កា របូតធ្មេញដាក់ខាងក្រោម របួសបបូរមាត់ខាងស្តាំ១កន្លែង របួសច្រមុះខាងស្តាំ១កន្លែង ស្នាមរោលខ្លោចរលាត់ស្បែកខាងក្រោយខ្នង ស្នាមរោលខ្លោចកំប៉េះគូទទាំងសង ខាង ស្នាមរោលខ្លោចរលាត់ស្បែកកំភួនជើងទាំង សងខាង ស្នាមជាំភ្លៅឆ្វេង១កន្លែង និងរលាត់ស្បែកជង្គង់ខាងស្តាំ១កន្លែង ។
យោងតាមចម្លើយសារភាពរបស់ជនជាប់ចោទថា មូលហេតុដែលគេសម្លាប់ស្ត្រីរងគ្រោះខាងលើបណ្តាលមកពីត្រូវការលុយ ព្រោះរូបគេលេងល្បែងចាញ់និងជំពាក់លុយគេច្រើន ។ រូបគេស្គាល់នាង២ទៅ៣ឆ្នាំហើយ ហើយនៅថ្ងៃកើតហេតុ នាងបានមកជួសជុលទូរស័ព្ទនៅកន្លែងរបស់ខ្លួនឃើញនាងមានពាក់គ្រឿងអលង្ការនៅជាប់ខ្លួនច្រើន ក៏រៀបចំគម្រោងសម្លាប់តែម្តង ។ ជនជាប់ចោទឆ្លើយទៀតថា ខ្លួនចាញ់ល្បែងនិងបានយកម៉ូតូរបស់ខ្លួនមួយគ្រឿងម៉ាកហុងដា ឌ្រីម ស៊េរីឆ្នាំ២០១៨ ទៅបញ្ចាំ ។ លុះក្រោយពេលសម្លាប់នាងរួច ខ្លួនបានយកម៉ូតូនាងម៉ាកហ្សូ៊ម័រអុិចទៅលក់យកលុយទៅលោះម៉ូតូរបស់ខ្លួនមកវិញ ហើយក៏ត្រូវសមត្ថកិច្ចចាប់ខ្លួន ៕
ចែករំលែកព័តមាននេះ