ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នៅ​ចាំ​បានទេ! អតីត​អ្នកចម្រៀង​មាន​ឈ្មោះ​ល្បី​ជំនាន់​លោក​ប៊ុ​ន ចាន់​ថន

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ អតីត​អ្នកចម្រៀង​មានឈ្មោះ​ល្បី​ជំនាន់​លោក​ប៊ុ​ន ចាន់​ថន គឺ​អ្នក​នាង​មាស សុ​ម៉ា​លី បាន​មក​លេង​ស្រុក​កំណើត​រយៈពេល​៣​ស​ប្តា​ហ៍ ដោយ​បច្ចុប្បន្ន​អ្នកស្រី​រស់នៅ​អា​មេ​រិ​ក ។ វត្ត​មាននៅ​លើ​ទឹកដី​កំណើត​នេះ​អ្នកស្រី​មាស សុ​ម៉ា​លី…

រាជធានី​ភ្នំពេញ​៖ អតីត​អ្នកចម្រៀង​មានឈ្មោះ​ល្បី​ជំនាន់​លោក​ប៊ុ​ន ចាន់​ថន គឺ​អ្នក​នាង​មាស សុ​ម៉ា​លី បាន​មក​លេង​ស្រុក​កំណើត​រយៈពេល​៣​ស​ប្តា​ហ៍ ដោយ​បច្ចុប្បន្ន​អ្នកស្រី​រស់នៅ​អា​មេ​រិ​ក ។ វត្ត​មាននៅ​លើ​ទឹកដី​កំណើត​នេះ​អ្នកស្រី​មាស សុ​ម៉ា​លី បាន​ចូលរួម​ច្រៀង​តាម​កម្មវិធី​ទូរទស្សន៍​មួយ​ចំនួន​ធ្វើ​ឲ្យ​មហាជន​នឹកឃើញ​ឡើង​វិញ​ដល់​អ្នក​នាង ពិសេស​បទ​ចម្រៀង​«​ប្រុស​ល្អ​ភ្លេច​ខ្ញុំ​»​ដ៏​ពីរោះ ។

នេះ​ជា​បទ​ចម្រៀង​ដ៏​ល្បី​របស់​អ្នក​នាង​សុ​ម៉ា​លី ក្នុងអំឡុងពេល​រស់នៅ​ស្រុក​ខ្មែរ ។ ការ​បង្ហាញ​វត្តមាន​ជា​ថ្មី​របស់​តារាចម្រៀង​រូប​នេះ​បាន​ធ្វើ​ឡើង​ដូច​ទៅ​នឹង​អ្វី​ដែល​អ្នកស្រី​ធ្លាប់​បាន​លើក​ឡើង​នា​ពេល​កន្លង​ទៅ​ថា អ្នកស្រី​នឹង​លេចមុខ​ឡើង​ច្រៀង​ក្នុង​មួយ​ឆ្នាំ​ម្ដង គ្រប់ពេល​មក​ទិញ​ទំនិញ​ពី​កម្ពុជា​ទៅ​ផ្គត់ផ្គង់ ក្នុង​ហាង​នៅ​សហរដ្ឋអាមេរិក ។ អ្នកចម្រៀង​មាស សុ​ម៉ា​លី បាន​លា​ចេញពី​ស្រុក​កំណើត​ទៅ​ផ្ញើប្រាណ​នៅ​ទឹកដី​សហរដ្ឋអាមេរិក នៅ​ឆ្នាំ​១៩៩៤ ។

នា​ពេល ថ្មី​ៗ​កន្លង​មក​អ្នក​នាង​មាស សុ​ម៉ា​លី ថ្លែងប្រាប់​កោះសន្តិភាព​ថា «​ខ្ញុំ​មិន​ទាន់​បោះចោល​សិល្បៈ​ទេ គឺ​នៅ​តែ​ប្រឡូក​ដដែល តែ​មិនមែន​ក្នុង​ន័យ​ចង់​រក្សា​ភាព​ល្បីល្បាញ​ដូច​អតីតកាល​ទៀត​ទេ ពោល​គឺ​តាម​ការ​ចង់បាន និង​អញ្ជើញ​ពី​ជនរួមជាតិ​ខ្មែរ​ដែល​រស់នៅ​អា​មេ​រិ​ក​តែ​ប៉ុណ្ណោះ ។ នៅ​អា​មេ​រិ​ក​អ្នកស្រី​បាន​ដើរ​ច្រៀង​តាម​រដ្ឋ ផ្សេង​ៗ​ដែល​មាន​ខ្មែរ​យើង​រស់នៅ​តាម​ការ​ស្នើ​សុំ ខណៈ​ពេល​ខ្លះ​អ្នកស្រី​ក៏​បាន​ឆ្លង​ទៅ​ច្រៀង​ដល់​ប្រទេស​កា​ណា​ដា​ផង​ដែរ »​។

មក​ស្រុក​ខ្មែរ​នា​ពេល​នេះ​អ្នក​នាង​មាស សុ​ម៉ា​លី ថា​គឺ​ធ្វើ​ឡើងជា​ធម្មតា ព្រោះ​អ្នកស្រី​ត្រូវ​ទិញ​ក្រណាត់​ប៉ាក់ ថ្មី​ៗ និង​សម្លៀក​បំពាក់​ផ្គត់ផ្គង់​ហាង ។ យ៉ាង​ហោច​ម្ដង​ក្នុង​មួយ​ឆ្នាំ​អ្នក​នាង​មក​ទិញ​អីវ៉ាន់​ពី​ស្រុក​ខ្មែរ​ដើម្បី​ឲ្យ​អាជីវកម្ម​ទាន់សម័យ ដោយសារ​តែ​អ្នកស្រី​បាន​បើកហាង​អ៊ុតសក់ និង​សម្អាងការ​ធំ​បោះទុន​អស់​ប្រមាណ​ជាង​ដប់​ម៉ឺន​ដុល្លារ នៅ​សហរដ្ឋអាមេរិក ។

អ្នក​នាង​មាស សុ​ម៉ា​លី ឲ្យ​ដឹង​ថា នៅ​អា​មេ​រិ​ក មិនមែន​តែ​ខ្មែរ​ទេ​ដែល​ចង់ការ​បែប​ប្រពៃណី​ខ្មែរ​យើង គឺ​សូ​ម្បី​តែ​ជនជាតិ​អា​មេ​រិ​ក​ខ្លះ ដែល​យកប្រពន្ធ​ខ្មែរ ឬ​ប្ដី​ខ្មែរ ក៏​និយម​រៀប​ការ​របៀប​ខ្មែរ​ដែរ ដូច្នេះ​ហើយ​ទើប​អ្នក​នាង​មាន​អ្នក​ទាក់ទង​ជួល​ផ្នួង​ច្រើន តាំងពី​មិន​ទាន់​បើក​ពេញលេញ ។

ស្ថិត​ក្នុង​វ័យ​ជាង​៥០​ឆ្នាំ អ្នក​នាង​មាស សុ​ម៉ា​លី មិន​ទាន់​ជំពាក់ជំពិន​ផ្លូវ​ចិត្តនឹង​បុរស​ណា​ម្នាក់​ឡើយ បន្ទាប់​ពី​បែកបាក់​ស្វាមី​លើក​ទី​ពីរ ។ អ្នក​នាង​មានកូន​តែ​ពីរ​នាក់​ប៉ុណ្ណោះ​ពី​ស្រុក​ខ្មែរ​យើង គឺ​កូនប្រុស​ច្បង​អាយុ​ជាង​៣០​ឆ្នាំ​ធ្វើ​ជា​ទាហាន​នៅ​អា​មេ​រិ​ក និង​កូនស្រី​ពៅ គឺជា​ជាង​អ៊ុតសក់ និង​តែងការ​ប្រចាំ​ហាង​របស់​អ្នកស្រី ។

បើ​តាម​អ្នក​នាង​មាស សុ​ម៉ា​លី សិល្បៈ​គឺ​អ្នកស្រី​នៅ​តែ​ស្រឡាញ់​ដោយ​មិន​បោះបង់​ចោល​ឡើយ ទោះជា​អាយុ​កាន់តែ​ច្រើន និង​ឃ្លាតឆ្ងាយ​ពី​មាតុប្រទេស​ក៏​ដោយ ។ អ្នក​នាង​មាស សុ​ម៉ា​លី ម្ចាស់​បទ​ដ៏​ល្បី​កាលពី​ច្រើន​ឆ្នាំ​មុន​គឺ​បទ​«​ភ្លេច​ពាក្យ​សម្បថ​»​និង​បទ​«​ប្រុស​ល្អ​ភ្លេច​ខ្ញុំ​» ។ បច្ចុប្បន្ន​អ្នក​នាង​មាស សុ​ម៉ា​លី ​រស់នៅ​ទីក្រុង​ឡុ​ង​ប៊ិ​ច រដ្ឋ​កាលី​ហ៊្វ័រ​នី​ញ៉ា សហរដ្ឋអាមេរិក ។ រយៈកាល​ទៅ​រស់​ក្នុង​ទឹកដី​អា​មេ​រិ​ក មហាជន​នៅ​ក្នុង​ប្រទេស​កម្ពុជា​ដែល​ធ្លាប់​ស្តាប់​បទ​ចម្រៀង​របស់​អ្នក​នាង​មាស សុ​ម៉ា​លី តែងតែ​នឹង​រលឹក​ដល់​តារាចម្រៀង​រូប​នេះ​ជា​និច្ច ។

ជា​កូនកំព្រា​អ្នក​នាង​មាស សុ​ម៉ា​លី បាន​ចាប់​ប្រឡូក​ក្នុង​វិស័យ​សិល្បៈ​ដំបូង​ដោយ​ជា​អ្នកចម្រៀង​ល្បី​ឈ្មោះ​មួយ​រូប​ប្រចាំ​ខេត្តកំពត មុន​ពេល​អ្នកស្រី​បាន​មក​រស់នៅ​ទីក្រុង​ភ្នំពេញ​។ ជីវិត​នៅ​ភ្នំពេញ​អ្នក​នាង​មាស សុ​ម៉ា​លី ច្រៀង​នៅ​តាម​រង្គសាល​មួយ​ចំនួន​ដូច​ជា​រង្គសាល​ទន្លេសាប និង​ផ្កាឈូក​ទិព្វ​ជាដើម ។

ក្រោយមក​ជីវិត​ជា​បាន​អណ្តែត​ឡើង​ក្លាយជា​អ្នកចម្រៀង​ល្បី ហើយ​បទ​ចម្រៀង​អ្នក​នាង​សុ​ម៉ា​លី តែងតែ​ចាក់​ផ្សាយ​បម្រើ​អារម្មណ៍​ប្រិ​យ​មិត​អ្នក​ស្តាប់​តាម​វិទ្យុជាតិ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ