ឧបករណ៍អេឡិចត្រូនិក គឺជាផ្នែកមួយដ៏សំខាន់នៃជីវិតរបស់យើង ប៉ុន្តែវាក៏សំខាន់ដែរក្នុងការដើរចេញពីវាម្តងម្កាល ជាពិសេសសម្រាប់កុមារដែលកំពុងតែលូតលាស់ ។ ក្នុងរបាយការណ៍មួយរបស់វិទ្យាស្ថានសុខភាពជាតិរបស់ចក្រភពអង់គ្លេស បានផ្ដល់ដំបូន្មានថា សកម្មភាពដែលអង្គុយទល់មុនស្គ្រីនទូរស័ព្ទ អាចប៉ះពាល់ដល់សុខភាពផ្លូវចិត្ត និងសតិរបស់កុមារ ។
ដើម្បីដោះស្រាយបញ្ហានេះ ក្រុមវេជ្ជសាស្ត្រខាងលើបានផ្តល់មតិយោបល់ដើម្បីជួយដល់អាណាព្យាបាល និងអ្នកមើលថែទាំកុមារក្នុងការគ្រប់គ្រងសកម្មភាពកុមារលើឧបករណ៍អេឡិចត្រូនិក ក្នុងនោះរួមមានការមិនអនុញ្ញាតឲ្យកុមារយកស្មាតហ្វូនចូលក្នុងបន្ទប់គេងក្នុងកំឡុងពេលចូលដំណេកជាដើម ដើម្បីឲ្យពួកគេទទួលបានការគេងគ្រប់គ្រាន់ ។
ពេលដែលនៅសាលារៀន ឪពុកម្តាយឬអាណាព្យាបាលគួរប្រាប់ដល់កូនៗឲ្យគោរពតាមបទបញ្ជាសាលារៀនទាក់ទិននឹងគ្រឿងអេឡិចត្រូនិក និងប្រាប់ដល់កូនៗមិនឲ្យប្រើស្មាតហ្វូនពេលដែលកំពុងដើរឆ្លងផ្លូវ ឬធ្វើសកម្មភាពដែលតម្រូវឲ្យមានការយកចិត្តទុកដាក់ជាដើម ។
អ្នកគួរតែបង្រៀនកូនៗពីគ្រោះថ្នាក់នៃការចែករំលែករូបភាព និងព័ត៌មានលើអីុនធើរណែត ហើយក្នុងនាមជាអាណាព្យាបាល អ្នកក៏គួរតាមដានមើលរូបភាពដែលកូនៗបង្ហោះនិងចែករំលែកផងដែរ ។
ប្រសិនបើកូនៗអ្នកចំណាយពេលវេលាច្រើនលើទូរស័ព្ទ អ្នកគួរតែជំរុញដល់ពួកគេឲ្យចេញធ្វើសកម្មភាពដែលប្រើកម្លាំងកាយច្រើន ដូចជាការលេងកីឡាជាដើម និងត្រូវតាមដានអាកប្បកិរិយារបស់កូនៗពេលដែលពួកគេប្រើស្មាតហ្វូន ហើយត្រូវឲ្យពួកគេដឹងថា ពួកគេអាចនិយាយជាមួយអ្នកបានគ្រប់ពេលវេលា ។
អ្នកក៏អាចប្រើកម្មវិធីទូរស័ព្ទផ្សេងៗដើម្បីត្រួតពិនិត្យ និងតាមដានសកម្មភាពកូនៗពេលដែលកំពុងប្រើស្មាតហ្វូនផងដែរ
ជាមួយគ្នានផងដែរ វេជ្ជបណ្ឌិតនៅវិទ្យាស្ថានខាងលើបានកត់សម្គាល់ដែរថា មិនទាន់មានការស្រាវជ្រាវច្បាស់លាសទាក់ទិននឹងចំនួនម៉ោងច្បាស់លាស់ដែលកុមារអាចចំណាយលើស្មាតហ្វូនទេ ប៉ុន្តែអាណាព្យាបាល និងអ្នកមើលថែគួរតែមានការប្រុងប្រយ័ត្នខ្ពស់ ៕
ចែករំលែកព័តមាននេះ