ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មនុស្ស​ម្នា​ល្បី​គ្រប់​គ្នា​ថា វត្ត​ស្វាយ​ជ្រំ​មាន​រឹ​ទ្ធិ​បារមី​ពូកែ​ពិត​ៗ

5 ឆ្នាំ មុន
  • ភ្នំពេញ

ខេត្តស្វាយរៀង ៖ វត្ត​ស្វាយ​ជ្រំ​ជា​វត្ត​មួយ​ចំណាស់ ដែល​មាន​អាយុកាល​រាប់រយ​ឆ្នាំ​ហើយ មហាជន​ក៏​ដូច​មន្ត្រីរាជការ​តូច​ធំ​ដែល​មាន​ដើម​កំណើត​កើត​នៅ​ក្នុង​ខេត្តស្វាយរៀង​តែងតែ​មក​បន់ស្រន់​សុំ​សេចក្តីសុខ និង​បន់​សុំ​ឡើង​ឋានៈ រីឯ​សិស្សានុសិស្ស​មក​បន់​សុំ​ឲ្យ​ប្រឡង​ជាប់​ហើយ​អ្នកខ្លះ​ទៀត​ពេល​ប្តឹងផ្តល់​គ្នា​ក៏​មក​ស្បត់​នៅ​វត្ត​ស្វាយ​ជ្រំ​នេះ​ដែរ ។ បើ​តាម​ព្រះសង្ឃ​មួយ​អង្គ​ព្រះ​នាម ព្រហ្ម…

ខេត្តស្វាយរៀង ៖ វត្ត​ស្វាយ​ជ្រំ​ជា​វត្ត​មួយ​ចំណាស់ ដែល​មាន​អាយុកាល​រាប់រយ​ឆ្នាំ​ហើយ មហាជន​ក៏​ដូច​មន្ត្រីរាជការ​តូច​ធំ​ដែល​មាន​ដើម​កំណើត​កើត​នៅ​ក្នុង​ខេត្តស្វាយរៀង​តែងតែ​មក​បន់ស្រន់​សុំ​សេចក្តីសុខ និង​បន់​សុំ​ឡើង​ឋានៈ រីឯ​សិស្សានុសិស្ស​មក​បន់​សុំ​ឲ្យ​ប្រឡង​ជាប់​ហើយ​អ្នកខ្លះ​ទៀត​ពេល​ប្តឹងផ្តល់​គ្នា​ក៏​មក​ស្បត់​នៅ​វត្ត​ស្វាយ​ជ្រំ​នេះ​ដែរ ។

បើ​តាម​ព្រះសង្ឃ​មួយ​អង្គ​ព្រះ​នាម ព្រហ្ម ប​ញ្ញោ​ព្រំ​គឹ​ម​សាន ព្រះ​ជន្ម​៨២​ព្រះ​វស្សា ជា​ព្រះ​គ្រូសូត្រស្តាំ​វត្ត​ស្វាយ​ជ្រំ​បាន​មាន​ថេរ​ដិ​កា​ថា ព្រះ​អង្គ​មានស្រុក​កំណើត​នៅ​ភូមិ​បឹង​វែង​ឃុំ​ស្វាយ​ជ្រំ ស្រុក​ស្វាយ​ជ្រំ​នេះ ហើយ​កើតមក គឺ​បានឃើញ​មាន​វត្ត​ស្វាយ​ជ្រំ​កសាង​រួច​ហើយ មាន​កុ​ដ​សង់​អំពី​ឈើ​ប្រក់​ក្បឿងស្រកាលេញ មាន​ព្រះ​វិហារ​សង់​អំពី​ឈើ​សរសរ​មូល​ធំ​ៗ​ជញ្ជាំង​ក្តា​ប្រក់​ក្បឿងស្រកាលេញ និង​មាន​ឧប្បដ្ឋានសាលា​មួយ​ខ្នង​សង់​អំពី​ឈើ​បូល​ប្រក់​ក្បឿង​ដែរ ។

ព្រះ​តេ​ជ្ជ​គុណ​បន្ត​ទៀត​ថា បើ​តាម​ចាស់ទុំ​បាន​និយាយ​ប្រាប់ត​គ្នា​ថា វត្ត​ស្វាយ​ជ្រំ​កសាង​ឡើង​ក្នុង​អំឡុង​ឆ្នាំ​១៨៦៧ ស្ថិត​នៅ​ភូមិ​បឹង​វែង​ឃុំ​ស្វាយ​ជ្រំ ឬ​ស្រុក​ស្វាយ​ជ្រំ ខេត្ត​រំដួល បច្ចុប្បន្ន​ភូមិ​បឹង​វែង​ឃុំ​ស្វាយ​ជ្រំ ស្រុក​ស្វាយ​ជ្រំ ខេត្តស្វាយរៀង មាន​អាយុ​១៥២​ឆ្នាំ​មក​ហើយ ។

ចំពោះ​ជំនឿ​របស់​មហាជន​ក៏​ដូច​ប្រជា​ពុទ្ធបរិស័ទ គឺ​ដោយ​មានរឿង​កើតឡើង​នៅ​ក្នុង​អំឡុង​ឆ្នាំ​១៩០៨ នៅ​ក្នុង​ខែភទ្របទ រដូវ​បុណ្យ​ភ្ជុំបិណ្ឌ ខណៈនោះ​ទឹក​ឡើង​ធំ ស្រាប់តែ​មានការ​ភ្ញាក់ផ្អើល​ដល់​ប្រជា​ពុទ្ធបរិស័ទ និង​អ្នកស្រុក​ដោយ​បាន​ប្រទះ​ឃើញ​រូប​ព្រះ​បដិមា​មួយ​ព្រះ​អង្គជា​ខ្លឹមឈើ​តា​ត្រាវ ទ្រង់​បិណ្ឌបាត​មាន​កម្ពស់​១,៦៥​ម៉ែត្រ ទម្រង់​ប៉ុន​មនុស្ស​អណ្តែត​ប្រ​ច្រាស់ទឹក​មក​ទើ​នៅ​មាត់បឹង​វែង​ជិត​វត្ត​ស្វាយ​ជ្រំ​នេះ ។ ព្រះ​បដិមា គឺ​ទ្រង់​បិណ្ឌបាត​ដូច​ព្រះសង្ឃ​ទ្រង់​បិណ្ឌបាត​លើគោក​អី​ញ្ចឹ​ង ។ ខណៈនោះ​អ្នកស្រុក និង​គណៈកម្មការ​វត្ត​ស្វាយ​ជ្រំ​ក៏​បាន​យក​ខ្សែពួ​យក​ទៅ​ចង​សែង​លើក​ឡើងគោក ក៏​ប៉ុន្តែ​ដោយ​រិ​ទ្ធិ​បារមី​ព្រះ​អង្គ​បរិ​មា​អង្គ​នេះ ពូកែ​ស័ក្ដិសិទ្ធិ​គ្នា​រាប់​សិប​អ្នក​ក៏​លើក​មិន​រួច អស់​មួយ​ថ្ងៃ​លើក​មិន​រួច​ក៏​ចង​ព្រះ​បដិមា​ទុក​រួច​នាំ​គ្នា​ដេក​យាម​លុះ​ពេលដេក​លក់​ក៏​សុ​បិ​ន្ត​ឃើញ​លោកតា​ចាស់​ម្នាក់​មក​ប្រាប់​ថា បើ​ចង់​លើក​ព្រះ​អង្គ​ឡើង​យក​ទៅ​វត្ត​បាន​ត្រូវ​ស្រាយចំណង​ពួ​នេះ​ចេញ ហើយ​យក​អំបោះ​ប្រាំពី​សរសៃ​យក​មក​ចង​ត្រង់​ចង្កេះ​រួច​ដាក់​ស្នែង​សែង​ទៅ​លើក​រួច​ហើយ ។

មុន​និង​សែង​លើក​ឡើង​ត្រូវ​លេងភ្លេង​ពិណពាទ្យ​៧​ចប់ សុំ​ខមាទោស ហើយ​សែង​លើក​ឡើង​ទៅ​រួច​ហើយ ។ កាល​ណោះ​ក្រោយ​ពី​យល់​សុ​បិ​ន្ត​ឃើញ​ក៏​នាំ​គ្នា​ស្រាយចំណង​ខ្សែពួ​ចេញ​ទាំង​យប់ ដោយ​យក​ខ្សែ​អំបោះ​៧​សរសៃ​ទៅ​ចង​ត្រង់​ចង្កេះ​ព្រះ​បដិមា​ទាំង​យប់ លុះ​ព្រឹក​ឡើង​ក៏​និមន្ត​ព្រះសង្ឃ​មក​សូត្រ​ជ័យ​យ​ន្តោ រួច​លេងភ្លេង​ពិណពាទ្យ​៧​ចប់ សុំ​ខមាទោស​សុំ​និមន្ត​ព្រះ​អង្គ​ឲ្យ​ទៅ​គង់នៅ​ក្នុង​ព្រះ​វិហារ​វត្ត​ស្វាយ​ជ្រំ គ្រាន់តែ​បែ​បន់​សុំ​រួច​ក៏​ដាក់​ស្នែង​សែង​ដោយ​ចង​អំបោះ​៧​សរសៃ គឺ​សែង​រួច​ចេញពី​ទឹក​កាល​ណោះ​ព្រះសង្ឃ និង​ប្រជា​ពុទ្ធបរិស័ទ​មានចិត្ត​ត្រេកអរ​ជា​ខ្លាំង ហើយ​នាំ​គ្នា​ដង្ហែរ​រូប​បដិមា​អង្គ​នោះ​យក​ទៅ​ដាក់​ក្នុង​ព្រះ​វិហារ​គោរព​បូជា​រហូត​រៀង​មក ។

ដោយ​មានការ​យល់​សុ​បិ​ន្ត​ឃើញ​លោកតា​ចាស់​ម្នាក់​មក​ប្រាប់​នោះ​ប្រាប់​ថា​គាត់​ឈ្មោះ​តា​មោ​គ ក៏​បាន​នាំ​គ្នា​កសាង​តូប​ដាក់​រូបសំណាក​លោកតា​មោ​គ ដើ​ម្បើ​គោរព​បូជា​ដែរ បន្ទាប់​មក​ក៏​យល់​សុ​បិ​ន្ត​ឃើញ​លោកយាយ​ម្នាក់​ទៀត​មក​នៅ​ធ្វើ​ធម៌​តាំងសីល​នៅ​ក្បែរ​នោះ​ទៀត គណកម្មការ​អាចារ្យវត្ត​ក៏​បាន​កសាង​អាស្រម​មួយ​ខ្នង​ទៀត ព្រមទាំង​ដាក់​រូបសំណាក​លោកយាយ​ទេព​ក្បែ​អាស្រម​លោកតា​មោ​គ ហើយ​បាន​ធ្វើបុណ្យ​ធំ​មួយ​អភិសេកព្រះ​បដិមា និង​ឡើងអ្នកតា​មោ​គ​និង​លោកយាយ​ទេព​យ៉ាង​អ​ធិ​អធម៌ ។

តំណរ​មក​វត្ត​ស្វាយ​ជ្រំ​មាន​រឹ​ទ្ធិ​បារី​ខ្លាំងពូកែរ​ល្បី​ទូ​ទាំង​ខេត្ត​ជិត​ឆ្ងាយ​មាន​ជំនឿ​ក៏​នាំ​គ្នា​មក​បន់ស្រន់​សុំ​សេចក្តីសុខ និង​តាម​បំណងប្រាថ្នា​របស់​ពួក​គេ​រហូត​មក ។ ដល់​ឆ្នាំ​១៩៧៦​ពួក​ខ្មែរក្រហម​បាន​យក​ទីតាំង​វត្ត​ស្វាយ​ជ្រំ​នេះ​ធ្វើ​ជា​ជង្រុក​ស្រូវ​បាន​រុះ​កុ​ដ​សាលាឆាន់​យក​ទៅ​ធ្វើ​រោង​បាយ​រួម រីឯ​ព្រះ​វិហារ​យក​ធ្វើ​ជា​ជង្រុក​ស្រូវ ។ ដោយ​ពួក​ខ្មែរក្រហម​បាន​យក​រូប​ព្រះ​បដិមា ចេញ និង​វាយបំបាក់​យក​ទៅ​ទម្លាក់​ចោល​ក្នុង​ទឹកស្រះ ចំណែក​រូប​ព្រះ​បដិមា​ដែល​អណ្តែត​ទឹក​ទ្រង់​បិណ្ឌបាត​សាង​អំពី​ឈើខ្លឹម​តា​ត្រាវ​នោះ ត្រូវ​ពួក​ខ្មែរក្រហម​ពុះ​បំបែក​ជា​បំណែក​ៗ​រួច​ដុត​បំផ្លាញ​ចោល​អស់​ទៅ ។ លុះដល់​ឆ្នាំ​១៩៧៩​ក្រោយ​ថ្ងៃ​រំដោះ​៧​មក​រា ពុទ្ធបរិស័ទ​បាន​កសាង​វត្ត​ស្វាយ​ជ្រំ​ឡើង​វិញ ហើយ​បាន​កសាង​អាស្រម​អ្នកតា​មោក និង​អាស្រម​លោកយាយ​ទេព​ឡើង​វិញ ហើយ​គោរព​បូជា​ក៏​មាន​បារមី​កាន់​ពូកែ​ស័ក្តិសិទ្ធិ​ឡើង​វិញ​ដែរ ។

រហូត​នៅ​ឆ្នាំ​១៩៨៧ ព្រះ​គ្រូ​សូ​ឆែម អតីត​ជា​សង្ឃ​គង់នៅ​វត្ត​ស្វាយ​ជ្រំ ក្នុង​ទស្ស​វត្ស​៦០ និង​ទស្ស​វត្ត​៧០ បាន​ទៅ​បួស​ជា​ព្រះសង្ឃ​នៅ​វត្ត​ឧណាឡោម រាជធានី​ភ្នំពេញ​ឆ្នាំ​១៩៨០ ហើយ​នៅ​ឆ្នាំ​១៩៨៧ ក៏​បាន​ធ្វើបុណ្យ​កឋិនទាន​ដង្ហែរ​មក​វត្ត​ស្វាយ​ជ្រំ​នេះ និង​បាន​ឲ្យ​វិចិត្រករ​ឆ្លាក់​រូប​ព្រះ​បដិមា​មួយ​អង្គ​អំពី​ឈើខ្លឹម​ធ្នង់ ទ្រង់​បិណ្ឌបាត​កម្ពស់​១​ម៉ែត្រ​៦៥​ដដែល ក៏​ប៉ុន្តែ​ទម្រង់​តូច​ជា​មុន​បន្តិច លាប​ពណ៌​ទឹកមាស ដង្ហែរ​ពី​រាជធានី​ភ្នំពេញ​មក​ដាក់​ក្នុង​ព្រះ​វិហារ ហើយ​ធ្វើបុណ្យ​អភិសេក រួច​នៅ​ថ្ងៃ​បុណ្យកឋិន​នោះ ។ ចាប់ពី​ដាក់​រូប​បដិមា​ស្នង​មក គឺ​វត្ត​ស្វាយ​ជ្រំ​ចាប់ផ្តើម​មាន​រិ​ទ្ធិ​បារមី​កាន់តែ​ខ្លាំងពូកែរ​ជាង​មុន ធ្វើ​ឲ្យ​ប្រជា​ពុទ្ធបរិស័ទ​មន្ត្រីរាជការ​តូច​ធំ និង​សិស្សានុសិស្ស​ព្រមទាំង​មហាជន​ជិត​ឆ្ងាយ​មាន​ជំនឿ ។

បើ​តាម​លោកតា​អ៊ិ​ន សន អាយុ​៨៦​ឆ្នាំ ជា​គ្រូអាចារ្យ​វត្ត​ស្វាយ​ជ្រំ​បាន​ឲ្យ​ដឹង​ថា ជា​ទូទៅ​គេ​នាំ​គ្នា​មក​បន់ស្រន់​ស្ទើ​រាល់ថ្ងៃ ជា​ពិសេស​នៅ​ថ្ងៃសីល​ថ្ងៃ​ពេញ​បរ​មី ថ្ងៃខែដាច់ ថ្ងៃ​សៅ និង​ថ្ងៃ​អង្គា​រ៍ សិស្សានុសិស្ស​មក​បន់​សុំ​ឲ្យ​ប្រឡង​ជាប់ មន្ត្រីរាជការ​បន់​សុំ​ឡើង​ឋានៈ​តួនាទី អ្នក​រកស៊ី​បន់​ឲ្យ​រកស៊ី​បាន​ចំណេញ​ច្រើន​រីក​ចំរើន អ្នកខ្លះ​បន់​ឲ្យ​លក់​ដី​ដាច់​បាន​ថ្លៃ​ខ្ពស់ ពេល​ពួក​គេ​ទទួល​បាន​លាភ​សិ​កា​រៈ​តាម​ប្រាថ្នា​ក៏​នាំ​គា្ន​មក​ថ្វាយ​លា​ប្រ​ណ​ន់ ។ អ្នកខ្លះ​មាន​ជម្លោះដីធ្លី ឬ​រឿង​ផ្សេង​ក៏​មក​ធ្វើ​ស​ម្ប​ត់ ស្បត់​នៅ​ខាង​មុខ​អ្នកតា​មោក លោកយាយ​ទេព​រួច​ទៅ​ស្បត់​ក្នុង​ព្រះ​វិហារ ហើយ បើ​តាម​ការ​សង្កេត​មើល​បើ​ជន​ណា​ម្នាក់​ហ៊ាន​ស្បត់​បំពាន គឺ​ជួប​គ្រោះ​ទាន់ហន់​ណាស់ ។

បើ​តាម​លោក​ទីវ សភា ប្រធាន​មន្ទីរ​ធម្មការ និង​សាសនា​ខេត្ត​បាន​ឲ្យ​ដឹង​ថា ខេត្តស្វាយរៀង​មាន​២៤៤​វត្ត ក្នុង​នោះ​វត្ត​ធម្មយុត្តិ​និកាយ​១​វត្ត មាន​ព្រះសង្ឃ​គង់នៅ​ចំនួន​២,១៣៦​អង្គ ព្រះសង្ឃ​វត្ត​ធម្មយុត្តិ​និកាយ​២​អង្គ ។ ហើយ​ក្នុង​វត្ត​ទាំង​២៤៤​វត្ត​នេះ គឺ​វត្ត​ស្វាយ​ជ្រំ គឺ​មន្ត្រីរាជការ​និង​ប្រជា​ពុទ្ធ​បរិ​ស​ទ័​មាន​ជំនឿ​ថា មាន​បារមី​គ្រប់គ្រង​ស័ក្តិសិទ្ធិ​ជា​គេ​ក្នុង​ខេត្ត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ