ប្រទេសឥណ្ឌា ៖ យន្តហោះ២គ្រឿងរបស់ក្រុមយន្តហោះសម្ដែងប្ញទ្ធិ SURYA KIRANនៃកងទ័ពអាកាសឥណ្ឌា បានធ្លាក់កាលពីថ្ងៃទី១៩កុម្ភៈ នៅព្រលានយន្តហោះ YELAHANKA តំបន់បឹងហ្គាល័រ ជាកន្លែងត្រៀមទទួលពិព័រណ៏យន្តហោះឆ្នាំ២០១៩ AERO INDIA។
តាមទីភ្នាក់ងារព័ត៌មានឥណ្ឌាANIថា ព័ត៌មានដំបូងៗនិយាយថា យន្តហោះទាំង២នោះបុកគ្នា ពេលកំពុងហោះហើរ រួចអ្នកបើកម្នាក់បានត្រូវស្លាប់ ហើយអ្នកបើកយន្តហោះម្នាក់ទៀតអាចលោតចេញនៅរួចរស់រានមានជីវិត ។
វីដេអូជាច្រើនផ្សាយតាមបណ្ដាញសង្គម ក្រោយគ្រោះថ្នាក់នេះ បង្ហាញយន្តហោះទាំង២ដែលលែងត្រួតត្រាបាន ដាំក្បាលធ្លាក់ចុះក្រោម។ វីដេអូឯទៀតៗបង្ហាញផ្សែងខ្មៅហុយចេញពីលើកន្លែងយន្តហោះធ្លាក់។
បើតាមផ្នែ្នកសង្គ្រោះបន្ទាន់មូលដ្ឋានថា អ្នកបើកម្នាក់បានត្រូវស្លាប់ ទោះជាអាចលោតចេញបាន រួចម្នាក់ទៀតដែលនៅរស់រានក៏រងរបួសដែរ។ ការបុកគ្នាកើតមានពេលហ្វឹកហាត់ សម្រាប់ហោះបង្ហាញនាឱកាសពិព័រណ៏យន្តហោះAERO INDIA។ ប៉ូលិសបឹងហ្គាល័រនិយាយថា បំណែកយន្តហោះបានធ្លាក់ជិតទីតាំងរបស់ISRO ជាទីភ្នាក់ងារស្រាវជ្រាវអវកាសឥណ្ឌា និងថាជនសីុវិលម្នាក់រងរបួសដោយសារបំណែកនៅលើដី។
វាជាគ្រោះថ្នាក់យន្តហោះរបស់កងទ័ពឥណ្ឌាទី២នាខែកុម្ភៈនេះ ខណៈដែលប្រទេសនោះ បានវិនិយោគជាច្រើនសម្រាប់ធ្វើឲ្យឧបករណ៍យោធារបស់ខ្លួនមានភាពទំនើប ព្រោះឧបករណ៍យោធាភាគច្រើនចាស់ៗ។ កាលពីដើមខែនេះយន្តហោះប្រដេញធុន MIRAGE 2000 មួយគ្រឿងដែលធ្វើឲ្យទំនើប ដោយសហគ្រាសរដ្ឋឥណ្ឌាមួយ បានធ្លាក់ក្រោយហោះចេញសាកល្បង នៅបឹងហ្គាល័រដែរ។ អ្នកបើក២នាក់អាចលោតចេញប៉ុន្តែនៅត្រូវស្លាប់ដោយធ្លាក់ចូលក្នុងព្រៃ។ ក្នុងក្របខណ្ឌធ្វើទំនើបកម្មកងយន្តហោះប្រយុទ្ធរបស់ខ្លួន ក្រុងញូវដែល្លីកាលពីឆ្នាំ២០១៦ បានចុះហត្ថលេខា លើកុងត្រាទិញយន្តហោះប្រយុទ្ធធុនRAFALEចំនួន៣៦គ្រឿងពីបារាំង៕ ប្រភពវីដេអូ ៖ SURYA KIRAN
ចែករំលែកព័តមាននេះ