ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភាពយន្ត​ខ្មែរ​ការ​ផលិតកើនឡើង តែ​គុណភាព​មិន​កើន

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ ពេញ​មួយ​ឆ្នាំ​២០១៨​កន្លង​ទៅ​នេះ​ខ្សែភាពយន្ត​ដុំ​ខ្មែរ​ដែល​បាន​ផលិត​និង​ដាក់​បញ្ចាំង​មាន​ចំនួន​៤៣​រឿង ។ ចំនួន​នេះ បើ​ប្រៀបធៀប​ទៅ​ឆ្នាំ​២០១៧​គឺ​មានការ​កើនឡើង ។ ប្រធាន​នាយកដ្ឋាន​ភាពយន្ត និង​ផ្សព្វផ្សាយ​វប្បធម៌​នៃ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​លោក​ប៉ុក បូ​រក្ស…

រាជធានី​ភ្នំពេញ​៖ ពេញ​មួយ​ឆ្នាំ​២០១៨​កន្លង​ទៅ​នេះ​ខ្សែភាពយន្ត​ដុំ​ខ្មែរ​ដែល​បាន​ផលិត​និង​ដាក់​បញ្ចាំង​មាន​ចំនួន​៤៣​រឿង ។ ចំនួន​នេះ បើ​ប្រៀបធៀប​ទៅ​ឆ្នាំ​២០១៧​គឺ​មានការ​កើនឡើង ។

ប្រធាន​នាយកដ្ឋាន​ភាពយន្ត និង​ផ្សព្វផ្សាយ​វប្បធម៌​នៃ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​លោក​ប៉ុក បូ​រក្ស ឲ្យ​ដឹង​ថា នា​ឆ្នាំ​២០១៨​កន្លង​ទៅ​នេះ​ការ​ផលិត​ខ្សែភាពយន្ត​ដុំ​របស់​ខ្មែរ​គឺ​មានការ​កើនឡើង​បន្តិច​ជាង​ឆ្នាំ​២០១៧ ពោល​គឺ​កើន​ពី​៣៥​រឿង​រហូត​ដល់​៤២​រឿង ។ ចំនួន​នេះ​គឺ​គិតតែ​ភាពយន្ត​ដុំ​ប៉ុណ្ណោះ ចំណែក​ការ​ផលិតភាព​យន្ត​ភាគ​សម្រាប់​ដាក់​បញ្ចាំង​តាម​ស្ថានីយទូរទស្សន៍​មិន​មាន​ទិន្នន័យ​ឡើយ ព្រោះ​មិន​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់​នាយកដ្ឋាន​ភាពយន្ត​នោះ ។

បើ​តាម​លោក​ប៉ុក បូ​រក្ស សម្រាប់​ទិន្នន័យ​សម្រាប់​ឆ្នាំ​២០១៩​វិញ​គឺ​លោក​មិន​ទាន់​អាច​ដឹង​បាន​នៅឡើយ​ទេ ព្រោះ​ទើបតែ​ដើមឆ្នាំ ប៉ុន្តែ​បាន​ទទួល​ការ​ស្នើ​សុំ​ការ​ចាក់​បញ្ចាំង​ខ្សែភាពយន្ត​ជា​បន្តបន្ទាប់ ដោយនៅ​ក្នុង​នោះ​អំឡុង​ខែកុម្ភៈ​បាន​អនុញ្ញាត​ឲ្យ​បញ្ចាំង​នៅ​រោង​ភាពយន្ត​ចំនួន​៤​រឿង​រួច​ហើយ ។

និយាយ​ជា​រួមការ​ផលិត​កុន​ខ្មែរ​គឺ​មិន​មានការ​ថយ​ចុះ​ឡើយ ហើយ​ចំនួន​រោង​ភាពយន្ត​ក៏​មានការ​កើនឡើង ខណៈ​ពេល​ដែល​ចំនួន​ទស្សនិកជន​ដែល​បាន​ចូល​ទស្សនា​ក៏​មានការ​កើនឡើង​គួរ​ឲ្យ​កត់សម្គាល់​ផង​ដែរ ។

កត្តា​មួយ​ចំនួន​ដែល​នាំ​ឲ្យ​មានការ​កើនឡើង​នៃ​ចំនួន​ខ្សែភាពយន្ត​នេះ គឺ​ដោយសារ​ការ​ផលិត​រឿង​គឺ​ឆ្លង​មក​ពី​ឆ្នាំ​២០១៧ ពោល​មក​ពី​រឿង​ដែល​បាន​នៅ​សេសសល់​ពី​ចុងឆ្នាំ​ចាស់ មិន​បាន​ដាក់​បញ្ចាំង ហើយ​បាន​ដាក់​បញ្ចាំង​នៅ​ក្នុង​ឆ្នាំ​២០១៨ ទើប​បណ្តាល​ឲ្យ​វា​មានការ​កើនឡើង​។ បញ្ហា​នេះ​ក៏​វា​អាស្រ័យ​ទៅ​លើ​ការ​កើនឡើង​នៃ​រោង​ភាពយន្ត​ផង​ដែរ ដែល​វា​បាន​ធ្វើ​ឲ្យ​ចំណែក​ទីផ្សារ​កាន់តែ​ធំ និង​បាន​ទាក់ទាញ​ផលិតករ​នៅ​ក្នុង​ផលិត​របស់​ខ្លួន​ផង​ដែរ ។

ចំនួន​ទស្សនិកជន​ដែល​បាន​ប្រមូល​តួលេខ​ពី​តាម​រោង​ភាពយន្ត​ដោយ​គិត​ទាំង​ការ​ចូល​ទស្សនា​ភាពយន្ត​ខ្មែរ និង​ភាពយន្ត​បរទេស​នោះ​គឺ​មានការ​កើនឡើង​ប្រមាណ​៥​ភាគរយ ។

ពាក់ព័ន្ធ​ទៅ​នឹង​ការ​ផលិត​រឿង​ដោយ​មានគុណ​ភាព​ជាង​មុន​ឬ​យ៉ាងណា​នោះ​លោក​ប៉ុក បូ​រក្ស ថ្លែង​ថា «​គុណភាព​នៃ​ការ​ផលិត​គឺ​មិន​ទាន់​មានការ​កើនឡើង​ណាមួយ​គួ​ឲ្យ​កត់សម្គាល់​នៅឡើយ​ទេ ។ ការ​ផលិត​របស់​ផលិតករ​យើង​បច្ចុប្បន្ន​នេះ​គឺ​តម្រូវ​តែ​ទៅ​លើ​ទីផ្សារ​នៃ​ទស្សនិកជន​ដែល​ចូល​ចិត្ត​ទស្សនា​រឿង​ខ្មោច រឿង​កំប្លែង​តែ​ប៉ុ​ណ្ណឹ ហើយ​បើ​និយាយ​ពី​គុណភាព​គឺ​មិន​មានកា​រវិ​វ​ឌ្ឍ​ឈាន​ឡើង​ណាស់ណា​នោះ​ឡើយ »​។

លោក​ប៉ុក បូ​រក្ស លើក​ឡើង​ថា ដើម្បី​ជា​ការ​លើកទឹកចិត្ត និង​ជំរុញ​ផលិតករ​ឲ្យ​ផលិត​ខ្សែភាពយន្ត​បន្ថែម​នោះ ក្រសួង​វប្បធម៌​បាន​ធ្វើ​កិច្ចការ​ជា​ច្រើន​ពាក់ព័ន្ធ​នឹង​ផ្នែក​មួយ​នេះ​។ ក្រសួង​បាន​ធ្វើការ​ជាមួយ​ក្រសួង​ស្ថាប័ន​ជា​ច្រើន ដើម្បី​សម្រួល​ដល់​ផលិតករ​សម្រាប់​ផ្តល់​ជាទី​កន្លែង​ថត និង​បាន​លើក​សំណើ​ទៅ​កាន់​ស្ថាប័ន​ពន្ធដារ​ដើម្បី​សុំ​លើកលែង​ការ​យកពន្ធ​ពី​ផលិតករ​ខ្មែរ ដែល​បញ្ហា​នេះ​កំពុង​តែ​រង់ចាំ​ការ​ឆ្លើយ​តប​ពី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ។

ដោយឡែក​សម្រាប់​ចំណុច​ដែល​ត្រូវធ្វើ​នៅ​ឆ្នាំ​២០១៩​នេះ គឺ​នឹង​ពិនិត្យ​មើល​ការ​បែងចែក​ភាគលាភ​រវាង​ផលិតករ និង​រោង​ភាពយន្ត ជា​ពិសេស​លក្ខខណ្ឌ​មួយ​ចំនួន​ទៀត​ដែល​គិត​ថា នឹង​អាច​ផ្តល់​នូវ​អត្ថ​ប្រយោជន៍​បន្ថែម​ដល់​ផលិតករ​ភាពយន្ត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ