ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផលិតករ​អំបិល​ត្អូញ​ខ្វះ​កម្លាំង​ពលកម្ម ខណៈ​អាកាសធាតុ​កំពុង​អំណោយផល

5 ឆ្នាំ មុន
  • កំពត

ខេត្តកំពត ៖ អាកាសធាតុ​ឆ្នាំ​នេះ​ពិតជា​អំណោយផល​ខ្ពស់​សម្រាប់​អ្នក​ផលិត​អំបិល ប៉ុន្ដែ​បែរជា​អាជីវកម្ម​មួយ​នេះ​ជួប​បញ្ហា​កង្វះ​កម្លាំង​ពលកម្ម​យ៉ាងធ្ងន់ធ្ងរ​ទៅ​វិញ ហើយ​កំពុង​តែ​ប្រឈម​នឹង​ការ​បោះបង់​មុខរបរ​នេះ​តែ​ម្ដង​ក្នុង​ខេត្តកំពត និង​ខេត្ត​កែប ដែល​ជា​ខេត្ត​តែ​ពីរ​គត់​របស់​ប្រទេស​កម្ពុជា​ក្នុង​ការ​ផលិត​អំបិល ។ បើ​យោង​តាម​លោក ខាត់…

ខេត្តកំពត ៖ អាកាសធាតុ​ឆ្នាំ​នេះ​ពិតជា​អំណោយផល​ខ្ពស់​សម្រាប់​អ្នក​ផលិត​អំបិល ប៉ុន្ដែ​បែរជា​អាជីវកម្ម​មួយ​នេះ​ជួប​បញ្ហា​កង្វះ​កម្លាំង​ពលកម្ម​យ៉ាងធ្ងន់ធ្ងរ​ទៅ​វិញ ហើយ​កំពុង​តែ​ប្រឈម​នឹង​ការ​បោះបង់​មុខរបរ​នេះ​តែ​ម្ដង​ក្នុង​ខេត្តកំពត និង​ខេត្ត​កែប ដែល​ជា​ខេត្ត​តែ​ពីរ​គត់​របស់​ប្រទេស​កម្ពុជា​ក្នុង​ការ​ផលិត​អំបិល ។

បើ​យោង​តាម​លោក ខាត់ សា​មឿ​ន អ្នក​ផលិត​អំបិល​ធំ​មួយ​នៅ​ក្នុង​ខេត្តកំពត បាន​ឲ្យ​ដឹង​តាម​ទូរស័ព្ទ​ថា ឆ្នាំ​នេះ​អាកាសធាតុ​ពិតជា​អំណោយផល​ណាស់​សម្រាប់​ការ​ផលិត​អំបិល​ហើយ​រំពឹង​ថា អំបិល​នឹង​ទទួលផល​បាន​ច្រើន និង​ល្អ​ជាង​ឆ្នាំ​មុន​ៗ ក៏​ប៉ុន្តែ​បែរជា​ម្ចាស់​ស្រែអំបិល​មួយ​ចំនួន​ធំ កំពុង​ជួប​បញ្ហា​កង្វះ​កម្លាំង​កម្ម​សម្រាប់​ធ្វើការ​ក្នុង​ស្រែអំបិល ជា​ពិសេស​កម្មករ​រែក​អំបិល​ចូល​ឃ្លាំង ។

លោក​បន្ត​ថា សម្រាប់​ការងារ​ផ្សេង​ៗ​ទៀត ក្រៅពី​រែក​អំបិល គឺ​អាច​រកបាន ដោយសារ​តែ​ការងារ​នោះ​មិន​ត្រូវការ​ប្រើ​កម្លាំង​ធ្ងន់​ៗ ដូច្នេះ គេ​អាច​យក​មនុស្ស​ចំណាស់​បន្តិច​ក៏​អាច​ធ្វើ​បាន​ដែរ ក៏​ប៉ុន្តែ​សម្រាប់​ការ​រែក​អំបិល​នេះ​គឺ​ត្រូវការ​អ្នក​ដែល​មាន​កម្លាំង​ខ្លាំង ជា​ពិសេស​មនុស្ស​ប្រុស​ពេញវ័យ ក៏​ប៉ុន្តែ​កម្លាំង​ពលកម្ម​ទាំងនោះ​បាន​ឈប់​ធ្វើ​ការងារ​នេះ​ដោយ​ទៅ​ធ្វើការ​ងារ​ណា​ដែល​ស្រាល​ៗ​ក្នុង​ម្លប់​ដូច​ជា​នៅ​តាម​រោងចក្រ សហគ្រាស​ផ្សេង​ៗ​អស់​មួយ​ចំនួន​ហើយ ។ លោក​ថា ៖« បើ​ទោះបីជា​ឲ្យ​ប្រាក់​កម្រៃ​គ្រប់គ្រាន់ និង​សម​ល្មម​នឹង​ការងារ​នេះ​ក៏​ដោយ ក៏​ពិបាក​រក​ដែរ ដោយសារ​តែ​ពួក​គេ​បាន​ងាក​ទៅ​ធ្វើការ​នៅ​តាម​រោងចក្រ ក្នុង​ម៉ាស៊ីនត្រជាក់ ក្រោម​កង្ហារ​វិញ និង​ទទួល​បាន​ប្រាក់​កម្រៃ​ប្រចាំខែ​ទៀងទាត់​ទៀត​ផង ដូច្នេះ​ហើយ ទើប​យើង​ពិបាក​ស្វែងរក​កម្លាំង​ពលកម្ម ដែល​ជា​បញ្ហា​ប្រឈម​មួយ​សម្រាប់​អាជីវកម្ម​ស្រែអំបិល​របស់​យើង »​។

លោក​បន្ថែម​ថា បច្ចុប្បន្ន​នេះ អាជីវកម្ម​ស្រែអំបិល​ក្នុង​ខេត្តកំពត មិន​ទាន់​មាន​វិធីសាស្ត្រ​ណាមួយ​ដែល​យក​កម្លាំង​ម៉ាស៊ីន មក​ជំនួស​កម្លាំង​មនុស្ស​បាន​ឡើយ​ក្នុង​ការ​ប្រមូល​ផល ដូច្នេះ​បើសិនជា​វា​នៅ​តែ​មាន​បញ្ហា​បែប​នេះ​មិនយូរ​ទេ អាជីវកម្ម​ស្រែអំបិល នឹង​ត្រូវ​បាត់បង់​បន្ថែម​ទៀត ខណៈ​បច្ចុប្បន្ន​នេះ​លោក​សង្កេត​ឃើញ​វា​បាន​បាត់បង់​បន្តិច​ម្ដង​ៗ​ហើយ ដូច​ជា​នៅ​ម្ដុំ​លក ព្រែក​ចាក ក្នុង​ខេត្ត​កែប បាន​ឈប់​ផលិត​ហើយ និង​យក​ស្រែអំបិល​នោះ មក​ធ្វើការ​ស្រែ​បង្គា​វិញ ។

លោក​បញ្ជាក់​ថា នៅ​ក្នុង​ខេត្តកំពត​ពេល​នេះ ក៏​នឹង​ប្រឈម​ដូច​គ្នា​នឹង​ខេត្ត​កែប​ដែរ ព្រោះ​តាម​ដែល​លោក​ដឹង គឺ​មាន​ក្រុមហ៊ុន​បរទេស​មួយ​ចំនួន​កំពុង​ស្វែងរក​ទិញ​ដីស្រែ​អំបិល​នោះ​មក​វិនិយោគ​ធ្វើ​អ្វី​ផ្សេង​វិញ ហើយ​ក៏​លឺដំណឹង​ថា មាន​ក្រុមហ៊ុន​ផ្សេង​ទៀត កំពុង​ស្វែងរក​ទិញ​ដីស្រែ​អំបិល​សម្រាប់​ផលិត​អំបិល​ដែរ តែ​ត្រូវ​សហការ​ជាមួយនឹង​បរទេស ដើម្បី​ផលិត​ផ្គត់ផ្គង់​ក្នុងស្រុក និង​នាំ​ចេញ​ទៅ​កាន់​ទីផ្សារ​អន្តរជាតិ ដោយសារ​តែ​គេ​អាច​មាន​បច្ចេកទេស​ក្នុង​ការ​ផលិត​ខុស​ពី​បច្ចុប្បន្ន ។

អនុប្រធាន​ផែនការ​នៃ​សមាគម​ផលិត​អំបិល​ខេត្តកំពត និង​កែប លោក តុង ខ្លឹ​ង បាន​ឲ្យ​ដឹង​ដែរ​ថា ពាក់ព័ន្ធ​នឹង​ការ​លក់​ដីស្រែ​អំបិល​នោះ​ទៅ​វិនិយោគិន លោក​ក៏​មិន​ទាន់​ច្បាស់​ដែរ ក៏​ប៉ុន្តែ​វា​អាច​កើតឡើង ដោយ​ការ​ព្រមព្រៀង​ពី​សំណាក់​ពលរដ្ឋ និង​ក្រុមហ៊ុន​ទិញ​ដី​នោះ ដោយសារ​តែ​កង្វះ​កម្លាំង​ពលកម្ម ក្នុង​អាជីវកម្ម​នេះ ។
លោក​បន្ត​ថា សម្រាប់​ឆ្នាំ​២០១៩​នេះ លោក​មើលឃើញ​ថា ការ​ផ្គត់ផ្គង់​អំបិល​ក្នុងស្រុក ប្រហែលជា​នឹង​មិន​គ្រប់​ទៅ​តាម​តម្រូវការ​ទេ ហើយនឹង​ត្រូវ​នាំ​ចូល​ពី​ក្រៅប្រទេស ដើម្បី​ផ្គត់ផ្គង់​ឲ្យ​គ្រប់​ទៅ​ត​នឹង​តម្រូវការ បើ​ទោះបីជា​ឆ្នាំ​នេះ អាកាសធាតុ​អំណោយផល ក្នុង​ការ​ផលិត​អំបិល​ក្នុងស្រុក​ក៏​ដោយ ។

គួរ​បញ្ជាក់​ថា ទីផ្សារ​ផលិត​អំបិល​បច្ចុប្បន្ន​នេះ ត្រូវ​បាន​ផលិតករ​បង្ហើប​ឲ្យ​ដឹង​ថា ក្នុង​មួយ​បាវ​មាន​ទំងន់​៥០​គីឡូក្រាម អាច​លក់​បាន​ក្នុង​តម្លៃ​១៥.០០០​រៀល ហើយ​ឈ្មួញ​លក់​បន្ត អាច​បាន​ក្នុង​តម្លៃ ២០.០០០​រៀល​។ ចំណែក​អ្នក​លក់រាយ​វិញ​ក៏​អាច​បាន​តម្លៃលើស​ពី​២៥.០០០​រៀល​ក្នុង​មួយ​បាវ​ដែរ ។ អ្វី​ដែល​ពិសេស​នោះ គុណភាព​អំបិល​ក្នុងស្រុក ក៏​ត្រូវ​បាន​ទទួលស្គាល់​ថា ជា​អំបិល​ដែល​ល្អ ផលិត​តាម​ធម្មជាតិ​សុទ្ធសាធ មិន​មាន​លាយ​សារធាតុ​គីមី​នោះ​ទេ ក៏​ប៉ុន្ដែ​គួរ​ឲ្យ​សោកស្ដាយ វាសនា​ស្រែអំបិល​កម្ពុជា​នឹង​អាច​បាត់បង់​នៅ​ថ្ងៃ​អនាគត ប្រសិនបើ​មិន​មាន​វិធាន​លើកកម្ពស់ និង​ធ្វើ​ទំនើប​កម្ម ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ