ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក ​Juncker ៖ ​លោក​ត្រាំ​នឹង​មិន​ដាក់​ពន្ធ​បន្ថែម​លើ​រថយន្ត​ទេ

5 ឆ្នាំ មុន

ទីក្រុង​ប៊ែ​ឡាំង ៖ លោក Jean-Claude Juncker ប្រធាន​គណៈកម្មាធិការ​អឺរ៉ុប​បាន​និយាយ​ថា លោក​ប្រធានាធិបតី​ដូ​ណា​ល់ ត្រាំ (Donald Trump)…

ទីក្រុង​ប៊ែ​ឡាំង ៖ លោក Jean-Claude Juncker ប្រធាន​គណៈកម្មាធិការ​អឺរ៉ុប​បាន​និយាយ​ថា លោក​ប្រធានាធិបតី​ដូ​ណា​ល់ ត្រាំ (Donald Trump) បាន​សន្យា​ជាមួយ​លោក​ថា​លោក​នឹង​មិន​ដាក់​ពន្ធ​បន្ថែម​លើ​រថយន្ត​អឺរ៉ុប​ទេ​ក្នុង​ពេល​នេះ​។ នេះ​បើ​យោង​តាម​ទីភ្នាក់ងារសារព័ត៌មាន Reuters ចេញផ្សាយ​កាលពី​ថ្ងៃ​ទី​១៨ កុម្ភៈ កន្លង​មក ។

លោក Juncker បាន​ប្រាប់​ដល់​សារព័ត៌មាន​អា​ល្លឺ​ម៉​ង់ Stuttgarter Zeitung ក្នុង​បទ​សម្ភាសន៍​មួយ​ថា ៖« លោក​ត្រាំ​បាន​សន្យា​ជាមួយ​ខ្ញុំ​ថា​នឹង​មិន​មាន​ពន្ធ​លើ​រថយន្ត​ទេ​ក្នុង​ពេល​នេះ​។ ខ្ញុំ​មើលឃើញ​វា​ជា​ការ​ប្តេជ្ញា​មួយ និង​ជា​អ្វី​ដែល​យើង​អាច​ពឹងផ្អែក​បាន »​។

លោក​បាន​បន្ថែម​ថា ប្រសិនបើ​លោក​ប្រធានាធិបតី​ត្រាំ​ដាក់​ពន្ធ​លើ​រថយន្ត​អឺរ៉ុប​ពិតមែន​សហភាព​អឺរ៉ុប​នឹង​ឆ្លើយ​តប​ភ្លាម​ៗ ហើយ​ក៏​មិន​មាន​កាតព្វកិច្ច​ក្នុង​ការ​ធ្វើ​តាម​ការ​សន្យា​ថា​នឹង​ទិញ​សណ្តែកសៀង និង​ហ្គា​ស​បន្ថែម​ពី​សហរដ្ឋអាមេរិក​ដែរ ។

របាយការណ៍​មួយ​ពី​ក្រសួងពាណិជ្ជកម្ម​របស់​អា​មេ​រិ​ក​ត្រូវ​បាន​ផ្ញើ​ទៅ​កាន់​លោក​ប្រធានាធិបតី​ត្រាំ​កាលពី​ចុង​ស​ប្តា​ហ៍​មុន ដើម្បី​ឲ្យ​លោក​ពិចារណា​ថា គួរតែ​ដាក់​ពន្ធ ២៥%​លើ​រថយន្ត និង​គ្រឿង​រថយន្ត​ដែល​នាំ​ចូល​ឬទេ ។

សេចក្តី​លម្អិត​ក្នុង​របាយការណ៍​នឹង​ត្រូវ​ទុកជា​ការ​សម្ងាត់​ដែល​ធ្វើ​ឲ្យ​ប្រទេស​នាំ​ចេញ​រថយន្ត​ធំ​ៗ​ដូច​ជា​អា​ល្លឺ​ម៉​ង់ ជប៉ុន និង​កូរ៉េ​ខាងត្បូង​ជាដើម កំពុង​ព្រួយបារម្ភ ។

មន្ត្រី​ក្នុង​វិស័យ​បាន​និយាយ​ថា ពួក​គេ​គិត​ថា របាយការណ៍​ខាងលើ​នឹង​ផ្តល់​យោបល់​ឲ្យ​មានការ​ដាក់​ពន្ធ​ដើម្បី​សហរដ្ឋអាមេរិក​អាច​ប្រើ​របាយការណ៍​នេះ​មក​ចរចា​ជាមួយនឹង​ជប៉ុន និង​សហភាព​អឺរ៉ុប​បន្ត​។ អ្នកនាំពាក្យ​ម្នាក់​របស់​គណៈកម្មាធិការ​អឺរ៉ុប​បាន​និយាយ​កាលពី​ថ្ងៃ​ទី​១៨ កុម្ភៈ​ថា សហភាព​អឺរ៉ុប​ចង់​ពង្រឹង​ទំនាក់ទំនង​ពាណិជ្ជកម្ម​ជាមួយនឹង​សហរដ្ឋអាមេរិក តែ​នឹង​ឆ្លើយ​តប​ទៅ​វិញ​ប្រសិនបើ​លោក​ប្រធានាធិបតី​ត្រាំ​សម្រេចចិត្ត​ថា ដាក់​ពន្ធ​លើ​រថយន្ត​នាំ​ចូល​ពី​សហភាព​អឺរ៉ុប​។

រាល់​ការ​ដាក់​ពន្ធ​លើ​យានយន្ត​នឹង​ប៉ះពាល់​ដល់​ប្រទេស​អា​ល្លឺ​ម៉​ង់​ខ្លាំង​ជាងគេ​។ សហរដ្ឋអាមេរិក​គឺជា​ទីតាំង​នាំ​ចេញ​ធំ​ជាងគេ​របស់​ប្រទេស​អា​ល្លឺ​ម៉​ង់ បន្ទាប់​ពី​ប្រទេស​ក្នុង​សហភាព​អឺរ៉ុប ៕