ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តំបន់​អង្គរអាច​នឹង​ប្រឈម​បញ្ហា​ខ្វះ​​ទឹក​នា​រដូវប្រាំង​ឆ្នាំ​នេះ

5 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ យោង​លើ​ស្ថានភាព​ជាក់ស្តែង​ដែល​ក្រុមការងារ​នាយកដ្ឋាន​គ្រប់គ្រង​ទឹក​នៃ​អាជ្ញាធរ​ជាតិ​អប្សរា​បាន​ធ្វើការ​អង្កេត​ជា​ប្រចាំ​ឃើញ​ថា បរិមាណ​ទឹក​ក្នុង​កសិណ​ប្រាសាទអង្គរវត្ត ក្រុង​អង្គរធំ បារាយណ៍​ខាងជើង​កំពុង​ប្រឈម​នឹង​ការ​ខ្វះខាត​ទឹក​ខ្លាំង​នា​រដូវប្រាំង​ខាង​មុខ​នេះ​។ លោក ភឿន សុ​ឃី​ម អនុប្រធាន​នាយកដ្ឋាន​គ្រប់គ្រង​ទឹក…

ខេត្តសៀមរាប ៖ យោង​លើ​ស្ថានភាព​ជាក់ស្តែង​ដែល​ក្រុមការងារ​នាយកដ្ឋាន​គ្រប់គ្រង​ទឹក​នៃ​អាជ្ញាធរ​ជាតិ​អប្សរា​បាន​ធ្វើការ​អង្កេត​ជា​ប្រចាំ​ឃើញ​ថា បរិមាណ​ទឹក​ក្នុង​កសិណ​ប្រាសាទអង្គរវត្ត ក្រុង​អង្គរធំ បារាយណ៍​ខាងជើង​កំពុង​ប្រឈម​នឹង​ការ​ខ្វះខាត​ទឹក​ខ្លាំង​នា​រដូវប្រាំង​ខាង​មុខ​នេះ​។

លោក ភឿន សុ​ឃី​ម អនុប្រធាន​នាយកដ្ឋាន​គ្រប់គ្រង​ទឹក បានឱ្យ​ដឹង ពី​មូលហេតុ​នៃ​ការ​ខ្វះខាត​ទឹក ដើម្បី​ប​ញ្ជូ​ល​ក្នុង​កសិណ​ប្រាសាទអង្គរវត្ត ក្រុង​អង្គរធំ និង​បារាយណ៍​ខាងជើង​នេះ គឺ​ដោយសារ​នាយកដ្ឋាន​ទឹកបាន​បើកទ្វារ​ទឹក​ដើម្បី​បញ្ចូល​ទឹក​ទៅ​ស្ទឹង​ព្រះ​ស្រុក​សម្រាប់​ស្រោចស្រព​ស្រែ​ប្រជាពលរដ្ឋ​ចំនួន​៣០០​ហិ​កតា មាន​​ចំនួន​២​លើក គឺ​លើក​ទី​១ រយៈពេល​២​ស​ប្តា​ហ៍ និង​លើក​ទី​២ រយៈពេល​មួ​យស​ប្តា​ហ៍ ចេញពី​ប្រឡាយ​ស្តុក​ទឹក​បម្រុង​សម្រាប់​បញ្ចូល​ទៅ​ក្នុង​បារាយណ៍​ខាងជើង កសិណ​ក្រុង​អង្គរធំ កសិណ​ប្រាសាទអង្គរវត្ត​។

ម្យ៉ាងវិញទៀត បច្ចុប្បន្ន​ប្រឡាយ​ស្តុក​ទឹក​បម្រុង​ក៏​ពុំ​មានទឹក​ទេ ដោយសារ​បរិមាណ​ទឹកស្ទឹង​សៀមរាប​ដែល​ហូរ​ពី​ភ្នំ​គូលែន​តិចតួច​ពេក ហើយ ក្រុមការងារ​ក៏​បាន​ចែក​ទឹក​មួយ​ផ្នែក​មក​ក្រុង​សៀមរាប​ផង​ដែរ​។

លោក​បញ្ជាក់​ថា បើ​ធៀប​នឹង​ឆ្នាំ​មុន កម្ពស់​ទឹក​បច្ចុប្បន្ន​នៅ​បារាយណ៍​ខាងជើង​មាន​កម្រិត​ទាប​ជាង​០,៨​ម៉ែត្រ (​ប្រហែលជា​២,៦​លាន​ម៉ែត្រគូប​) កសិណ​ក្រុង​អង្គរធំ ទាប​ជាង​០,៩៣​ម៉ែត្រ (៦៥​ម៉ឺន​ម៉ែត្រគូប​) និង​កសិណ​ប្រាសាទអង្គរវត្ត ទាប​ជាង​០,៤​ម៉ែត្រ (៣៨​ម៉ឺន​ម៉ែត្រគូប​)​។ ជា​សរុប​យើង​បាន​បាត់បង់​ទឹក​ប្រហែលជា​៣,៦៣​លាន​ម៉ែត្រគូប ដែល​នេះ​ជា​ចំណុច​ក្រុមការងារ​កំពុង​យកចិត្តទុកដាក់​ខ្ពស់​ក្នុង​ការ​រក្សា​ទឹក​ក្នុង​អាង​ស្តុក​ទឹក​ទាំងនេះ​។

ទោះបី​ជា​យ៉ាងណា ការ​គ្រប់គ្រង​ទឹក​ក្នុង​រមណីយដ្ឋាន​អង្គរ​នឹង​ពុំ​មាន​បញ្ហា​ឡើយ​។

ពេល​នេះ​ក្រុមការងារ​កំពុង​មមាញឹក​ក្នុង​ការ​ស្តារ​ប្រឡាយ និង​បិទទ្វារ​ទឹក​ពី​ស្ទឹង​សៀមរាប​ដើម្បី​បញ្ចូល​ទឹក​ទៅ​ក្នុង​កសិណ​ក្រុង​អង្គរធំ ប្រាសាទអង្គរវត្ត ចៀសវាង​រីងស្ងួត​នា​ពេល​ខាង​មុខ​នេះ​។ ក្នុង​នោះ​ដែរ អាជ្ញាធរ​ជាតិ​អប្សរា ក៏​សូម​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ដែល​បាន​បិទ​ទំនប់​កាត់​ប្រឡាយ​ស្ទាក់​ទឹក​សម្រាប់​ទុក​ប្រើប្រាស់ សូម​បើក​ឡើង​វិញ ដើម្បី​កុំឱ្យ​មានការ​លំបាក​ដល់​ការ​បញ្ចូល​ទឹក​ទៅ​ក្នុង​កសិណ​ប្រាសាទ​នៅ​ក្នុង​តំបន់​អង្គរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ