ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទណ្ឌិត​៣៣​នាក់ គ្រោង​ទទួល​បានការ​លើកលែង និង​បន្ធូរ​បន្ថយទោស នា​បុណ្យចូលឆ្នាំ​ខ្មែរ

5 ឆ្នាំ មុន
  • ព្រះវិហារ

ខេត្តព្រះវិហារ ៖ ដោយ​ឃើញ​ថា​ទណ្ឌិត​ចំនួន​៣៣​នាក់​មានការ​កែប្រែ​ខ្លួន មាន​ច​រិ​ក​លក្ខណៈ​ល្អ​ឡើង​វិញ និង​ផ្អែក​តាម​អនុវត្ត​ទោស ២​ភាគ​៣ នៃ​ច្បាប់​ស្តី​ពី​ពន្ធនាគារ ប្រធាន​ពន្ធនាគារ​ខេត្តព្រះវិហារ បាន​អះអាង​ថា ទណ្ឌិត​ប្រុស​ស្រី​ទាំងនោះ​គ្រោង​នឹង​ទទួល​បានការ​លើកលែង…

ខេត្តព្រះវិហារ ៖ ដោយ​ឃើញ​ថា​ទណ្ឌិត​ចំនួន​៣៣​នាក់​មានការ​កែប្រែ​ខ្លួន មាន​ច​រិ​ក​លក្ខណៈ​ល្អ​ឡើង​វិញ និង​ផ្អែក​តាម​អនុវត្ត​ទោស ២​ភាគ​៣ នៃ​ច្បាប់​ស្តី​ពី​ពន្ធនាគារ ប្រធាន​ពន្ធនាគារ​ខេត្តព្រះវិហារ បាន​អះអាង​ថា ទណ្ឌិត​ប្រុស​ស្រី​ទាំងនោះ​គ្រោង​នឹង​ទទួល​បានការ​លើកលែង ទោស និង​បន្ធូរ​បន្ថយទោស តាម​ការ​ស្នើ​សុំ​របស់​អាជ្ញាធរ​ខេត្ត នា​ឱកាស​បុណ្យ​វិសាខបូជា និង​បុណ្យចូលឆ្នាំ​ខ្មែរ​នា​ពេល​ខាង​មុខ​នេះ ។

នា​ថ្ងៃ​ទី​២០ ខែកុម្ភៈ ឆ្នាំ​២០១៩​នេះ លោក​ឧត្តម​អាគារ​នុ​រក្ស យ៉​ន់ ម៉ា​នី ប្រធាន​ពន្ធនាគារ ខេត្តព្រះវិហារ បាន​ឲ្យ​ដឹង​ថា ដោយ​មើលឃើញ​ការ​កែប្រែ​ខ្លួន​របស់​ទណ្ឌិត នៅ​កំពុង​ជាប់​ឃុំខ្លួន​នៅ​ក្នុង​ពន្ធនាគារ​ខេត្តព្រះវិហារ អាជ្ញាធរ និង​សមត្ថកិច្ច​ពាក់ព័ន្ធ​គ្រប់​លំដាប់ថ្នាក់ បាន​ធ្វើការ​វាយតម្លៃ​ទៅ​លើ​លក្ខណៈសម្បត្តិ របស់​ទណ្ឌិត​ប្រុស​ស្រី​ចំនួន​៣៣​នាក់ ឃើញ​ថា​មានការ កែប្រែ​ខ្លួន​មក​ជា​មនុស្ស​ល្អ​ឡើង​វិញ ចេះ​ធ្វើ​ពលកម្ម ចេះ​រៀនសូត្រ ទទួល​ការ​បណ្តុះបណ្តាល​វិជ្ជាជីវៈ​បាន​ល្អ​នៅ​ក្នុង​ពន្ធនាគារ​កន្លង​ទៅ ។

ម្យ៉ាងវិញទៀត ទណ្ឌិត​ទាំង​៣៣​នាក់​នេះ បាន​អនុវត្ត​ទោស​បាន​២​ភាគ​៣ រួច​មក​ហើយ យោង​តាម​ច្បាប់​ស្តី​ពី​ពន្ធនាគារ ក៏​បាន​សម្រេច​ជ្រើស​យក​ទណ្ឌិត​ទាំង​៣៣​នាក់ ធ្វើការ​ស្នើ​សុំ​ទៅ​ថ្នាក់​ជាតិ ដើម្បី​សុំ​ឲ្យ​មានការ​លើកលែង និង​បន្ធូរ​បន្ថយទោស របស់​ពួក​គេ នៅ​ក្នុង​បុណ្យ​វិសាខបូជា និង​បុណ្យចូលឆ្នាំ​ប្រពៃណី​ជាតិខ្មែរ នា​ពេល​ខាង​មុខ​នេះ ។

ជាមួយ​គ្នា​នេះ​លោក អ៊ុ​ន ចាន់​ដា អភិបាល​ខេត្តព្រះវិហារ មាន​ប្រសាសន៍​ថា នៅ​ក្នុង​ចំណោម​ទណ្ឌិត​ចំនួន​៣៣​នាក់ ដែល​អាជ្ញាធរ បាន​ស្នើ​ទៅ​ក្រសួង សុំ​ការ​លើកលែងទោស​នោះ ទណ្ឌិត​ចំនួន​១៩​នាក់ (​ស្រី​១​នាក់​) សម្រាប់​ស្នើ​សុំ​បន្ធូរបន្ថយ និង​លើកលែងទោស នា​ឱកាស​បុណ្យ ចូល​ឆ្នាំ​ខ្មែរ ដោយឡែក​ទណ្ឌិត​ចំនួន​១៤​នាក់​ទៀត ស្នើ​សុំ​លើកលែងទោស និង​បន្ធូរ​បន្ថយទោស នៅ​ក្នុង​ពិធីបុណ្យ​វិសាខបូជា ។

លោក​បន្ថែម​ថា ការ​ធ្វើ​បែប​នេះ ដើម្បី​បណ្តុះ​ស្មារតី និង​លើកទឹកចិត្ត​ដល់​ទណ្ឌិត​ដ៏​ទៃ​ទៀត​ឲ្យ​ចេះ​កែប្រែ​ខ្លួន​ឲ្យ​បាន​ល្អ​សារ​ជា​ថ្មី​ឡើង​វិញ ដើម្បី​ធ្វើ​ជា​មនុស្ស ល្អ​នៅ​ក្នុង​សង្គម ចៀសវាង​ការ​ប្រព្រឹត្ត​អំពើ​ល្មើស​ដែល​សង្គម​ស្អប់ខ្ពើម ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ