រាជធានីភ្នំពេញ ៖ បុរសពោះម៉ាយម្នាក់បានផឹកស្រាស្រវឹងធ្លាក់ភ្នែក ហើយគាត់មិនបានចូលដេកទេ បានដើររកត្រីទាំងយប់អធ្រាត្រតែម្នាក់ឯង បន្ទាប់មកក៏បានដួលផ្កាប់មុខចូលទៅក្នុងទឹកត្រពាំងមួយកន្លែង បណ្តាលឲ្យស្លាប់យ៉ាងអាណោចអាធម៌ ។
ហេតុការណ៍នេះបានបង្កឲ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង១១និង៣០នាទីព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៩ នៅចំណុចត្រពាំងទឹក ដែលមានទីតាំងស្ថិតនៅក្នុងភូមិតាជេត សង្កាត់បឹងធំ ខណ្ឌពោធិ៍ សែនជ័យ រាជធានីភ្នំពេញ ។
បុរសរងគ្រោះខាងលើឈ្មោះ យ៉ែម រី អាយុ៣៨ឆ្នាំ មុខរបរកសិករ និងនេសាទត្រី មានស្រុកកំណើតភូមិព្រៃរមាសទី១ សង្កាត់បឹងធំ ខណ្ឌពោធិសែនជ័យ ហើយស្នាក់នៅផ្ទះជួលក្នុងភូមិបឹងឈូក សង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ ។ គាត់ គឺជាបុរសពោះម៉ាយដែលធ្លាប់មាន ប្រពន្ធ២នាក់ រួចមកហើយ គឺប្រពន្ធទី១ មានកូន២នាក់ ប្រុសម្នាក់ និងកូនស្រីម្នាក់ ប៉ុន្តែបានលែងលះគ្នា ។ បន្ទាប់មកគាត់បានយកប្រពន្ធទី២ម្នាក់ទៀត និងមានកូនស្រីម្នាក់ តែក្ដីស្នេហ៍លើកទី២នេះក៏មិនទទួលបានសុភមង្គលឡើយ និងបានលែងគ្នារយៈពេលជិត២ឆ្នាំមកហើយ ។
ស្ត្រីម្នាក់ប្រទះឃើញសពបុរសនោះបាននិយាយថា គាត់មានឈ្មោះ ម៉ូវ កំសត់ អាយុ៥២ឆ្នាំ មុខរបរកសិករ រស់នៅភូមិត្មាតពង សង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ ។ នៅមុនពេលមានការការភ្ញាក់ផ្អើលគាត់បានដឹកគោយកទៅចងឲ្យស៊ីស្មៅនៅមាត់ត្រពាំងត្រង់ចំណុចកើតហេតុខាងលើ ស្រាប់តែប្រទះឃើញសពបុរសម្នាក់នោះ ស្លាប់ផ្កាប់មុខនៅក្នុងទឹកត្រពាំង ។ ខណៈនោះគាត់មានភាពស្រឡាំងកាំងយ៉ាងខ្លាំង ទើបរត់ទៅប្រាប់អ្នកភូមិបង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ហើយអ្នកភូមិបាននាំគ្នាទៅចោមរោមមើលគ្រប់ៗគ្នាព្រមទាំងរាយការណ៍ជូននគរបាលប៉ុស្តិ៍បឹងធំឲ្យទៅពិនិត្យមើលភ្លាមៗដែរ ។
អ្នកភូមិបាននិយាយថា ក្រោយពេលកើតហេតុភ្លាមៗសពបុរសខាងលើមិនត្រូវបានគេស្គាល់អត្តសញ្ញាណនោះទេ ហើយកម្លាំងនគរបាលបានធ្វើការស្រាវជ្រាវ និងផ្សព្វផ្សាយទើបក្រោយមកក្រុមគ្រួសារបានដឹង និងបានទៅទទួលយកសព ដើម្បីធ្វើបុណ្យតាមប្រពៃណី ។ ចំណែកនគរបាលបច្ចេកទេសពិនិត្យកោសល្យវិច្ច័យសពរួច និងបញ្ជាក់ថា ជនរងគ្រោះស្លាប់ដោយសារស្រវឹងស្រា និងខ្យល់គដួលចូលទឹកឈ្លក់រហូតដល់ស្លាប់ ។
ដោយឡែកក្រុមគ្រួសារបានឲ្យដឹងថា ក្រោយពីលែងលះប្រពន្ធទាំង២រួច បុរសនេះបានស្នាក់នៅផ្ទះជួល ហើយគាត់បានចាប់យកមុខរបរដើររកនេសាទត្រីទាំងថ្ងៃទាំងយប់ ដើម្បីលក់រកលុយចិញ្ចឹមជីវិត ។ ហើយនៅល្ងាចថ្ងៃទី១៩ ខែកុម្ភៈ មុនកើតហេតុការណ៍ភ្ញាក់ផ្អើលខាងលើ ជនរងគ្រោះបានផឹកស៊ីជួបជុំគ្នាជាមួយអ្នកភូមិរហូតដល់ស្រវឹងទើបចែកផ្លូវគ្នា ហើយគាត់មិនបានដេកពួននោះទេ បានចេញទៅរកចាប់ត្រីរួចក៏បាត់ខ្លួនពេញ១យប់ លុះដល់វេលាម៉ោង១១និង៣០នាទីព្រឹកថ្ងៃទី២០ ស្រាប់តែប្រទះឃើញស្លាប់បែបនេះបាត់ទៅហើយ ៕
ចែករំលែកព័តមាននេះ