រាជធានីភ្នំពេញ ៖ បច្ចុប្បន្ន មានប្រជាពលរដ្ឋរស់តាមបណ្តាខេត្តនានាក្នុងព្រះរាជាណាចក្រកម្ពុជា នាំគ្នាមកយ៉ាងផុសផុលប្រជ្រៀតគ្នាចូលទៅចាក់ថ្នាំបង្ការនៅវិទ្យាស្ថានប៉ាស្ទ័រ-កម្ពុជា ដើម្បីបង្ការខ្លាចមានមេរោគឆ្លង បន្ទាប់ពីបានរងគ្រោះដោយត្រូវសត្វទិច ខាំ ក្រញ៉ៅ នាពេលកន្លងនោះ ។ គួរបញ្ជាក់ថា ការភ្ញាក់ផ្អើលនាំគ្នាទៅចាក់ថ្នាំបង្ការនេះ គឺបន្ទាប់ពីមានវីដេអូក្នុងបណ្តាញសង្គមបង្ហោះពីក្មេងស្រីម្នាក់បានស្លាប់ ដោយសារសត្វឆ្មាក្រញ៉ៅ ។
ជាក់ស្តែង នៅព្រឹកថ្ងៃទី២០ កុម្ភៈ នេះ គេឃើញនៅមុខវិទ្យាស្ថានប៉ាស្ទ័រ-កម្ពុជា ស្ថិតនៅខាងត្បូងជាប់មន្ទីរពេទ្យកាល់ម៉ែត ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ ប្រជាពលរដ្ឋទាំងក្មេង ចាស់ ស្រី ប្រុស សម្រុកនាំគ្នាប្រជ្រៀតយកលេខ ដើម្បីបានចូលទៅចាក់ថ្នាំបង្ការជំងឺឆ្កែឆ្កួត និងថ្នាំបង្ការរោគផ្សេងៗ ។ ការនាំគ្នាមក ក៏បានធ្វើឱ្យកកស្ទះចរាចរណ៍ជាខ្លាំង ដោយអ្នកខ្លះបានផ្ទុះកំហឹងក៏មានដែរ ព្រោះតែមិនទាន់បានចាក់ថ្នាំ ។
កត់សម្គាល់ថា អ្នកដែលគឺជាឪពុក ម្តាយ ឬអាណាព្យាបាលក្មេងរងគ្រោះ ឬអ្នករងគ្រោះខ្លួនឯង ។ ខ្លះខំកាត់ខេត្តឆ្ងាយៗ ហើយបានរអ៊ូររទាំជាខ្លាំង ការដែលពួកគេមិនទាន់ចាក់ថ្នាំបង្ការ ។ ដោយខាងពេទ្យតម្រូវឱ្យអ្នកមានរបួសខ្លាំងចូលទៅចាក់មុនគេ ព្រោះនាំគ្នាជាច្រើនគឺចាក់ថ្នាំមិនទាន់ឡើយ ។
បើតាមបុគ្គលិកពេទ្យម្នាក់បានធ្វើការណែនាំដល់បងប្អូនថា សុំឱ្យត្រឡប់ទៅផ្ទះវិញសិន ព្រោះត្រូវនៅរង់ចាំតាមដានពីជំងឺកូន និងតាមដានលើសត្វដែលបានខាំ តើងាប់ឬយ៉ាងណា? បើមានបញ្ហាអ្វីប្លែកនោះ ត្រូវមកចាក់ថ្នាំឱ្យបានមុន ហើយយ៉ាងយូរ១សប្តាហ៍ទេ ។
បុគ្គលិកពេទ្យផ្នែកទទួលភ្ញៀវបានឱ្យដឹងទៀតថា ក្នុងរយៈពេលប្រមាណមួយសប្តាហ៍មកហើយ តាំងពីថ្ងៃពុធ ទី១៣ កុម្ភៈ មក គឺមានពលរដ្ឋដែលរងគ្រោះដោយត្រូវសត្វគ្រប់ប្រភេទខាំ ឬទិច ទាំងចាស់ទាំងក្មេង និងខ្លះទៀតត្រូវសត្វខាំ ឬទិចរាប់ឆ្នាំមកហើយ ក៏នាំគ្នាផ្អើលមកចាក់ថ្នាំបង្ការដែរ ។
ចែករំលែកព័តមាននេះ