ប្រទេសអង់គ្លេស ៖ យោងតាមភ្នាក់ងារសារព័ត៌មាន Financial Times កាលពីថ្ងៃអាទិត្យ កន្លងមកនេះបានឲ្យដឹងថា ប្រភពពីរបានប្រាប់ថា រដ្ឋាភិបាលអង់គ្លេសបានសម្រេចចិត្តថា ពួកគេអាចចៀសវាងហានិភ័យដែលបង្កឡើងពីការប្រើប្រាស់បច្ចេកវិទ្យាក្រុមហ៊ុន Huawei Technologies Co Ltd ក្នុងបណ្តាញ 5G ។ សារព័ត៌មានខាងលើបានលើកឡើងថា ប្រភពមួយបានអះអាងការសម្រេចចិត្តនេះនឹងផ្តល់សម្ពាធយ៉ាងធ្ងន់ដល់អ្នកដឹកនាំក្នុងទ្វីបអឺរ៉ុប ។
ប្រភពខាងលើបានប្រាប់ដល់ Financial Times ថា «ប្រទេសដទៃអាចអះអាងថា ប្រសិនបើប្រទេសអង់គ្លេសជឿជាក់ថា អាចចៀសវាងពីការគម្រាមកំហែងដល់សន្តិសុខបាននោះ ពួកគេក៏អាចធានាដល់សាធារណៈជនរបស់ពួកគេ និងរដ្ឋាភិបាលអាមេរិកថា ពួកគេអាចអនុញ្ញាតឲ្យក្រុមហ៊ុនផ្តល់សេវាទូរគមនាគមន៍ឲ្យប្រើឧបករណ៍ចិនបានឲ្យតែពួកគេមានការប្រុងប្រយ័ត្នតាមអ្វីដែលប្រទេសអង់គ្លេសផ្តល់យោបល់ជាដើម»។
គួរបញ្ជាក់ដែរថា ក្រុមហ៊ុន Huawei និងក្រុមហ៊ុនលក់ឧបករណ៍ទូរគមនាគមន៍ចិនដទៃដូចជា ZTE Corp. ត្រូវបានចោទប្រកាន់ដោយសហរដ្ឋអាមេរិកថា ធ្វើការក្រោមរដ្ឋាភិបាលចិន ។ សហរដ្ឋអាមេរិកបានបន្ថែមថា ឧបករណ៍ក្រុមហ៊ុនទាំងនេះអាចត្រូវបានប្រើប្រាស់ដើម្បីធ្វើចារកម្មលើប្រជាជនអាមេរិកជាដើម ។
ក្រុមហ៊ុន Huawei បានបដិសេធនឹងការចោទប្រកាន់នេះម្តងហើយម្តងទៀត ។ កាលពីដើមខែកន្លងមក ប្រធានផ្នែកសេវាស៊ើបព័ត៌មានបរទេសរបស់អង់គ្លេសបាននិយាយថា ប្រទេសអង់គ្លេសគួរតែចៀសវាងការពឹងផ្អែកលើអ្នកផ្គត់ផ្គង់ឧបករណ៍តែមួយក្នុងបណ្តាញ 5G ។
មជ្ឈមណ្ឌលសន្តិសុខប្រព័ន្ធអ៊ីនធើណែតជាតិរបស់ប្រទេសអង់គ្លេស (NCSC) ធ្លាប់បានឲ្យដឹងថា «ដូចដែលពួកយើងបានឲ្យដឹងក្នុងក្រុមត្រួតពិនិត្យ HCSEC (មជ្ឈមណ្ឌលវាយតម្លៃសន្តិសុខប្រព័ន្ធអ៊ីនធើណែត Huawei) NCSC ព្រួយបារម្ភពីសមត្ថភាពវិស្វកម្ម និងសន្តិសុខរបស់ Huawei ។ ពួកយើងបានចេញសេចក្តីណែនាំសម្រាប់ក្រុមហ៊ុននេះហើយ ។ របាយការណ៍ប្រចាំឆ្នាំរបស់ HCSEC ក្នុងពេលថ្មីៗនេះនឹងត្រូវបានផ្សព្វផ្សាយក្នុងពេលឆាប់ៗ» ៕
ចែករំលែកព័តមាននេះ