ពលរដ្ឋ​គួរតែ​ត្រួតពិនិត្យ​របាយការណ៍​ហិរញ្ញវត្ថុ​ផ្ទាល់ខ្លួន


រាជធានី​ភ្នំពេញ ៖ ប្រជាពលរដ្ឋ​ដែល​ខ្ចីប្រាក់​នៅ​តាម​បណ្ដា​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​នានា គួរតែ​ទៅ​ត្រួតពិនិត្យ​ប្រវត្តិ​ឥណទាន​របស់​ខ្លួន​ឲ្យ​បាន​គ្រប់​ៗ​គ្នា ដើម្បី​ផ្ទៀងផ្ទាត់​ភាព​ត្រឹមត្រូវ ហើយ​បើសិនជា​របាយការណ៍​ចេញ​នោះ​ខុស​ប្រក្រតី​នឹង​អ្វី​ដែល​ខ្លួន​មាន អាច​ដាក់​ពាក្យ​តវ៉ា ឬ​ស្នើ​ឲ្យ​មើល​ឡើង​វិញ និង​ក៏​ជា​ការ​ងាយស្រួល​ដើម្បី​ស្នើ​សុំ​ឥណទាន​បន្ថែម​ទៀត​ដែរ ខណៈ​បច្ចុប្បន្ន​នេះ​មាន​ប្រជាពលរដ្ឋ​តិចតួច​ណាស់​ដែល​បាន​មក​ពិនិត្យ​របាយការណ៍​របស់​ខ្លួន ។

ប្រធាន​នាយក​ប្រតិបត្តិ​នៃ​ការិយាល័យ​ឥណទាន​កម្ពុជា ហៅ​កាត់​ថា​CBC លោក អឿ សុធា​រ័​ត្ន បាន​មាន​ប្រសាសន៍​ថា ការ​មក​ត្រួតពិនិត្យ​សុខភាព​ហិរញ្ញវត្ថុ ឬ​ឆែក​ប្រវត្តិ​ប្រើប្រាស់​ឥណទាន​របស់​ប្រជាពលរដ្ឋ​ម្នាក់​ៗ ក៏​អាច​នឹង​ងាយស្រួល​សម្រាប់​ប្រជាពលរដ្ឋ ក្នុង​ការ​ទទួល​បាន​ឥណទាន​បន្ថែម​ពី​ធនាគារ ឬ​មីក្រូហិរញ្ញវត្ថុ​សម្រាប់​យក​ទៅ​ប្រើប្រាស់​ពង្រីក​អាជីវកម្ម និង​មុខរបរ​របស់​ពួក​គាត់​ផង​ដែរ ដូច្នេះ​ហើយ ពលរដ្ឋ​គួរតែ​ឆែក​សុខភាព​ហិរញ្ញវត្ថុ​ឲ្យ​បាន​គ្រប់​ៗ​គ្នា ។

លោក​បន្ត​ថា ការិយាល័យ​ឥណទាន​កម្ពុជា ផ្ដោត​ជា​ចម្បង​ជាមួយនឹង​របាយការណ៍​ឥណទាន​អតិថិជន ដែល​អនុញ្ញាត​ឲ្យ​សមាជិក​ដែល​ជា​ធនាគារពាណិជ្ជ និង​មីក្រូហិរញ្ញវត្ថុ អាច​ស្វែង​យល់​ពី​អតិថិជន​របស់​ពួក​គេ កាន់តែ​ច្បាស់ និង​ធ្វើការ​សម្រេចចិត្ត​លើ​ការ​ផ្ដល់​ឥណទាន​ប្រកបដោយ​ប្រសិទ្ធភាព និង​ទំនួល​ខុស​ត្រូវ ។
លោក​ថា ៖« ប្រព័ន្ធ​នេះ ក៏​បាន​ជួយ​ដល់​អតិថិជន​ទូទៅ​ក្នុង​ការ​ស្នើ​សុំ និង​ស្វែង​យល់​អំពី​ព័ត៌មាន​ឥណទាន​របស់​ពួក​គេ​ឲ្យ​កាន់តែ​ប្រសើរ​ឡើង ដែល​នឹង​ជួយ​ពួក​គេ​ក្នុង​ការ​ត្រៀមខ្លួន​សម្រាប់​ស្នើ​សុំ​កម្ចី ។ មិនតែប៉ុណ្ណោះ ប្រព័ន្ធ​ក៏​ចូលរួម​ចំណែក​ដល់​ស្ថិរភាព​នៃ​វិស័យ​ហិរញ្ញវត្ថុ និង​សេដ្ឋកិច្ច​ផង​ដែរ » ។ លោក​បន្ថែម​ថា សម្រាប់​ការ​ត្រួតពិនិត្យ​សុខភាព​ហិរញ្ញវត្ថុ ក៏​មិន​ខុស​ពី​សុខភាព​រាង​កាយ​ដែរ គឺ​ត្រូវការ​ត្រួតពិនិត្យ​ដើម្បី​ទប់ស្កាត់ និង​ការពារ​។

លោក អឿ សុធា​រ័​ត្ន មាន​ប្រសាសន៍​ថា ៖« សម្រាប់​អ្នកមាន​ប្រវត្តិ​ធ្លាប់​ប្រើប្រាស់​ឥណទាន នៅ​តាម​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ និង​ធនាគារ គួរតែ​មក​ត្រួតពិនិត្យ​សុខភាព​ហិរញ្ញវត្ថុ ដើម្បី​ឲ្យ​ដឹង​ពី​ប្រវត្តិ​របស់​ខ្លួន ហើយ​និង​ត្រូវ​ផ្ទៀងផ្ទាត់​ជាមួយនឹង​របាយការណ៍​របស់​ការិយាល័យ និង​ផ្ទៀងផ្ទាត់​ជាមួយនឹង​ខ្លួន​គាត់​ផ្ទាល់ និង​អាច​ដឹង​ថា​តើ​គាត់​អាច​ទទួល​បាន​ឥណទាន​ពី​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ និង​ធនាគារ​ផ្សេង​ទៀត​បាន​ដែរ​ឬទេ »​។ លោក​បញ្ជាក់​ថា រហូត​មក​ដល់​ពេល​នេះ ការិយាល័យ​ឥណទាន បាន​សហការ​ជាមួយ​ធនាគារ អេ​ស៊ី​លី​ដា និង​មីក្រូហិរញ្ញវត្ថុ អេ អឹ​ម ខេ ក្នុង​ការ​ផ្ដល់​សេវា​ឆែក​សុខភាព​ហិរញ្ញវត្ថុ នៅ​តាម​សាខា​មួយ​ចំនួន​របស់​គ្រឹះស្ថាន​ទាំង​ពីរ ក៏​ប៉ុន្តែ​រយៈពេល​ប៉ុន្មាន​ខែ​កន្លង​មកនេះ មាន​ប្រជាពលរដ្ឋ​តិច​ណាស់​ដែល​បាន​យល់​ដឹង និង​មក​ត្រួតពិនិត្យ​សុខភាព​ហិរញ្ញវត្ថុ ក៏​ដូច​ជា​ឆែក​របាយការណ៍​ឥណទាន​របស់​ពួក​គាត់ ។

លោក គា បូរាណ ប្រធាន​ប្រធាន​នាយក​ប្រតិបត្តិ​នៃ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ អេ អឹ​ម ខេ បាន​មាន​ប្រសាសន៍​ផង​ដែរ​ថា ៖« នៅ​ក្នុង​កិច្ច​សហប្រតិបត្តិការ​នេះ យើង​នឹង​ផ្ដល់​សេវា​ត្រួតពិនិត្យ​សុខភាព​ហិរញ្ញវត្ថុ​ជូន​អតិថិជន ដែល​ជំហាន​ដំបូង នឹង​បើក​នៅ​សាខា​ចំនួន​៥ ក្នុង​នោះ​រួម​មាន​សាខា​ការិយាល័យ​កណ្ដាល សាខា​ចោម​ចៅ សាខា​ខេត្តកណ្ដាល សាខា​ខេត្តកំពង់ចាម និង​សាខា​ខេត្តសៀមរាប »​។ លោក​ថា ៖« យើង​នឹង​ព្យាយាម​ពង្រីក​សេវា​ត្រួតពិនិត្យ​សុខភាព​ហិរញ្ញវត្ថុ​នេះ ឲ្យ​បាន​គ្រប់​សាខា​នៅ​ទូ​ទាំង​ប្រទេស ដើម្បី​ឲ្យ​អតិថិជន​របស់​ខ្លួន​អាច​មក​ត្រួតពិនិត្យ​សុខភាព​ហិរញ្ញវត្ថុ​របស់​ពួក​គាត់​បាន​គ្រប់​សាខា​របស់​យើង »​។

លោក​បន្ត​ថា បច្ចុប្បន្ន​នេះ អេ​អឹ​ម​ខេ បាន​ផ្ដល់​សេវា​ទៅ​ដល់​អតិថិជន​ជាង​៧៦​ម៉ឺន​នាក់ និង​មាន​សាខា​គ្រប់​ដណ្ដប់​គ្រប់​ស្រុក និង​ឃុំ​ទូ​ទាំង​ប្រទេស ដូច្នេះ​សេវា​ហិរញ្ញវត្ថុ​នេះ នឹង​ជួយ​ដល់​អតិថិជន​ក្នុង​ការ​ស្វែង​យល់​ពី​ស្ថានភាព​ហិរញ្ញវត្ថុ​របស់​ខ្លួន លើកកម្ពស់​ចំណេះដឹង​ផ្នែក​ហិរញ្ញវត្ថុ និង​ត្រៀមខ្លួន​រួចរាល់​ប្រកបដោយ​ការ​ទទួលខុសត្រូវ​ក្នុង​ការ​ទទួល​បាន​ប្រាក់​កម្ចី ពី​ស្ថាប័នហិរញ្ញវត្ថុ ។ លោក​បន្ថែម​ថា សម្រាប់​វិស័យ​មីក្រូហិរញ្ញវត្ថុ​នៅ​ក្នុង​ប្រទេស​កម្ពុជា នា​ពេល​បច្ចុប្បន្ន​នេះ មិន​មាន​សញ្ញា​ណា​បង្ហាញ​ពី​បញ្ហា​នោះ​ទេ ហើយ​វិស័យ​មីក្រូហិរញ្ញវត្ថុ នឹង​នៅ​តែ​ល្អ​ប្រសើរ​ទាំង​ប្រាក់​បញ្ញើ និង​ឥណទាន តែ​ទោះជា​យ៉ាងណា​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ ៕

Facebook Google Twitter Email

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




    សូម​អរគុណ