ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កសិករ​ម្នាក់​មាន​បច្ចេកទេស​ធ្វើ​ឱ្យ​តា​ង៉ែ​ន​ទុំ​តាម​រដូវ​ចង់បាន

5 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន ៖ កសិករ​ដាំ​តា​ង៉ែ​ន ឬ​មៀន​ប៉ៃលិន​ម្នាក់​មាន​បច្ចេកទេស​ខ្ពស់​ក្នុង​ការ​ធ្វើ​ឲ្យ​ផ្លែ​តា​ង៉ែ​ន​ទុំ​ទៅ​តាម​រដូវ​កាលដែល​មាន​តម្រូវការ​ខ្ពស់​ដូច​ជា បុណ្យចូលឆ្នាំ​ចិន​-​វៀតណាម​, ចូល​ឆ្នាំ​ខ្មែរ និង​រដូវ​ភ្ជុំបិណ្ឌ​ជាដើម ។ អ្នកស្រី អឿ​ន…

ខេត្ត​ប៉ៃលិន ៖ កសិករ​ដាំ​តា​ង៉ែ​ន ឬ​មៀន​ប៉ៃលិន​ម្នាក់​មាន​បច្ចេកទេស​ខ្ពស់​ក្នុង​ការ​ធ្វើ​ឲ្យ​ផ្លែ​តា​ង៉ែ​ន​ទុំ​ទៅ​តាម​រដូវ​កាលដែល​មាន​តម្រូវការ​ខ្ពស់​ដូច​ជា បុណ្យចូលឆ្នាំ​ចិន​-​វៀតណាម​, ចូល​ឆ្នាំ​ខ្មែរ និង​រដូវ​ភ្ជុំបិណ្ឌ​ជាដើម ។

អ្នកស្រី អឿ​ន ផល្លា ដែល​បាន​ដាំ​តា​ង៉ែ​ន​ចំនួន​៧០០​ដើម នៅ​ភូមិ​អូរ​ប្រើស សង្កាត់​អូរ​តា​វ៉ៅ ក្រុងប៉ៃលិន បាន​រៀបរាប់​ថា អ្នកស្រី​ដាំ​ដំណាំ​នេះ​អស់​រយៈពេល​៤​ឆ្នាំ​មក​ហើយ ដោយសារ​តែ​តម្លៃ​លើ​ទីផ្សារ​ឡើង​ចុះ​មិន​ទៀង ទើប​អ្នកស្រី​បាន​ព្យាយាម​សាកល្បង​ពិសោធ​ដើម​តា​ង៉ែ​ន​ដើម្បី​ឲ្យ​វា​ផ្លែ និង​ទុំ​ទៅ​តាម​រដូវ​មាន​តម្រូវការ​ខ្ពស់​វិញ ។

អ្នកស្រី​បន្ដ​ថា ឆ្លងកាត់​ការ​ពិសោធ​ច្រើន​ឆ្នាំ​មកនេះ អ្នកស្រី​បាន​ដាក់​អ័រម៉ូន​ដើម​តា​ង៉ែ​ន​ចំនួន​៧០​ដើម ឲ្យ​វា​ផ្លែ និង​ទុំ​ចំ​រដូវ​បុណ្យ​ទាន ហើយ​លទ្ធផល​ឃើញ​ថា​ជោគជ័យ និង​ទៅ​តាម​រដូវ​កាលដែល​ខ្លួន​ចង់បាន​មែន ។
អ្នកស្រី អឿ​ន ផល្លា និយាយ​ថា ៖« នៅ​ថ្ងៃ​ធម្មតា តម្លៃ​តា​ង៉ែ​ន ១​គីឡូក្រាម​លក់​បាន​ត្រឹមតែ​២.៥០០​រៀល​ទៅ​៣.០០០​រៀល​ទេ ប៉ុន្តែ​បើ​យើង​បេះ​នៅ​ថ្ងៃ​បុណ្យ​ទាន ជា​ពិសេស​ចំ​ថ្ងៃ​បុណ្យចូលឆ្នាំ​ចិន គឺ​អាច​លក់​បាន​៤.០០០​ទៅ​៥.០០០​រៀល​ឯណោះ​ក្នុង​១​គីឡូក្រាម ។ ហេតុនេះ​ហើយ ខ្ញុំ​តែង​ដាក់​អ័រម៉ូន​ឲ្យ​វា​ផ្លែ និង​ទុំ​ចំ​រដូវ​បុណ្យ​ទាន ព្រោះ​វា​មាន​តម្រូវការ​ខ្ពស់ »​។

អ្នកស្រី​បញ្ជាក់​ថា ៖« ជាក់ស្ដែង​បុណ្យចូលឆ្នាំ​ចិន​ឆ្នាំ​នេះ ខ្ញុំ​លក់​បាន​ច្រើន​គឺ​ក្នុង​១​ថ្ងៃ​ៗ អាច​បេះ​លក់​ឱ្យ​ភ្ញៀវ​ក្នុងភូមិ​យក​ទៅ​សែន និង​ភ្ញៀវ​ទេសចរ​ជាតិ​ដែល​មក​ដើរ​លេង​កម្សាន្ដ និង​ជួបជុំ​សាច់ញាតិ​ដោយ​១​ថ្ងៃ​ៗ អាច​បេះ​លក់​បាន​ចាប់ពី​៤០​ទៅ​៦០​គីឡូក្រាម »​។

អ្នកស្រី​បន្ថែម​ថា អ្នកស្រី​កំពុង​មាន​គម្រោង​ដាក់​អ័រម៉ូន​លើ​ដើម​តា​ង៉ែ​ន​ដែល​នៅ​សល់​ចំនួន​៦០០​ដើម​នោះ ឱ្យ​វា​ទុំ​នៅ​រដូវ​ចូល​ឆ្នាំ​ប្រពៃណី​ជាតិខ្មែរ​ខាង​មុខ និង​នៅ​រដូវ​បុណ្យ​ភ្ជុំបិណ្ឌ​ផង​ដែរ ។ ទោះ​យ៉ាងណា អ្នកស្រី​កំពុង​តែ​បារម្ភ​ដោយសារ​តែ​ពី​អាកាសធាតុ​ឆ្នាំ​នេះ​ក្ដៅ​ខ្លាំង និង​ពុំ​មាន​ភ្លៀង​ធ្លាក់​កក់ខែ​ដូច​ឆ្នាំ​មុន ខណៈ​ទឹកអូរ​នៅ​ក្បែរ​ចម្ការ​របស់​អ្នកស្រី​បាន​រីងស្ងួត​អស់​ជា​បណ្តើរ​ៗ​ហើយ​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ