ខេត្តមណ្ឌលគិរី ៖ សួនឧទ្យានសែនមនោរម្យដែលចាត់ទុកថា ជាសួនមានទំហំធំជាងគេបង្អស់នៅក្នុងប្រទេសកម្ពុជា ហើយនឹងត្រូវចំណាយថវិកាប្រមាណជិត១០លានដុល្លារ ត្រូវបានអាជ្ញាធរខេត្តមណ្ឌល
គិរី ប្រារព្ធពិធីបើកការដ្ឋានសាងសង់ហើយ នាព្រឹកថ្ងៃទី១៩ កុម្ភៈ ស្ថិតលើបរិវេណដីអតីតព្រលានយន្តហោះ ក្នុងក្រុងសែនមនោរម្យ ក្រោមវត្តមានលោក ស្វាយ សំអ៊ាង អភិបាលខេត្ត និងមន្ត្រីរាជការជាច្រើនរូបទៀត ។
លោកស្វាយ សំអ៊ាង បានមានប្រសាសន៍ថា នេះជាឧទ្យានមួយយ៉ាងប្រណីតមានរចនាបថរបស់ខ្មែរ
មានដាំដើមឈើចម្រុះ ទីលានហាត់កីឡា សំណង់វិមានឯករាជ្យ រូបសំណាងគងសំណាកឃ្លោក រូបសំណាកសេះ មានប្រព័ន្ធបាញ់ទឹកលំអដោយភ្លើងពណ៌ចម្រុះ ដាំដើមឈើ និងរុក្ខជាតិសំខាន់ៗ ដែលបង្ហាញពីអត្តសញ្ញាណធនធានធម្មជាតិរបស់ខេត្ត ឱ្យសមស្របនឹងអាកាសធាតុ ។
លើសពីនេះទៀត ក៏បង្ហាញពីវប្បធម៌ជនជាតិដើមភាគតិច និងអត្តសញ្ញាណជាតិ ។ ចំពោះការចំណាយជាក់ស្តែង គឺអាជ្ញាធរខេត្តមិនអាចមានលទ្ធភាពគ្រប់គ្រាន់ សម្រាប់ដំណើរការសាងសង់ទេ ប៉ុន្តែដោយ
មានការសហការ និងជំនួយពីសប្បុរសជន ក្រុមហ៊ុននានា ទាំងជាតិ-អន្តរជាតិ ទើបខេត្តមានទុនសម្រាប់ធ្វើដោយមិនទាន់មានការចំណាយលើកញ្ចប់ថវិការបស់ថ្នាក់ជាតិឡើយ ។
លោកអភិបាលខេត្តបន្តថា ការសាងសង់សួនឧទ្យានសែនមនោរម្យនេះ ត្រូវបានធ្វើឡើងជាជំហានទៅតាមថវិការ ដែលមាន មានប៉ុន្មានគឺធ្វើប៉ុណ្ណឹងសិន តែមិនមែនទុកចោលឡើយ ុំ ដោយកំណត់យ៉ាងយូរប្រើពេលសង់២៤ខែឱ្យរួចរាល់ ដើម្បីបម្រើដល់ផលប្រយោជន៍ប្រជាជនក្នុងតំបន់ ជាពិសេសវាបានទាក់ទាញភ្ញៀវទេសចរណ៍ថែមទៀត ។
គួរបញ្ជាក់ថា សួនឧទ្យានសែនមនោរម្យ ត្រូវសាងសង់នៅចំកណ្តាលបេះដូងក្រុងសែនមនោរម្យ ហើយសួនច្បារដ៏ធំមួយនេះ មានបណ្ដោយ១,២០០ម៉ែត្រ ទទឹងប្រវែង១០០ ទៅ២០០ម៉ែត្រ ទៅតាមទំហំជាក់ស្ដែង លើផ្ទៃដី២០ហិកតា ។
ចែករំលែកព័តមាននេះ