ខេត្តតាកែវ ៖ ម្ចាស់សំណង់ឈ្មោះ ម៉េង សុខុម ដែលសាងសង់សំណង់រឹងលើអូរបង្ហូរទឹកសាធារណៈនៅក្នុងស្រុកគីរីវង់ បានបញ្ចេញឯកសារជាច្រើនថា រូបគាត់មានវិញ្ញាបនបត្រសំគាល់ម្ចាស់អចលនវត្ថុ និងការសម្រេចអោយឈ្នះក្តីពីតុលាការកំពូល និងសិទ្ធិអនុញ្ញាតអោយសាងសង់ដោយលោក សុក សិត អតីតប្រធានមន្ទីរសុរិយោដី និងនគរូបនីយកម្មខេត្តតាកែវ កាលពីមុន ។
ម្ចាស់សំណង់រូបនេះដែរមានឈ្មោះថា ម៉េង សុខុម បានបង្ហាញនូវឯកសាររបស់ខ្លួនតាមរយៈបណ្តាញសង្គមហ្វេសប៊ុកផ្ទាល់ខ្លួនរបស់គាត់កាលពីថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៩ បន្ទាប់ពីមានបងប្អូនប្រជាពលរដ្ឋបានធ្វើការតវ៉ា និងផ្តិតមេដៃជំទាស់លើការសាងសង់សំណង់រឹងលើអូរប្រវត្តិសាស្ត្រនេះ ចំនួន១១៧គ្រួសារ និងស្នើសុំអោយសម្តេចតេជោ ហ៊ុន សែន ជួយអន្តរាគមន៍ដល់ពួកគាត់ ព្រោះខ្លាចសំណង់ខាងលើសាងសង់រួច ធ្វើអោយមានការកកស្ទះ បណ្តាលឱ្យមានការលិចលង់ផ្ទះសំបែងរបស់ពួកគាត់ កាលពីព្រឹកថ្ងៃទី ១៥ ខែកុម្ភៈ ២០១៩ ។
ពាក់ព័ន្ធជាមួយនឹងករណីដ៏ជម្រោងជម្រះនេះដែរ មានមន្ត្រីជាន់ខ្ពស់ក្នុងខេត្តមួយរូប សូមមិនបញ្ចេញឈ្មោះបាននិយាយថា ថ្វីត្បិតតែម្ចាស់សំណង់មានឯកសារគ្រប់គ្រាន់លើការគ្រប់គ្រងលើក្បាលដីរបស់ខ្លួន និងមានសិទ្ធិសាងសង់យ៉ាងណាក៏ដោយ ក៏មានប្រជាពលរដ្ឋជាច្រើនបានធ្វើការជំទាស់ ហើយក៏បានដឹងថា ទីតាំងសំណង់រឹងដែលកំពុងសាងសង់នោះ គឺជាដីអូរសារធារណៈ មិនមែនជារបស់បុគ្គលណាម្នាក់នោះឡើយ ហើយអូរនេះគឺមានតាំងពីយូរយាណាស់មកហើយ និងជាផ្លូវទឹកដ៏សំខាន់មួយ សម្រាប់ការរំដោះ ឬបញ្ជៀសទឹកចេញកុំអោយមានការលិចលង់ដល់ផ្ទះរបស់បងប្អូនប្រជាពលរដ្ឋ ។
ចំណែកលោក មិញ សុភាព នាយកសាលាបឋមសិក្សាសុខអានទន្លាប់ បានប្រកាសគោលជំហយ៉ាងរឹងមាំថា រូបលោករួមជាមួយនឹងប្រជាពលរដ្ឋ១ភូមិ ក្នុងភូមិកំពង់ នៅតែជំទាស់ ដើម្បីជាប្រយោជន៍រួមរបស់ប្រជារាស្ត្រ ព្រោះថា អូររំដោះទឹកនេះ គឺជាផ្លូវទឹកមួយដែលអាចបញ្ជៀសទឹកចេញមិនអោយជន់លិចផ្ទះសំបែងរបស់បងប្អូនប្រជាពលរដ្ឋ ។
លោកបានបន្តថា ក្រោយមានការតវ៉ាជំទាស់មិនអោយមានការសាងសង់សំណង់រឹងកាលពីថ្ងៃទី១៥ ខែកុម្ភៈនេះដែរ រូបលោករួមជាមួយប្រជាពលរដ្ឋដាក់ពាក្យបណ្តឹងនេះទៅតំណាងរាស្ត្រមណ្ឌលតាកែវ លោក សុខ សុកាន ផងដែរ ។ ហើយមកទល់ពេលនេះ លោក មិញ សុភាព បានបញ្ជាក់ថា ម្ចាស់សំណង់នៅតែបន្តសាងសង់ និងដាក់ជាងធ្វើកាន់តែច្រើនជាងមុនទៀត ដោយនៅមិនទាន់មានអាជ្ញាធរណាមកចុះពិនិត្យឡើយ ៕
ចែករំលែកព័តមាននេះ