ប្រទេសថៃ ៖ ភ្នាក់ងារសារព័ត៌មាន CNBC បានរាយការណ៍កាលពីពេលកន្លងមកថា វិនិយោគិនជនជាតិចិនបានបន្តវិនិយោគលើវិស័យអចលនទ្រព្យថៃ បើទោះបីជាមានភាពមិនប្រាកដប្រជាដែលកើតមានឡើងមកពីការបោះឆ្នោតពិតមែនក្តី ។ វាបង្ហាញពីប្រជាប្រិយភាពរបស់ប្រទេសថៃសម្រាប់ជនជាតិចិន ។
យោងទៅតាមទិន្នន័យដែលបានពីគេហទំព័រ Juwai.com បានឲ្យដឹងថា ប្រទេសថៃគឺជាប្រទេសដែលទទួលបានការសាកសួរច្រើនជាងគេពីអតិថិជនអចលនទ្រព្យដែលប្រើគេហទំព័ររបស់ពួកគេក្នុងឆ្នាំ២០១៨ កន្លងមក ។
ប្រទេសថៃនឹងមានការបោះឆ្នោតសកលនៅថ្ងៃទី២៤ ខែមីនា ខាងមុខនេះ ប៉ុន្តែអ្នកស្រី Carrie Law ដែលជានាយកប្រតិបត្តិរបស់ Juwai បាននិយាយថា ក្រុមហ៊ុនអ្នកស្រីមិនគិតថា វាអាចប៉ះពាល់ដល់ការទិញអចលនទ្រព្យក្នុងប្រទេសនេះទេ ។
អ្នកស្រីបានប្រាប់ដល់ CNBC ថា «ទោះជាការបោះឆ្នោតជារឿងសំខាន់មួយក្នុងប្រទេសថៃពិតមែនក្តី អតិថិជនភាគច្រើនដែលពួកយើងធ្វើការជាមួយមិនព្រួយបារម្ភពីលទ្ធផលនៃការបោះឆ្នោតនេះឡើយ»។
គួរបញ្ជាក់ផងដែរថា សេដ្ឋកិច្ចប្រទេសថៃបានលូតលាស់យ៉ាងលឿនតាំងពីរដ្ឋប្រហារឆ្នាំ ២០១៤ មក ដោយមានផលិតផលក្នុងស្រុកសរុប (GDP) លូតលាស់បាន ៣.៩% ក្នុងឆ្នាំ ២០១៧ ប៉ុន្តែធនាគារពិភពលោកបានព្យាករណ៍មកថា ការលូតលាស់ក្នុងឆ្នាំនេះនឹងមានការអន់ថយព្រោះតែការលូតលាស់ជុំវិញពិភពលោកធ្លាក់ចុះ ។
ការធ្វើរដ្ឋប្រហារថ្មីៗនេះគឺជាការធ្វើរដ្ឋប្រហារលើកទីពីរមកហើយក្នុងរយៈពេលមិនដល់១០ឆ្នាំផង ប៉ុន្តែវាមិនបានប៉ះពាល់ដល់វិស័យអចលនទ្រព្យរបស់ប្រទេសថៃឡើយ ។ លើសពីនេះទៅទៀត អ្នកស្រី Nanmanas Jitwattanakul ដែលជាប្រធានជំនួយការអគ្គនាយករងផ្នែកអភិវឌ្ឍន៍អាជីវកម្មអន្តរជាតិរបស់ក្រុមហ៊ុនអចលនទ្រព្យ Sansiri បាននិយាយថាអតិថិជនបរទេសកាន់តែមានចំណាប់អារម្មណ៍លើអចលនទ្រព្យថៃទៀតផង ។
អ្នកស្រីបានបន្ថែមទៀតថា អតិថិជនចិនស្មើ ៧០%នៃការលក់ឲ្យជនបរទេសសរុបរបស់ Sansiri និងបន្តថា អតិថិជនបរទេសមិនព្រួយបារម្ភពីភាពមិនប្រាកដប្រជាផ្នែកនយោបាយក្នុងរយៈពេល៥ឆ្នាំមកនេះព្រោះសេដ្ឋកិច្ចថៃ ដំណើរការអាជីវកម្ម និងគោលនយោបាយក្នុងប្រទេសមិនទទួលរងការប៉ះពាល់ឬផ្លាស់ប្តូរអ្វីឡើយ ។
តម្លៃអចលនទ្រព្យក្នុងប្រទេសថៃក្នុងរយៈពេល១០ឆ្នាំមកនេះក៏បានកើនឡើងទ្វេដងដែរ ដូច្នេះវិនិយោគិនគិតថាប្រទេសថៃជាប្រទេសដ៏ល្អសម្រាប់វិនិយោគ ហើយមានអតិថិជនមួយចំនួនទៀតក៏ទិញអចលនទ្រព្យសម្រាប់ទុកជាផ្ទះវិស្សមកាល ឬទុកពេលចូលនិវត្តន៍ដែរ ៕
ចែករំលែកព័តមាននេះ