ទីក្រុងហុងកុង ៖ យោងតាម Financial Times បានឲ្យដឹងកាលពីថ្ងៃសុក្រថា ហុងកុងត្រូវបានចាត់ទុកជាទីផ្សារលំនៅឋានដែលមិនមានផលចំណេញខ្ពស់អស់៩ឆ្នាំកន្លងមកហើយ ហើយវាអាចនឹងបន្តដល់ឆ្នាំទី១០ផងដែរ ។
តម្លៃផ្ទះក្នុងហុងកុងបានកើនឡើងច្រើនជាង ២០០%ទៅទៀត ដែលបង្កឲ្យប្រជាជនរស់នៅក្នុងផ្ទះមានទំហំមិនលើសពីទំហំរថយន្តមួយផង ។ កាលពីឆ្នាំមុន បន្ទប់ដែលមានទំហំ១១,២៤ម៉ែត្រការ៉េត្រូវបានលក់ចេញក្នុងតម្លៃ ២៥,៥ម៉ឺនដុល្លារឯណោះ ។
របាយការណ៍មួយរបស់UBS ព្យាករណ៍មកថា ប្រជាជនហុងកុងត្រូវធ្វើការដល់ទៅ១០ឆ្នាំ ដើម្បីមានសមត្ថភាពក្នុងការទិញផ្ទះដែលមានទំហំ៦០ម៉ែត្រការ៉េ មួយយូនីត ។ មូលហេតុនេះហើយទើបការអន់ថយនៃតម្លៃដែលកើតមានឡើងតាំងពីពាក់កណ្តាលឆ្នាំមុនទទួលបានការស្វាគមន៍យ៉ាងខ្លាំង។ ការអន់ថយនេះត្រូវបានជំរុញដោយការព្រួយបារម្ភពីសេដ្ឋកិច្ចពិភពលោក ហើយការធ្លាក់ចុះនៃការលូតលាស់សេដ្ឋកិច្ចចិនបានបង្កឲ្យតម្លៃប្រាប់យាន់ធ្លាក់ចុះ និងប៉ះពាល់ដល់ទីផ្សារភាគហ៊ុនផងដែរ ។
ចំណាប់អារម្មណ៍លើអចលនទ្រព្យហុងកុងបានអន់ថយ ដែលធ្វើឲ្យក្រុមហ៊ុនអចលនទ្រព្យចាប់ផ្តើមមានការលក់បញ្ចុះតម្លៃដើម្បីទាក់ទាញអតិថិជនជាដើម ។ យោងតាមបញ្ជីឈ្មោះមហាសេដ្ឋីរបស់ Forbes បានឲ្យដឹងថា មហាសេដ្ឋីហុងកុងចំនួន ២៣នាក់មើលឃើញទ្រព្យសម្បត្តិខ្លួនធ្លាក់ចុះព្រោះតែការអន់ថយនៃទីផ្សារអចលនទ្រព្យ និងការលូតលាស់សេដ្ឋកិច្ចចិន ។
ការធ្លាក់ចុះនៃតម្លៃដុល្លារហុងកុងបានបង្ខំឲ្យអាជ្ញាធររូបិយវត្ថុហុងកុង (HKMA) ឲ្យចេញសកម្មភាពទប់ស្កាត់ការធ្លាក់ចុះបន្តទៀតដែលបង្កការប៉ះពាល់ដល់ទីផ្សារផ្ទះដោយបង្កើនអត្រាការប្រាក់។ ជាលទ្ធផល ធនាគារធំៗដូចជា Citi និង HSBC បានបង្កើនអត្រាការប្រាក់លើកម្ចីទិញផ្ទះថ្មីៗកាលពីឆ្នាំមុនជាលើកដំបូងក្នុងរយៈពេល១០ឆ្នាំមកនេះដែលអាចប៉ះពាល់ដល់សំណង។ ប៉ុន្តែអត្រាការប្រាក់បានធ្លាក់ចុះពី២,៣%មកស្មើ ១,៧%វិញកាលពីខែធ្នូ។
លើសពីនេះទៅទៀត ប្រសិនបើទីផ្សារភាគហ៊ុនចិនបន្តងើបឡើងវិញ នោះការវិនិយោគនឹងចាប់ផ្តើមហូរចូលទៅទីផ្សារអចលនទ្រព្យក្នុងរយៈពេលប៉ុន្មានខែខាងមុខដដែល។
អ្នកស្រី Nicole Wong អ្នកវិភាគនៅ CLSA បាននិយាយថា មានវិនិយោគិនជាច្រើនដែលកំពុងស្វែងរកផ្ទះដែលមានប្រាក់ចំណេញច្រើន។ ព្រោះតែធនាគារជាតិអាមេរិកប្រហែលជាកាត់បន្ថយអត្រាការប្រាក់ក្នុងពេលខាងមុខ សម្ពាធដែលប្រាក់ដុល្លារដាក់លើទីផ្សារអចលនទ្រព្យហុងកុងកំពុងតែបាត់ទៅបន្តិចម្តងដែរ ដូច្នេះទីផ្សារអចលនទ្រព្យហុងកុងប្រហែលជាអាចបន្តការលូតលាស់ទៅមុខទៀត ៕
ចែករំលែកព័តមាននេះ