ខេត្តតាកែវ ៖ សំណង់រឹងបិទផ្លូវបង្ហូរទឹកនៅក្បែរសាលាស្រុកគីរីវង់ធ្វើអោយពលរដ្ឋរងគ្រោះជាង១០០គ្រួសារកំពុងកើតក្តីកង្វល់ខ្លាចមានការជនលិចទៀត អភិបាលស្រុកប្រាប់ថា ទើបតែដឹង ខណៈដែលសំណង់រឹងបានចាក់គ្រឹះរួចរាល់ និងបិទលូរកាត់មុខផ្លូវជាតិលេខ២រួចរាល់អស់ទៅហើយ ។
សំណង់ចាក់បិទផ្លូវបង្ហូរទឹកខាងលើនេះមានទីតាំងឋិតនៅភូមិកំពង់ ឃុំព្រះបាទជាន់ជុំ ស្រុកគីរីវង់ ខេត្តតាកែវ ដែលបច្ចុប្បន្នសំណង់ខាងលើបានកំពុងតែសាងសង់ជាធម្មតា បើទោះបីជាមានការប្តឹងតវ៉ាពីសំណាក់បងប្អូនប្រជាពលរដ្ឋមួយភូមិយ៉ាងណាក៏ដោយ ។
តាមសម្តីលោក មិញ សុភាព តំណាងអោយបងប្អូនប្រជាពលរដ្ឋបាននិយាយថា ការធ្វើសំណង់នេះពិតជាធ្វើឲ្យប៉ះពាល់ធ្ងន់ធ្ងរទៅលើការរស់នៅរបស់បងប្អូនប្រជាពលរដ្ឋជាក់ជាមិនខាន ព្រោះកន្លងមកអូរបង្ហូរទឹកនេះជាផ្លូវទឹកមួយដ៏សំខាន់សម្រាប់បញ្ចៀសការជន់លិចផ្ទះសំបែងរបស់បងប្អូនប្រជាពលរដ្ឋរាប់រយគ្រួសារ និងសាលារៀន ។
លោកបានបន្តទៀតថា ចំពោះអូរប្រវត្តិសាស្ត្រនេះក្រុមប្រជាពលរដ្ឋធ្លាប់បានធ្វើការប្តឹងតវ៉ាជាច្រើនលើកច្រើនសារមកហើយតែការប្តឹងផ្តល់នេះត្រូវបានតុលាការសម្រេចកាត់ក្តីឲ្យប្រជាពលរដ្ឋជាអ្នកចាញ់ទៅវិញ ។
ទើបមកដល់ពេលនេះលោក ម៉េង សុខុម ដែលជាអនុស្នាក់ការគណៈបក្សស្រុកគីរីវង់ចាប់ផ្តើមសាងសង់ និងបុកគ្រិះចាក់ថ្មធ្វើជាសំណង់រឹងនៅចំណុចពីមុខលូស្ពានឆ្លងកាត់ផ្លូវជាតិលេខ២នេះតែម្តង ធ្វើឲ្យបងប្អូនប្រជាពលរដ្ឋផ្ទុះការតវ៉ាសារជាថ្មីម្តងទៀត ។
ដោយសារតែពួកគាត់មានកង្វល់កើតទុកមិនសុខចិត្តលើការសាងសង់សំណង់រឹងបិទមាត់លូបង្ហូរទឹកនេះ ដែលអាចបង្កអោយមានការជនលិចសារថ្មីទៀតនៅពេលមានភ្លៀងធ្លាក់ម្តងៗ ដូច្នេះរូបលោកតំណាងអោយបងប្អូនប្រជាពលរដ្ឋមួយភូមិក្នុងភូមិកំពង់ សូមលើកដៃសំពះសុំអោយសម្តេចនាយករដ្ឋមន្ត្រីជួយអន្តរាគមន៏ជួយដល់ពលរដ្ឋទាំង១១៧គ្រួសារនេះផង ។
ជុំវិញករណីនេះដែរលោក ស៊ុត ខុន អភិបាលស្រុកគីរីវង់នៅព្រឹកថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៩ នេះដែរ កោះសន្តិភាព យើងបានទូរស័ព្ទដើម្បីសុំការបំភ្លឺពីលោកដែរតែមិនអាចទាក់ទងបានទេដោយទូរសព្ទ័បានបិត ៕
ចែករំលែកព័តមាននេះ