ខេត្តស្វាយរៀង ៖ សេចក្តីរាយការណ៍បានឲ្យដឹងថា កាលពីវេលាម៉ោង១០និង១៥នាទីព្រឹក ថ្ងៃទី១៤ ខែកុម្ភៈ កម្លាំងសមត្ថកិច្ចចម្រុះដែលដឹកនាំដោយលោកវរសេនីយ៍ឯកឃន តារា សម្បត្តិ ស្នងការរងទទួលផែនអន្តោប្រវេសន៍ និងលោក លឹម សៀងហេង អភិបាលរងនៃគណៈអភិបាលក្រុងបាវិត ។
ដែលបានចុះត្រួតពិនិត្យផ្ទះជួលមួយកន្លែងរបស់ឈ្មោះ ញិញ ថាន ស្ថិតនៅក្នុងភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ដោយបានពិនិត្យបន្ទប់លេខ៦ រកឃើញថ្នាំញៀនប្រភេទមេតំហ្វេតាមីន ចំនួន០២កញ្ចប់ធំ និងប្រភេទគ្រាប់ (អិចស្តាស៊ី) ចំនួន៣២គ្រាប់ និងសម្ភារៈវេចខ្ចប់ និងសម្រាប់ជក់គ្រឿងញៀនមួយចំនួនទៀត ។
ក្នុងនោះសមត្តកិច្ចបានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ ស្រីម្នាក់ បន្ទាប់មកសមត្ថកិច្ចបានបន្តទៅត្រួតពិនិត្យបន្ចប់លេខC១០ មួយកន្លែងទៀត និងឆែកឆេររកឃើញថ្នាំញៀនប្រភេទមេតំហ្វេតាមីនអាយ ចំនួន១កញ្ចប់ធំ និងថ្នាំញៀនប្រភេទគ្រាប់ (អ៊ិចស្តាស៊ី) ចំនួន៨គ្រាប់ ព្រមទាំងឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ទៀត ។
ក្រោយពីឃាត់ខ្លួនជនសង្ស័យទាំង៤នាក់ រួមទាំងវត្ថុតាងនោះហើយសមត្ថកិច្ចចម្រុះបាននាំយកជនសង្ស័យទៅកាន់ស្នាក់ការប៉ុស្តិ៍នគរបាលរដ្ឋបាលបាវិត ដើម្បីធ្វើការសាកសួរ និងធ្វើតេស្តទឹកនោម ។ ដែលជនសង្ស័យទាំង៤នាក់មាន១- ឈ្មោះ បួយ ធីលួ ភេទស្រី អាយុ៣៤ឆ្នាំ ជនជាតិវៀតណាម មុខរបរមិនពិតប្រាកដ មានទីលំនៅសង្កាត់ថាន់ជី ទីក្រុងហាណូយ លទ្ធផលតេស្តវិជ្ជមាន(+) ។ ២- ឈ្មោះ ត្រឹង ធីម៉ាយ ភេទស្រី អាយុ២៣ឆ្នាំជន ជាតិវៀតណាម ជាបុគ្គលិកបាឌីស្កូ មានទីលំនៅផ្លូវហ្វាងខាន់តង សង្កាត់កូវយីទីក្រុង ហាណូយ លទ្ធផលតេស្តអវិជ្ជមាន(-) ។ ៣- ឈ្មោះ ង្វៀង ធីឡើយ ភេទស្រី អាយុ២៤ឆ្នាំ ជនជាតិវៀតណាម មុខរបរមិនពិតប្រាកដ មានទីលំនៅឃុំស៊ឺងហា ស្រុកប៉ូវថាំង ខេត្តឡញកាយ (លទ្ធផលតេស្តវិជ្ជមាន(+) ។ ៤-ឈ្មោះ ហាយ វៀកថុង ភេទប្រុស អាយុ៦៦ឆ្នាំ ជនជាតិវៀតណាមមុខរបរមិនពិតប្រាកដ មានទីលំនៅឃុំថាំងឡើយ ស្រុកធឿងទៀង ក្រុងហាណូយ ប្រទេសវៀតណាម លទ្ធផលតេស្តវិជ្ជមាន(+) ។
ដកហូតវត្ថុតាងរួមមានថ្នាំញៀនប្រភេទគ្រាប់ចំនួន៤០គ្រាប់ និងម្សៅក្រាម ពណ៌សថ្លា ចំនួន០៣កញ្ចប់ធំ ទូរស័ព្ទដៃចំនួន៥គ្រឿង និងសម្ភារៈសម្រប់វេចខ្ចប់មួយចំនួនទៀត ។ ក្រោយពីឃាត់ខ្លួនជនសង្ស័យទាំង៤នាក់ ត្រូវបានសមត្ថកិច្ចការិយាលយ័ប្រឆាំងគ្រឿងញៀនកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងខេត្តដើម្បីចាត់ការតាមនីតិវិធី៕
ចែករំលែកព័តមាននេះ