ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកជំនាញ​ជប៉ុន​បង្ហាញ​បទ​ពិសោធន៍​ស្តី​ពី​ការ​បង្ការ និង​ទប់ស្កាត់​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​ដល់​កម្ពុជា

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ដោយ​មើលឃើញ​ពី​ស្ថានការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នៅ​កម្ពុជា​កើត​ឡើងជា​រៀងរាល់ថ្ងៃ អ្នក​ជំនាញការ​ផ្នែក​បង្ការ​ទប់ស្កាត់​សុវត្ថិភាព​ចរាចរណ៍​ជប៉ុន​បាន​ផ្តល់​ប្រឹក្សា និង​បទ​ពិសោធន​ទប់ស្កាត់​គ្រោះថ្នាក់​ចរាចរណ៍​នៅ​កម្ពុជា ។ លោក SOGANO Yuichi ប្រធាន​តំណាង​ទីភ្នាក់ងារ​សហប្រតិបត្ដិការ​អន្ដរជាតិ​នៃ​ប្រទេស​ជប៉ុន​ប្រចាំ​នៅ​កម្ពុជា…

រាជធានី​ភ្នំពេញ ៖ ដោយ​មើលឃើញ​ពី​ស្ថានការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នៅ​កម្ពុជា​កើត​ឡើងជា​រៀងរាល់ថ្ងៃ អ្នក​ជំនាញការ​ផ្នែក​បង្ការ​ទប់ស្កាត់​សុវត្ថិភាព​ចរាចរណ៍​ជប៉ុន​បាន​ផ្តល់​ប្រឹក្សា និង​បទ​ពិសោធន​ទប់ស្កាត់​គ្រោះថ្នាក់​ចរាចរណ៍​នៅ​កម្ពុជា ។

លោក SOGANO Yuichi ប្រធាន​តំណាង​ទីភ្នាក់ងារ​សហប្រតិបត្ដិការ​អន្ដរជាតិ​នៃ​ប្រទេស​ជប៉ុន​ប្រចាំ​នៅ​កម្ពុជា (JICA) បានឱ្យ​ដឹង​ក្នុង​សិក្ខាសាលា​ស្តី​ពី​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​នា​ព្រឹក​ថ្ងៃ​ទី​១៤ ខែកុម្ភៈ នេះ នា​ទីស្តីការក្រសួង​ថា អង្គការ​ចៃ​កា​បាន​គាំទ្រ​ចំពោះ​សុវត្ថិភាព​ចរាចរណ៍​នៅ​កម្ពុជា តាម​រយៈ​ការ​ជួយ​លើ​កម្មវិធី​ផ្សេង​ៗ​ការ​ជួយ​កែសម្រួល​នូវ​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវថ្នល់ និង​បង្ការ​ទប់ស្កាត់​នូវ​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ទូ​ទាំង​ប្រទេស​កម្ពុជា ។

លោក​បន្ត​ថា ការ​បណ្ដុះបណ្ដាល​អំពី​សុវត្ថិភាព​ចរាចរណ៍​នេះ គឺ​អង្គការ​ចៃ​កា​បាន​នាំ​យក​មក​នូវ​អ្នកជំនាញ​ផ្នែក​អប់រំ វិស្វកម្ម និង​អ្នកជំនាញ​ផ្នែក​បង្ការ​ទប់ស្កាត់​សុវត្ថិភាព​ចរាចរណ៍ ដើម្បី​ចែករំលែក​នូវ​ចំណេះដឹង​ក៏​ដូច​ជា ជំនាញ​ក្នុង​ការ​ផ្ដល់​ជូន​ដល់​មន្ដ្រី​កម្ពុជា​ដែល​ធ្វើ​ការងារ​ផ្នែក​សុវត្ថិភាព​ចរាចរណ៍​នេះ​ឱ្យ​កាន់តែ​ប្រសើរ​ឡើង​ថែម​ទៀត ។ ចំណែក​លោក ស្រី មឹន​មាណវី រដ្ឋលេខាធិការ​ក្រសួង​សាធារណៈការ និង​ដឹក​ជញ្ជូន​បាន​លើក​ឡើង​ថា សិក្ខាសាលា​អំពី​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​ដែល​ឧបត្ថម្ភ និង​ផ្តួចផ្តើម​ដោយ​ភ្នាក់ងារ​កិច្ច​សហប្រតិបត្តិការ​អន្តរជាតិ​ជប៉ុន​ហៅ​កាត់​ថា JICA​បាន​ក្នុង​គោលបំណង​ចែករំលែក​បទ​ពិសោធន៍​ក្នុង​ការ​ទប់ស្កាត់​កាត់​បន្ថយ​គ្រោះថ្នាក់​ថ្នាក់​ចរាចរណ៍ ។

នេះ​ជា​កិច្ច​សហប្រតិបត្តិការ​មួយ​ថ្មី​បន្ថែម​ទៀត​ពីលើ​ការ​ជួយ​ឧបត្ថម្ភ​គាំទ្រ​របស់​រដ្ឋាភិបាល និង​ប្រជាពលរដ្ឋ​ជប៉ុន​លើ​វិស័យ​សាធារណការ និង​ដឹក​ជញ្ជូន ។ លោកស្រី​ថា រាជរដ្ឋាភិបាល​ជប៉ុន​បាន​ជួយ​ជា​ប្រចាំ​ដល់​កម្ពុជា​លើ​គ្រប់​វិស័យ ដោយឡែក​ជួយ​ដល់​ការ​អភិវឌ្ឍ​ផ្លូវ​ស្ពាន​កំពង់​ផែ និង​ធនធានមនុស្ស​របស់​ក្រសួង​សាធារណៈការ និង​ដឹក​ជញ្ជូន ។ លោកស្រី​បាន​បញ្ជាក់​ថា «​ទាំងនេះ គឺជា​ការ​ចូលរួម​ចំណែក​ជាមួយ​រាជរដ្ឋាភិបាល​ក្នុង​ការ​កាត់​បន្ថយ​ទុក្ខ​លំបាក និង​ភាព​ក្រីក្រ​របស់​ប្រជាពលរដ្ឋ​យ៉ាង​ពិតប្រាកដ ។

ខ្ញុំ​សូម​ថ្លែងអំណរគុណ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​អ្នកជំនាញ​ផ្នែក​សុវត្ថិភាព​ចរាចរណ៍​ជប៉ុន​ដែល​បាន​ចំណាយ​ពេលវេលា​ធ្វើ​ដំណើរ​វែង​ឆ្ងាយ ដើម្បី​នាំ​មក​នូវ​បទ​ពិសោធន និង​បច្ចេកទេស​វិធានការ​ដែល​ពិតជា​នឹង​អាច​ជួយ​ឲ្យ​អ្នកជំនាញ និង​អ្នក​ពាក់ព័ន្ធ​លើ​ការងារ​សុវត្ថិ ភាព​ចរាចរណ៍​កម្ពុជា​អាច​ទទួល​បាន​បន្ថែម​នូវ​ធាតុ​ល្អ​សម្រាប់​ការ​បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​បាន​ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់​» ។

លោកស្រី​បន្ថែម​ថា បច្ចុប្បន្ន​គ្រោះថ្នាក់​ចរាចរណ៍​នៅ​តែ​ជា​កង្វល់​របស់​រាជរដ្ឋាភិបាល​កម្ពុជា ដោយសារ​តែ​បញ្ហា​នេះ​នៅ​តែ​កើត​មាន​ជា​រៀងរាល់ថ្ងៃ បណ្តាល​ឲ្យ​ស្លាប់ របួស ពិការ និង​ខូ​ត​ខាត​ទ្រព្យសម្បត្តិ​រដ្ឋ និង​ឯកជន ខណៈ​ដែល​ផ្លូវ​ស្ពាន​គ្រប់​ទីកន្លែង​ត្រូវ​បាន​សាងសង់​ខ្វាត់ខ្វែង​សម្រួល​ដល់​ចរាចរណ៍​ដឹក​ជញ្ជូន​បម្រើ​ន​ឲ្យ​គ្រប់​វិស័យ​នៃ​តម្រូវការ​របស់​ប្រជាពលរដ្ឋ និង​របស់​ប្រទេស​ទាំងមូល ។ លោកស្រី​បាន​បញ្ជាក់​ថា « ថ្ងៃនេះ​ខ្ញុំ​ពិតជា​រំពឹង និង​ជឿ​ទុកចិត្ត​ថា​យើ ង​នឹង​ទទួល​បាន​នូវ​បទ​ពិសោធន​នូវ​ធាតុ​ចូល​ថ្មី ពី​អ្នកជំនាញ​ផ្នែក​សុវត្ថិភាព​ចរាចរណ៍​ជប៉ុន ដើម្បី​កាត់​បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​ឲ្យ​កាន់តែ​មាន​ប្រសិទ្ធិ​ភាព​ខ្ពស់ ។

ដូចនេះ​ហើយ​ខ្ញុំ​លើកទឹកចិត្ត និង​សូមពរ​ឲ្យ​សមាជិក​ទាំងអស់​យកចិត្តទុកដាក់ និង​ខិតខំ​ស្វែង​យល់ នូវ​អ្វី​ដែល​មិន​ច្បាស់​នៅ​ក្នុង​បទ​បង្ហាញ និង​លើក​អំពី​អ្វី​ដែល​ជា​បញ្ហា​ប្រឈម ដើម្បី​រួម​គ្នា​ជួយ​កាត់​បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​ឲ្យ​មាន​ប្រសិទ្ធភាព​» ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ