រាជធានីភ្នំពេញ ៖ ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ទ្វេភាគីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបានស្នើដល់ភាគីឥណ្ឌូនេស៊ីបើកឲ្យមានការហោះហើរដោយត្រង់មកកម្ពុជាតែម្តង ។ ការស្នើនេះធ្វើឡើងក្នុងជំនួបពិភាក្សារវាងសម្តេចតេជោ ហ៊ុន សែន និងលោកស្រី Paun Maharani រដ្ឋមន្ត្រីសម្របសម្រួលការអភិវឌ្ឍមនុស្សជាតិ និងកិច្ចការវប្បធម៌នៃប្រទេសឥណ្ឌូ នេស៊ី នាព្រឹកថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៩ នៅវិមានសន្តិភាព ។
ក្នុងជំនួបលោកស្រី Paun Maharani បានមានប្រសាសន៍ជម្រាបជូនសម្តេចតេជោនាយករដ្ឋមន្ត្រីអំពីគោលបំណងនៃការអញ្ជើញមកកាន់កម្ពុជានៅពេលនេះ គឺដើម្បីចូលរួមក្នុងពិធីប្រារព្ធខួប៦០ឆ្នាំនៃទំនាក់ទំនងការទូតកម្ពុជា-ឥណ្ឌូនេស៊ី ដែលទំនាក់ទំនងនេះបានបន្សល់ទុកដោយ ស្នាព្រះហស្ថនៃព្រះបរមរតនកោដ្ឋ សម្តេចព្រះនរោត្តមសីហនុ និងអតីតប្រធានាធិបតីឥណ្ឌូនេស៊ីស៊ូកាណូ ។
លោកស្រីបានថ្លែងអំណរគុណយ៉ាងជ្រាវជ្រៅ និងពេញចិត្តបំផុតចំពោះវត្តមានចូលរួមយ៉ាងច្រើនអធិកអធម ពីបណ្តាថ្នាក់ដឹកនាំកម្ពុជា នៅក្នុងពិធីប្រារព្ធខួបទំនាក់ទំនងការទូតនេះ ។ លោកស្រីក៏បានជម្រាបជូនសម្ដេចតេជោ ផងដែរថា ការជ្រើសរើសយកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ ២០១៩ នេះជាថ្ងៃប្រារព្ធខួប គឺកាលពី៦០ឆ្នាំមុនដែលត្រូវនឹងថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ១៩៥៩ ដែលប្រទេសឥណ្ឌូនេស៊ី និងកម្ពុជាបានចុះហត្ថលេខាជាផ្លូវការលើកិច្ចសហប្រតិបត្តិការរវាង ប្រទេសយើងទាំងពីរ ។
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបានថ្លែងអំណរគុណដល់លោកស្រីដែលបានអញ្ជើញមកកម្ពុជាចូលរួមក្នុងកម្មវិធីនេះ ហើយព្រមទាំងបាននាំមកនូវសិល្បករ សិល្បការិនីចូលរួមសម្តែងយ៉ាងអធិកអធមទៀតផង។វត្តមានរបស់លោកស្រី គឺបានរឹតបន្តឹងនូវចំណងមិត្តភាពការទូតរវាងប្រទេសទាំងពីរអោយកាន់តែរឹងមាំ និងល្អប្រសើរ ។
ទន្ទឹមនឹងនោះដែរសម្ដេចតេជោនាយករដ្ឋមន្ត្រីបានមានប្រសាសន៍រំលឹកអំពីស្នាដៃនៃថ្នាក់ដឹកនាំជំនាន់មុនដែលបានខិតខំកសាងបន្សល់ទុកនូវទំនាក់ទំនងដ៏ល្អដល់ប្រទេសយើងទាំង២ ហើយបានបន្តមកដល់អ្នកដឹកនាំជំនាន់ក្រោយៗដែលមានរយៈពេលជាង៦០ឆ្នាំមកនេះហើយដែលកំពុងរីកដុះដាល និងរឹងមាំមកទល់សព្វថ្ងៃ ។ ជាមួយគ្នានោះដែរសម្តេចតេជោ ក៏បានរំលឹកផងដែរ អំពីការចូលរួមយ៉ាងសំខាន់របស់ប្រទេសឥណ្ឌូនេស៊ីកន្លងមក ទាំងនៅក្នុងកម្រិតតំបន់ និងពិភពលោក ។
ដោយឡែកនៅកម្ពុជា គឺឥណ្ឌូណេស៊ីបានចូលរួមចំណែកស្វែងរកសន្តិភាព ព្រមទាំងបានធ្វើ ជាសហប្រធាននៃកិច្ចចរចារសន្តិភាពទីក្រុងប៉ារីសផងដែរ ។ សម្ដេចតេជោ ហ៊ុន សែន ក៏បានស្នើសុំភាគីឥណ្ឌូនេស៊ីបន្តពង្រឹង និងពង្រីកនូវទំនាក់ទំនងសហប្រតិបត្តិការនេះ ឲ្យកាន់តែរឹងមាំនិងស៊ីជម្រៅ ហើយចូលរួមជំរុញនិងពង្រីកទំហំពាណិជ្ជកម្មវិនិយោគទេសចរណ៍ និងវប្បធម៌ ព្រមទាំងលើកទឹកចិត្ត និងជំរុញនូវទំនាក់ទំនងកាន់ឲ្យកាន់តែជិតស្និទ្ធល្អប្រសើរវាងប្រជាជាតិនៃប្រទេសទាំងពីរ តាមរយៈការផ្លាស់ ប្តូរទស្សនកិច្ច និងកម្មវិធីវប្បធម៌ជាដើម ។
ទន្ទឹមនឹងនោះដែរសម្តេចតេជោនាយករដ្ឋមន្ត្រីក៏បានស្នើដល់ភាគីឥណ្ឌូនេស៊ីបើកអោយមានការហោះហើរដោយត្រង់ពីឥណ្ឌូនេស៊ីមកកាន់កម្ពុជា និងពីកម្ពុជាទៅឥណ្ឌូនេស៊ី ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ពាណិជ្ជករ និងវិនិយោគគិនសម្រាប់ប្រទេសទាំងពីរ ៕
ចែករំលែកព័តមាននេះ