​មួយគ្រឿង​បើក​ឡើង​ផ្លូវជាតិ ​មួយគ្រឿង​ទៀត​មកពន្លះ​​ចំពាក់​កណ្តាល​ពេញទំហឹង ស្លាប់​ម្នាក់


ខេត្ត​ប៉ៃលិន ៖ គោ​យន្ត​កន្ត្រៃ​មួយ​គ្រឿង​បើកបរ​ឡើង​លើ​ផ្លូវជាតិ​មិន​ប្រយ័ត្ន លុះ​ម៉ូតូ​មួយ​គ្រឿង​ទៀត​បើកបរ​ក្នុង​ល្បឿន​លឿន​ចាប់​ហ្វ្រាំង​មិន​ទាន់ ក៏​ជ្រុល​ទៅ​បុក​ចំពាក់​កណ្តាល​គោ​យន្ត​ពេញទំហឹង បណ្តាល​ឱ្យ​រង​របួសធ្ងន់ ហើយ​ត្រូវ​បាន​គេ​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត តែ​ដោយសារ​ស្ថានភាព​របួស​ធ្ងន់ធ្ងរ​ពេក ក៏​បាន​ស្លាប់​ពេល​បញ្ជូន​ដល់​មន្ទីរពេទ្យ ។

ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៧​និង​៥​នាទី​យប់​ថ្ងៃ​ទី​១២ ខែកុម្ភៈ ឆ្នាំ​២០១៩ ស្ថិត​នៅ​លើ​បណ្តោយ​ផ្លូវជាតិ​លេខ​៥៩ ក្នុងភូមិ​ភ្នំ​ស្ពុង ឃុំ​សាលា​ក្រៅ ស្រុក​សាលា​ក្រៅ ។

ប្រភព​ព័ត៌មាន​ពី​លោក រី ដា​តា អធិការ​នគរបាល​ស្រុក​សាលា​ក្រៅ បានឱ្យ​ដឹង​ថា ជន​រង​គ្រោះ​ដែល​ស្លាប់​ឈ្មោះ នែ​ម សុ​គី ភេទ​ប្រុស អាយុ​២៤​ឆ្នាំ រស់នៅ​ក្នុងភូមិ​ឃុំ​កើតហេតុ​ខាងលើ ជា​អ្នកបើកបរ​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម ធុន​សេ​១២៥ ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ​២០១០ ពាក់​ស្លាក​លេខ ប៉ៃលិន ១A- ៥៧៥២ ។ ចំណែក​អ្នកបើកបរ​គោ​យន្ត​កន្ត្រៃ​ឈ្មោះ ភា​ជ ព្រិល ភេទ​ប្រុស អាយុ​៣៩​ឆ្នាំ រស់នៅ​ភូមិ​កូនភ្នំ ឃុំ​អូរ​អណ្ដូង ស្រុក​សាលា​ក្រៅ ។

លោក​បន្ត​ទៀត​ថា មុន​ពេល​កើតហេតុ គេ​បានឃើញ​គោ​យន្ត​កន្ត្រៃ​មួយ​គ្រឿង​បើកបរ​ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត លុះ​មក​ដល់​កន្លែង​កើតហេតុ ក៏​បើក​ឡើង​ផ្លូវជាតិ​ហើយ​បត់​ទៅ​ទិស​ខាងត្បូង ស្រប​ពេល​នោះ មាន​ម៉ូតូ​១​គ្រឿង បើកបរ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥៩ ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង ក្នុង​ល្បឿន​លឿន ដោយ​មើល​គោ​យន្ត​កន្ត្រៃ​មិនសូវ​ច្បាស់ ហើយ​ជាន់​ហ្វ្រាំង​មិន​ទាន់ ក៏​ជ្រុល​ទៅ​បុក​ចំពាក់​កណ្តាល​គោ​យន្ត​កន្ត្រៃ​ពេញទំហឹង បណ្តាល​ឱ្យ​អ្នកបើកបរ​ម៉ូតូ​រង​របួស ធ្ងន់​តែ​ម្តង ។

ក្រោយ​ពេល​កើតហេតុ ត្រូវ​បាន​គេ​បញ្ជូន​ជន​រង​គ្រោះ​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ដែរ តែ​ដោយសារ​ស្ថានភាព​របួសធ្ងន់​ពេក​ជន​រង​គ្រោះ​ក៏​បាន​ស្លាប់​ពេល​បញ្ជូន​ដល់​មន្ទីរពេទ្យ ។

បច្ចុប្បន្ន គោ​យន្ត​កន្ត្រៃ និង​ម៉ូតូ​ត្រូវ​បាន​សមត្ថកិច្ច​យក​ទៅ​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​សាលា​ក្រៅ ដើម្បី​រង់ចាំ​ធ្វើការ​ដោះស្រាយ ។ ចំណែក​សព​ជន​រង​គ្រោះ ត្រូវ​បាន​សាច់ញាតិ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕

Facebook Google Twitter Email

ចរាចរណ៍

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ