រាជធានីភ្នំពេញ៖ តារាចម្រៀងកញ្ញាសុខ ពិសី បានប្រកាសយក«ទិវាបុណ្យនៃក្តីស្រឡាញ់១៤ កុម្ភៈ» អញ្ជើញលោកតា លោកយាយក្រីក្រ រៀបចំពិសាបាយថ្ងៃត្រង់មួយពេល ដើម្បីបង្ហាញក្តីស្រឡាញ់ដល់ពួកគាត់ ។
ការប្រកាសរបស់កញ្ញាសុខ ពិសី បន្ទាប់ពីស្ថាប័នចំនួនពីរគឺក្រសួងអប់រំ និងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានចេញសេចក្តីណែនាំ និងអំពាវនាវឲ្យយុវជនខ្មែរទាំងអស់កុំប្រើប្រាស់ទិវាមួយនេះធ្វើរឿងអស់សីលធម៌ ហើយប្រើប្រាស់ទិវានៃក្តីស្រឡាញ់នេះឲ្យបានទូលំទូលាយ និងសមស្រប ។ ទំនងជាចង់ប្រារព្ធពិធីនេះឲ្យមានអត្ថន័យ និងត្រឹមត្រូវក្នុងនាមជាតារាចម្រៀងដែលកំពុងមានឈ្មោះបោះសំឡេងផងនោះ សុខ ពិសី បានប្រកាសរៀបចំពិធីទទួលទានអាហារថ្ងៃត្រង់មួយពេលជូនដល់ចាស់ជរានៅក្នុងថ្ងៃ១៤កុម្ភៈ ។ ទឹកចិត្តនេះបានទទួលការសាទរ និងគាំទ្រពីប្រិយមិត្ត និងមិត្តភក្តិរបស់នាង ក្នុងពេលដែលសកម្មភាពស្រដៀងគ្នានេះក៏ធ្លាប់ត្រូវបានតារាមួយចំនួនទៀតធ្វើនាពេលកន្លងមកដែរ ។
បើយោងតាមការប្រកាសតាមហ្វេសប៊ុកផេករបស់សុខ ពិសី ឲ្យដឹងថា ថ្ងៃទី១៤ កុម្ភៈ ទិវានៃក្តីស្រលាញ់ខាងមុខនេះនាងខ្ញុំសុខ ពិសី ចង់អញ្ជើញលោកតា លោកយាយមកពិសាបាយថ្ងៃមួយពេល និងជូនរបស់បន្តិចបន្តួចដល់ពួកគាត់ ដូច្នេះបើបងប្អូនណាបានស្គាល់លោកតា លោកយាយដែលខ្វះខាតសូមជួយទំនាក់ទំនងមកនាងខ្ញុំផងមុនថ្ងៃ១៤ កុម្ភៈ កាន់តែល្អងាយស្រួលនាងខ្ញុំកំណត់ចំនួន ។
សម្រាប់ពិធីជួបជុំញ៉ាំអាហារនេះ នាងខ្ញុំក៏បានរៀបចំឡានចាំទទួលលោកតា លោកយាយផងដែរ ។ រួមគ្នាសាងអំពើរល្អ»។
ថ្ងៃបុណ្យនៃក្ដីស្រឡាញ់ ប្រព្រឹត្តឡើងនៅថ្ងៃទី១៤កុម្ភ: រៀងរាល់ឆ្នាំ ហើយបុណ្យនេះគឺជាថ្ងៃដែលបញ្ជាក់អំពីសេចក្ដីស្រឡាញ់ជាទូទៅ ដោយមិនចាំបាច់សម្រាប់តែគូស្នេហ៍ទេ។ សេចក្ដីស្រឡាញ់មានលក្ខណៈទូលំទូលាយ ប៉ុន្ដែ ថ្ងៃបុណ្យនៃសេចក្ដីស្រឡាញ់ ត្រូវបានយល់ច្រឡំដោយគិតថាថ្ងៃបុណ្យនេះសម្រាប់តែគូស្នេហ៍ ជាពិសេសក្នុងចំណោមយុវវ័យ ក្មេងៗទើបបានជាពួកគេហៅថ្ងៃបុណ្យនេះថា ថ្ងៃបុណ្យសង្សារ ។
នៅថ្ងៃបុណ្យក្តីស្រលាញ់គេនិយមជូនផ្កាកុលាប សូកូឡា ឬប័ណ្ណជូនពរឲ្យគ្នាទៅវិញទៅមក ។
និមិត្តសញ្ញានៃថ្ងៃបុណ្យនៃសេចក្ដីស្រឡាញ់ គឺរូបបេះដូង ផ្កាកុលាប និងរូបកូនទេវតាស្នេហា ដែលមានកាន់ព្រួញ និងបេះដូង ៕
ចែករំលែកព័តមាននេះ