ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តាម​ប្រមាញ់​មុខសញ្ញា​​២​នាក់​ក្នុងភូមិ​មាន់ចែ​ជា​យូរ​មក​ហើយ

5 ឆ្នាំ មុន
  • ពោធិ៍សាត់

ខេត្តពោធិ៍សាត់ ៖ សមត្ថកិច្ច​នគរបាល​ក្រុង​ពោធិ៍សាត់ បាន​ធ្វើការ​ឃាត់ខ្លួន​មុខសញ្ញា​ចំនួន​២​នាក់​ដែល​ប្រើប្រាស់ និង​ចែកចាយ​ថ្នាំ​ញៀន រួម​នឹង​វត្ថុ​តាង​ថ្នាំ​ញៀន​ចំនួន​៧​កញ្ចប់ កាលពី​ថ្ងៃ​ទី​១១ ខែកុម្ភៈ ឆ្នាំ​២០១៩ នៅ​ចំណុច​ផ្ទះ​របស់​ជនសង្ស័យ​ឈ្មោះ…

ខេត្តពោធិ៍សាត់ ៖ សមត្ថកិច្ច​នគរបាល​ក្រុង​ពោធិ៍សាត់ បាន​ធ្វើការ​ឃាត់ខ្លួន​មុខសញ្ញា​ចំនួន​២​នាក់​ដែល​ប្រើប្រាស់ និង​ចែកចាយ​ថ្នាំ​ញៀន រួម​នឹង​វត្ថុ​តាង​ថ្នាំ​ញៀន​ចំនួន​៧​កញ្ចប់ កាលពី​ថ្ងៃ​ទី​១១ ខែកុម្ភៈ ឆ្នាំ​២០១៩ នៅ​ចំណុច​ផ្ទះ​របស់​ជនសង្ស័យ​ឈ្មោះ ញេ​ប នៅ ស្ថិត​ក្នុងភូមិ​មាន់ចែ សង្កាត់​ព្រៃ​ញី ក្រុង​ពោធិ៍សាត់ ខេត្តពោធិ៍សាត់ ។

លោក​វរៈសេនីយ៍ឯក យឹ​ម ស៊ា​ង​ហៃ អធិការ​នគរបាល​ក្រុង​ពោធិ៍សាត់​ដែល​ដឹកនាំ​កម្លាំង​ចុះ​ទៅ​បង្ក្រាប​ផ្ទាល់​បាន​ប្រាប់​ឲ្យ​ដឹង​ថា ជនសង្ស័យ​ទាំង​២​នាក់​ខាងលើ​ដែល​ត្រូវ​ចាប់​ឃាត់ខ្លួន ម្នាក់​ឈ្មោះ​ញេ​ប នៅ ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ និង​ម្នាក់​ទៀត​ឈ្មោះ ចាន់ ធី ភេទ​ប្រុស អាយុ​៣៩​ឆ្នាំ បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​២​នាក់​រស់នៅក្នុង​​ភូមិ​មាន់ចែ សង្កាត់​ព្រៃ​ញី ក្រុង​ពោធិ៍សាត់ ខេត្តពោធិ៍សាត់​។

ក្នុង​ប្រតិបត្តិការ​បង្ក្រាប​ខាងលើ កម្លាំង​សមត្ថកិច្ច​បាន​ឆែកឆេរ​រក​ឃើញ​វត្ថុ​តាង​រួម​មាន ម្សៅ​ក្រាម​ពណ៌​ស​ថ្លា​ដែល​សង្ស័យ​ថា​ជា​សារធាតុ​ញៀន​ចំនួន​៧​កញ្ចប់ (​ក្នុង​នោះ​ធំ​៤​កញ្ចប់​) កាំបិត និង​ដាវ​ចំនួន​៥​ដើម កាំភ្លើង​កែ​ច្នៃ​មួយ​ដើម ស្លាក​លេខ​ម៉ូតូ​ចំនួន​២​សន្លឹក ម៉ូតូ​មួយ​គ្រឿង និង​ឧបករណ៍​សម្រាប់​ជក់​មួយ​ចំនួន​ទៀត​។

លោក​អធិការ​ឲ្យ​ដឹង​បន្ត​ថា ជនសង្ស័យ​ទាំង​២​នាក់​គឺជា​មុខសញ្ញា​ប្រើប្រាស់ និង​ចែកចាយ​គ្រឿងញៀន​ដែល​ស្ថិត​ក្នុង​ការ​តាម​ប្រ​ម៉ា​ញ់​របស់​សមត្ថកិច្ច​ជា​យូរ​មក​ហើយ ហើយ​ការ​ឃាត់ខ្លួន​នេះ​គឺ​តាម​បទបញ្ជា​របស់​លោក​ឧត្តមសេនីយ៍ទោ សា​រុន ចាន់​ធី ស្នងការ​នគរបាល​ខេត្ត និង​លោក តន់ សីហ​តេជះ ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត​។

បច្ចុប្បន្ន មុខសញ្ញា​ទាំង​២​នាក់​ខាងលើ រួម​ទាំង​វត្ថុ​តាង ត្រូវ​បាន​សមត្ថកិច្ច​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ