ខេត្តកណ្តាល ៖ ឪពុកយកដែកជ្រុងវាយកូនប្រុស បណ្តាលឱ្យស្លាប់ ខណៈជនរងគ្រោះជាកូនប្រុសតែងតែរករឿងជេរប្រមាថគាត់ និងគ្រួសារទាំងមូលតែម្តង ។ ហេតុការណ៍នេះបង្កឱ្យមានការភ្ញាក់ផ្អើលកើតឡើងកាលពីវេលាម៉ោង៦និង៣០នាទីព្រឹកថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៩ នៅភូមិម្កាក់ ឃុំដើមឬស ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល ។
ជនរងគ្រោះត្រូវជាកូនដែលស្លាប់ឈ្មោះ ផង់ បាន ភេទប្រុស អាយុ៣៩ឆ្នាំ មុខរបរកម្មករសំណង់ រស់នៅភូមិឃុំកើតហេតុ ។ ជនរងគ្រោះមានប្រពន្ធ និងកូនស្រី២នាក់ ហើយជនរងគ្រោះបានលែងលះប្រពន្ធជាង២ឆ្នាំមកហើយ ។ ចំណែកជនសង្ស័យត្រូវជាឪពុកឈ្មោះ ផង់ ជាង អាយុ៦៨ឆ្នាំ មុខរបរកសិករ មានទីលំនៅស្នាក់នៅភូមិឃុំកើតហតុខាងលើ ។
នគរបាលខេត្តកណ្តាលបានអោយដឹងថា មុនពេលកើតហេតុ កាលពីវេលាម៉ោង៦យប់នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៩ ជនសង្ស័យរួមជាមួយចៅស្រីអាយុ៤ឆ្នាំម្នាក់បានទៅចូលរួមមង្កលការគេនៅក្នុងភូមិ ដោយផឹកស្រាបៀរអស់២កំប៉ុង រហូតដល់ម៉ោង៨និង១០នាទីយប់ថ្ងៃដដែល ទើបជនសង្ស័យត្រឡប់មកផ្ទះវិញដោះតែខោ មិនបានដោះអាវនោះទេ គឺពាក់អាវដៃវែងពណ៌ផ្ទៃមេឃ ស្លៀកខោជើងខ្លី រួចក៏ ចូលដេកក្នុងបន្ទប់ក្រោមផ្ទះ ។
ប្រភពដដែលបានបន្តថា ពេលជនសង្ស័យកំពុងដេក លុះនៅវេលាម៉ោងប្រហែល២រំលងអាធ្រាត្រ ឈានចូលថ្ងៃទី១១ កុម្ភៈ ស្រាប់តែជនរងគ្រោះជាកូនបានត្រឡប់មកពីហូបការគេក្នុងភូមិ ហើយស្រែកឡូឡាជេរជនសង្ស័យជាឪពុកថា «អាចុយម្រ៉ាយហ្នឹងក្រងាប់ម្ល៉េះ» ពេលនោះជនសង្ស័យក៏បានតបវិញថា «ឡូឡាអីថ្មើរហ្នឹង ហើយម៉េចមិនចូលដេក» ស្រាប់តែជនរងគ្រោះជាកូនស្ទុះទៅយកដំបងឈើជ្រុង វាយជនសង្ស័យជាឪពុក តែជនសង្ស័យគេចផុត រួចជនរងគ្រោះនៅតែបន្តជេរជនសង្ស័យដដែលៗ។
ប្រភពដដែលបានបន្តទៀតថា ឆ្លៀតពេលជនរងគ្រោះដើរទៅដេកលើអង្រឹងក្រោមផ្ទះ ជនសង្ស័យក៏ចូលក្នុងបន្ទប់ទាញយកដែកជ្រុងចន្ទល់ទ្វារស្ទុះទៅវាយជនរងគ្រោះ បណ្តាលឱ្យប្រកាច់ធ្លាក់ពីលើអង្រឹងស្លាប់តែម្តង រួចបោះដែកជ្រុងចន្ទល់ទ្វារនោះចោលទៅខាងលិចផ្ទះ ហើយជនសង្ស័យចូលទៅដេករហូតទល់ភ្លឺ លុះព្រឹកឡើងក៏បង្កឱ្យមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ចចុះមកពិនិត្យកន្លែងកើតហេតុ និងចាប់ឃាត់ខ្លួនជនសង្ស័យជាឪពុក ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធីតែម្តង ៕
ចែករំលែកព័តមាននេះ